(ក្រចេះ)៖ ក្នុងឱកាសថ្ងៃចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ភ្ញៀវទេសចរដែលបានមកកម្សាន្តតាមរមណីយដ្ឋានទេសចរណ៍នានាក្នុងខេត្តក្រចេះ សរុបប្រមាណ៧២,៤៥២នាក់ រយៈពេល៤ថ្ងៃ គិតចាប់ពីថ្ងៃទី១៣-១៤-១៥-១៦ ខែមេសា ឆ្នាំ២០២៤។

ក្រៅពីមានការរៀបចំនៅតាមរមណីយដ្ឋាននានា សម្រាប់ទទួលភ្ញៀវទេសចរណ៍ទៅកម្សាន្ត នៅក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរឆ្នាំនេះ នៅតាមទីវត្តអារាមក៏ដូចជាសាលារៀន និងតាមតំបន់ទីប្រជុំជនផ្សេងៗ អាជ្ញាធរនៅតាមមូលដ្ឋានក៏មានការរៀបចំសង្ក្រាន្ត ដើម្បីចូលរួមអបអរសាទរឆ្នាំថ្មីនិងមានការលេងល្បែងកម្សាន្ដប្រពៃណីជាច្រើន។

យោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តក្រចេះបានបញ្ជាក់ថា ប្រជាពលរដ្ឋដែលបានចូលរួមលេង កម្សាន្តតាមវត្តអារាមនានា សរុបប្រមាណ២១,៤០០នាក់។ ដោយឡែកភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលបានទៅលេងនៅតាមរមណីយដ្ឋាននានាក្នុងខេត្តក្រចេះមានចំនួន៥១,០៥២នាក់ ក្នុងនោះភ្ញៀវជាតិ៥០,៦៧៥នាក់ និងភ្ញៀវទេសចរអន្តរជាតិ ៣៧៧នាក់។

រមណីយដ្ឋានដែលភ្ញៀវទេសចរទៅលេងកម្សាម្ដច្រើនជាងគេ ក្នុង ចំណោមរមណីយដ្ឋាននានាក្នុងខេត្ត គឺរមណីយដ្ឋានទឹកជួរកាំពី, រមណីយដ្ឋានអន្លង់ផ្សោតកាំពី, សហគមន៍អេកូរទេសចរណ៍ឆ្នេរខ្សាច់កោះទ្រង់, រមណីយដ្ឋានភ្នំសំបុក, រម្មណីយដ្ឋានភ្នំសុពណ៌កាឡី, ឆ្នេរខ្សាច់មុខព្រះវិហារធំសសរ១០០, រមណីយដ្ឋានកោះព្រហ្មចារី, រមណីយដ្ឋានកោះសាមសិប។

ជាមួយគ្នានេះ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរឆ្នាំនេះ អាជ្ញាធរខេត្តក្រចេះបានរៀបចំសង្ក្រាន្តឆ្នាំថ្មីនៅតាមវត្តអារាម សាលារៀន សរុបចំនួន៧០ទីតាំង ដែលមានភ្ញៀវទេសចរជាតិ និងអន្តរជាតិ និងប្រជាពលរដ្ឋនៅតាមមូលដ្ឋានចូលរួមលេងកម្សាន្តយ៉ាងច្រើនកុះករខុសប្លែកពីឆ្នាំមុនៗ៕