(ស្ទឹងត្រែង)៖ រយៈពេល ៤ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ គឺចាប់ពីថ្ងៃ ទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ ខេត្តស្ទឹងត្រែង ទទួលបានភ្ញៀវ ទេសចរជាតិ និងអន្តរជាតិ ជាង៣ម៉ឺននាក់។

ក្នុងសភាពដ៍អធឹកអធមក្រោមសំឡេង អើងកងបង្ហាញភាពសប្បាយរីករាយនៅទីតាំងមហាសង្ក្រាន្ត នៅបរិវេណចំណតរថយន្ត  ជិតមាត់ទន្លេសាសានក្នុងក្រុងស្ទឹងត្រែង  នៅថ្ងៃទី១៦មេសាឆ្នាំ២០២៤ លោក ស្វាយ សំអ៊ាង អភិបាលខេត្ត បានចាត់ទុកថា សង្ក្រាន្តឆ្នាំថ្មី ឆ្នាំ២០២៤ បានផ្តល់ឱកាសសប្បាយរីករាយយ៉ាងក្រៃលែង ដល់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរមកពីបណ្តាខេត្តផ្សេងៗជាច្រើនទៀត បានចូលរួមលេងសប្បាយក្នុងកម្មវិធីបុណ្យចូលឆ្នាំថ្មីនេះ។

លោកអភិបាលខេត្តបានថ្លែងថា នៅឆ្នាំ២០២៥ អាជ្ញាធរនិងរៀបចំទីតាំងឱ្យបានធំទូលាយជាងនេះដើម្បីបង្កើន និងផ្តល់លទ្ធភាពជូនភ្ញៀវទេសចរ និងប្រជាពលរដ្ឋនាំគ្នាមកកម្សាន្តសប្បាយឱ្យបានច្រើនជាងនេះ ព្រោះសកម្មភាពនេះបានបង្ហាញឱ្យឃើញពីកត្តាសាមគ្គីភាពគ្នាល្អ ហើសមត្ថកិច្ចក៏បានចូលរួមរៀបចំសណ្តាប់ធ្នាប់  មានសុវត្ថិភាពល្អប្រសើរដែរ។

លោក អ៊ុន ប៉ោសឿន ប្រធានមន្ទីរទេសចរណ៍ខេត្តបានគាត់សំគាល់ថា នៅឆ្នាំនេះភ្ញៀវទេសចរមានការទទួលខុសត្រូវខ្ពស់ ទាំងភ្ញៀវក្រៅខេត្ត និងក្នុងខេត្ត ព្រោះសង្កេតឃើញចំណុល្អៗច្រើនដែលពួកគាត់បានចូលរួមអនុវត្ត ទាំងនៅតាមទីប្រជុំជន និងនៅតាមរមណីយដ្ឋាននានា ផងដែរ។

លោកប្រធានមន្ទីរ បានបន្តថា  អនុវត្តបានល្អនេះ ដូចជាផ្នែកអនាម័យបរិស្ថាន ការគោរពច្បាប់ចរាចរណ៍ ហើយបងប្អូនអាជីវករលក់ដូរមិនតម្លើងថ្លៃ នេះជាត្រីវិស័យមួយ សម្រាប់មន្ទីរជំនាញយកធ្វើជាបទពិសោធន៍ និងធ្វើការផ្សព្វផ្សាយ ទៅឆ្នាំក្រោយៗទៀត។

លោកស្រី ថន ថាវី អ្នកលក់ដូរនៅជិតបរិវេណកម្សាន្តនេះ បានបញ្ជាក់ថា បច្ចុប្បន្ន ប្រទេសកម្ពុជាមានសុខសន្តិភាពពេញលេញ មានភ្ញៀវមកលេងមកកុះករ លក់ដូរទទួលបានប្រាក់ចំណូលច្រើនធ្វើឱ្យសប្បាយចិត្ត។

លោកស្រីសំណូមពរទៅអាជ្ញាធរពាក់ព័ន្ធនៅឆ្នាំ២០២៥ សូមរៀបចំឱ្យមានភាពអធឹអធមជាងនេះដើម្បីយើងបានអភិរក្សប្រពៃណីវប្បធ៌មយើងផង ហើយប្រជាពលរដ្ឋយើងសប្បាយរីករាយផង។

សូមបញ្ជាក់ថា ឆ្នាំនេះវត្តមានភ្ញៀវទេសចរ និងប្រជាពលរដ្ឋជាង៣ម៉ឺននាក់ ក្នុងសម្លៀកបំពាក់ចម្រុះពណ៌ បានរាំលេងកម្សាន្ត លាបម្សៅ បាញ់ទឹកបង្កើនភាពត្រជាក់ បានទប់ទល់ជាមួយបរិមាណកំដៅអាកាសធាតុផង ដែលជាសកម្មភាពបង្កើនភាពសប្បាយរីករាយយ៉ាងក្រៃលែង៕