(កំពង់ស្ពឺ)៖ រយៈពេល ៤ថ្ងៃ ខេត្តកំពង់ស្ពឺ ទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិជាង ៨៥ម៉ឺននាក់ បានទៅស្នាក់នៅ និងលេងកម្សាន្តនៅតាមរមណីយដ្ឋាននានា និងក្នុងព្រឹត្តិការណ៍សង្រ្កាន្ត ដែលរៀបចំដោយរដ្ឋបាលខេត្តកំពង់ស្ពឺ។ នេះបើយោងតាមការឱ្យដឹងពីលោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ នាថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤នេះ។

លោក វ៉ី សំណាង បានបន្តថា មានភ្ញៀវទេសចរសរុបដែលបានមកស្នាក់នៅ និងដើរលេងកម្សាន្តនៅតាមសហគមន៍ទេសចរណ៍ និងក្នុងព្រឹត្តិការណ៍សង្ក្រាន្តមានប្រមាណ ៨៥២,៩១០នាក់ ក្នុងភ្ញៀវជាតិ ៨៥២,៣៧៨ នាក់ ដោយឡែកភ្ញៀវបរទេស ៥៣២នាក់ ក្នុងនោះភ្ញៀវទេសចរមកលេងព្រឹត្តិការណ៍កំពង់ស្ពឺ សង្ក្រាន្តឆ្នាំ២០២៤ នេះមានការកើនឡើង។

លោកអភិបាលខេត្ត បានបញ្ជាក់ថា ចំពោះបញ្ហាសន្តិសុខទូទៅក្នុងរយៈពេលសង្ក្រាន្តកំពង់ស្ពឺ រួមមានករណីដួលសន្លប់ ១ករណី (ក្នុងពេលសង្ក្រាន្ត) ចំណែកគ្រោះថ្នាក់ចរាចរណ៍ កើតឡើង ៥ករណី (មិនស្ថិតនៅក្នុងការលេងសង្ក្រាន្ត) ក្នុងនេះកម្លាំងបានបង្ក្រាបក្មេងទំនើង ៣ករណី (នៅតាមភូមិ) និងមានអគ្គីភ័យ ១ករណី(មិនស្ថិតក្នុងសង្ក្រាន្តនៅស្រុកគងពិសី) ចំពោះបទល្មើសមានការថយចុះគួរកក់សម្គាល់។

រដ្ឋបាលខេត្តបានប្រើប្រាស់ឡានទឹក ៣ គ្រឿង (នគរបាល២គ្រឿង អាវុធហត្ថ១គ្រឿង) ភ្ជាប់ពីបំពង់ធំ បរិមាណប្រើប្រាស់៤ថ្ងៃនេះ ៣.០០០ម៉ែត្រគីប និងប្រើប្រាស់កម្លាំងគ្រប់ប្រភេទសម្រាប់ការពារសន្តិសុខសណ្តាប់ធ្នាប់ រយៈពេល៤ថ្ងៃ ១.០០០នាក់។

ប្រធានមន្ទីរទេសចរណ៍ ខេត្តកំពង់ស្ពឺ បានគូសបញ្ជាក់ថា សម្រាប់ព្រឹត្តិការណ៍កំពង់ស្ពឺសង្ក្រាន្តឆ្នាំថ្មីនេះ ឆ្នាំ២០២៤ រដ្ឋបាលខេត្តកំពង់ស្ពឺ បានរៀបចំឱ្យមានល្បែងប្រជាប្រិយជាច្រើនទម្រង់ ដែលរៀបចំដាច់ដោយឡែកពីគ្នាដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋ និងយុវជន យុវនារី ភ្ញៀវទេសចរជាតិ អន្តរជាតិអាចបានចូលរួមលេងកម្សាន្ត និងសប្បាយរីករាយទៅតាមចំណង់ចំណូលចិត្ត ហើយក្នុងនោះដែរ ក៏មានការរៀបចំការល្បែងទាញព្រ័តយក្ស ប្រកួតកីឡាធ្លាក់ទឹក និងប្រកួតសំនៀងឯក ដើម្បីទទួលបានពានរង្វាន់ពីរដ្ឋបាលខេត្តផងដែរ៕