(ភ្នំពេញ)៖ រាល់ព្រឹត្តិការណ៍ព្រះរាជពិធីបុណ្យអុំទូកនៅលើដងទន្លេមុខព្រះបរមរាជវាំង គេតែងឮឈ្មោះទូកង ដែលមានឈ្មោះថា «ខ្មែរកម្ពុជាមានជ័យ»។ នេះជាទូកងតែមួយគត់បង្កើតឡើងដោយបងប្អូនខ្មែរកម្ពុជាក្រោម កំពុងរស់នៅកម្ពុជា។
លោក សាន សាង អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ និងជាអនុប្រធានសមាគមខ្មែរក្រោម បានឱ្យដឹងថា ទូកងនេះ ត្រូវបានបង្កើតឡើងនៅឆ្នាំ២០០២ ហើយរូបលោកផ្ទាល់ជាស្នើដាក់ឈ្មោះថា «ខ្មែរកម្ពុជាក្រោមមានជ័យ» ទៅកាន់គណៈកម្មាធិការរៀបចំបុណ្យជាតិ និងអន្តរជាតិ ក្នុងនាមជាប្រធានសមាគមខ្មែរក្រោមនាពេលនោះ។
លោក សាន សាង បានរំលឹកថា ឈ្មោះ «ខ្មែរកម្ពុជាក្រោមមានជ័យ» នាំឱ្យមានការជជែក គិតគូរ និងថ្លឹងថ្លែងច្រើននៅគណៈកម្មាធិការរៀបចំបុណ្យជាតិ និងអន្តរជាតិនាពេលនោះ ព្រោះបារម្ភប៉ះពាល់ដល់ចំណងមិត្តភាពរវាងកម្ពុជា និងវៀតណាម។
ដោយបារម្ភប៉ះពាល់មិត្តភាពនេះ លោក មិន ឃិន ស្នើឱ្យប្រើប្រាស់ឈ្មោះ «តេជៈសឺងគុយមានឫទ្ធិ» និង «ព្រលឹងឧកញ៉ា សឺងគុយ»។ តែលោក សាន សាង មិនព្រមទទួលយកឈ្មោះនេះ ហើយនៅតែទទូចចង់ប្រើឈ្មោះ «ខ្មែរកម្ពុជាក្រោមមានជ័យ»។
បើតាមលោក សាន សាង បន្ទាប់ពីមានមិនឯកភាពគ្នាក្នុងការប្រើប្រាស់ឈ្មោះ «ខ្មែរកម្ពុជាក្រោមមានជ័យ» លោក មិន ឃិន ក៏បានភ្ជាប់ទូរស័ព្ទទៅសម្តេចតេជោ ហ៊ុន សែន ព្រោះមានតែសម្តេចតេជោប៉ុណ្ណោះអាចសម្រេចបាន។
លោក សាន សាង បានបន្តថា បន្ទាប់ពីឆ្លងយោបល់ ភ្លាមនោះ គឺសម្តេចតេជោ បានសម្រេច និងអនុញ្ញាតឱ្យប្រើប្រាស់ឈ្មោះ «កម្ពុជាក្រោមមានជ័យ» លើទូកងខ្មែរក្រោម។
លោក សាន សាង បានចាត់ទុកសម្តេចតេជោ គឺជាស្ថាបនិកនៃឈ្មោះទូកងខ្មែរក្រោមនេះ ហើយក៏បានបង្កប់អត្ថន័យជ្រាលជ្រៅនៃជម្រៅបេះដូងរបស់សម្តេចតេជោ ចំពោះបងប្អូនខ្មែរកម្ពុជាក្រោម។
រំលឹកដល់រឿងនេះ លោក សាន សាង ជួសមុខឱ្យបងប្អូនខ្មែរក្រោម សម្តែងការដឹងគុណ និងអរគុណជ្រាលជ្រៅជូនចំពោះសម្តេចតេជោ ហ៊ុន សែន ដែលអនុញ្ញាតឱ្យប្រើប្រាស់ឈ្មោះ «ខ្មែរកម្ពុជាក្រោមមានជ័យ» លើទូកងខ្មែរក្រោម។ តាមរយៈឈ្មោះទូកងនេះ ធ្វើឱ្យពាក្យ «ខ្មែរក្រោម» បានឮរាល់ឆ្នាំក្នុងព្រះរាជពិធីប្រណាំងទូកងនៅកម្ពុជា។
ខ្មែរក្រោមមកពីខេត្តព្រះត្រពាំង លោក សាន សាង បន្ទាប់ពីបានចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា លោកក៏មានបំណងធ្វើទូកងពីរគ្រឿងយកទៅដាក់នៅវត្តលើទឹកដីខ្មែរក្រោម ដើម្បីជាអនុស្សាវរីយ៍ និងជាការរួមចំណែករក្សាវប្បធម៌ដូនតារបស់ខ្មែរក្រោម៕