(ភ្នំពេញ)៖ លោក សួន រចនា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានប្រចាំការគណៈកម្មការដឹកនាំកំណែទម្រង់វិមជ្ឈការ និងសហវិមជ្ឈការនៃក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីភាពបើកវគ្គបណ្ដុះបណ្ដាលស្ដីពីបែបបទ និងនីតិវិធីនៃការផ្ដល់សេវារដ្ឋបាលក្នុងវិស័យដឹកជញ្ជូនផ្លូវគោក ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង ប្រធាន អនុប្រធាន អង្គភាពច្រកចេញចូលតែមួយ រដ្ឋបាលរាជធានី-ខេត្ត និងមន្ត្រីជំនាញពាក់ព័ន្ធ។

វគ្គបណ្ដុះបណ្ដាលនេះរៀបចំឡើងក្នុងគោលបំណងដើម្បីពង្រឹងសមត្ថភាពការងារ ធានាឱ្យបាននូវប្រសិទ្ធភាពការងារផ្តល់សេវារដ្ឋបាលក្នុងវិស័យដឹកជញ្ជូនផ្លូវគោក នៅរដ្ឋបាលរាជធានី-ខេត្ត ឱ្យកាន់តែប្រសើរឡើងថែមទៀត ជាពិសេសមន្ត្រីជួរមុខ និងមន្ត្រីជួរក្រោយ ដែលជាអ្នកអនុវត្តផ្តល់សេវានេះដោយផ្ទាល់ ដើម្បីទទួលបានបទពិសោធន៍ថ្មីៗបន្ថែមទៀត យល់ដឹងពីបទដ្ឋានបច្ចេកទេសវិស័យដឹកជញ្ជូនផ្លូវគោក និងការងារចំណូលផងដែរ៕