(ភ្នំពេញ)៖ ប្រធានរដ្ឋឡាវ លោក ថងលុន ស៊ីសុលីត បានបង្ហាញជំហយ៉ាងម៉ឺងមាត់ថា ទោះបីក្នុងតំបន់ និងពិភពលោក មានបញ្ហាអ្វីកើតឡើងក៏ដោយ ក៏ឡាវ នៅតែរក្សាទំនាក់ទំនងល្អជាមួយកម្ពុជា។

ក្នុងជំនួបជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជានារសៀលថ្ងៃទី២៣ ខែមេសានេះ លោក ថងលុន ស៊ីសុលីត បានអះអាងថា លោកនឹងខិតខំរកដំណោះស្រាយគ្រប់បញ្ហាប្រឈមទាំងឡាយ ដែលកើតមានក្នុងតំបន់ និងលើពិភពលោក ដើម្បីបន្តចំណងមិត្តភាព សាមគ្គីភាពដ៏ស្អិតរមួត និងយូរអង្វែង ព្រមទាំងជំរុញបន្ថែមទៀតដល់ការលើកកម្ពស់កម្រិតទំនាក់ទំនងទ្វេភាគី ដែលនឹងនាំមកនូវផលប្រយោជន៍រួមជូនប្រជាជន និងប្រទេសទាំងពីរ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណចំពោះប្រទេសឡាវ ដែលតែងតែចាត់ទុកកម្ពុជាជាមិត្តដ៏ល្អ ជាអ្នកជិតខាងដ៏ប្រពៃ។ សម្តេចធិបតីបន្តថា ជាមួយមិត្តភាព និងសាមគ្គីភាពជាប្រពៃណី សម្តេចនឹងខិតខំបន្តពង្រឹង និងពង្រីកទំនាក់ទំនងនេះឱ្យកាន់តែរីកចម្រើន និងទទួលបានលទ្ធផលផ្លែផ្កាថែមទៀតក្នុងក្របខ័ណ្ឌ នៃកិច្ចសហប្រតិបត្តិការទ្វេភាគី លើវិស័យសំខាន់ៗមួយចំនួន រួមមាន៖ វិស័យថាមពល ការតភ្ជាប់ កិច្ចការព្រំដែន ការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន កិច្ចការការពារជាតិ និងសន្តិសុខ ក៏ដូចជាទំនាក់ទំនងរវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ។

ទន្ទឹមនឹងប្រកាសប្រឹងប្រែងរក្សាទំនាក់ទំនងល្អរវាងកម្ពុជា និងឡាវហើយនោះ ប្រធានរដ្ឋឡាវ ក៏បានថ្លែងអំណរគុណកម្ពុជា ដែលបានគាំទ្រដល់ឡាវ ជាប្រធានអាស៊ានប្តូរវេនក្នុងឆ្នាំ២០២៤។ ឡាវនឹងខិតខំរៀនសូត្រពីជោគជ័យរបស់កម្ពុជា ដែលបានដឹកនាំជាប្រធានអាស៊ាននៅឆ្នាំ២០២២។

លោកប្រធានរដ្ឋឡាវ ក៏បានប្រកាសរង់ចាំទទួលស្វាគមន៍ជានិច្ចចំពោះវត្តមានរបស់សម្ដេចធិបតី ពេលអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន នៅខែតុលា ឆ្នាំ២០២៤។

កម្ពុជា និងឡាវ បានភ្ជាប់ទំនាក់ទំនងការទូតផ្លូវការនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៥៦។ ទំនាក់ទំនងកម្ពុជា និងឡាវត្រូវបានលើកកម្ពស់ជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង ក្នុងឱកាសទស្សនកិច្ចផ្លូវការរបស់លោក ថងលុន ស៊ីសុលីត ក្នុងឋានៈជានាយករដ្ឋមន្ត្រីឡាវ នៅកម្ពុជានៅថ្ងៃទី១២-១៣ ខែកញ្ញា ឆ្នាំ២០១៩។

ទំនាក់ទំនងកម្ពុជា និងឡាវ ដែលជាប្រទេសមានរបងជាប់គ្នា ត្រូវបានលើកកម្ពស់ជាបន្តបន្ទាប់ ហើយតែងប្រកាន់ខ្ជាប់ស្មារតីជួយគ្នានៅពេលមានទុក្ខលំបាក៕