(ភ្នំពេញ)៖ មហាវិទ្យាល័យសង្គមសាស្រ្ត-មនុស្សសាស្ត្រ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ រៀបចំសិក្ខាសាលាទីមួយ នៃសិក្ខាសាលាជាស៊េរីស្តីពី «ការណែនាំពីសំណាក់រៀមច្បងលើដំណើរការសំណេរថ្នាក់បណ្ឌិត និងសំណេរអត្ថបទស្រាវជ្រាវ» ចាប់ពីថ្ងៃទី២៦ ដល់២៨ ខែមេសា ឆ្នាំ២០២៤ នៅខេត្តកំពត។

សិក្ខាសាលាលើកទីមួយនេះ ធ្វើឡើងក្រោមអធិបតីភាព លោកបណ្ឌិត ជេត ជាលី សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងមានការចូលរួមពីបេក្ខជនបណ្ឌិត និងអ្នកស្រាវជ្រាវចំនួន២០រូប មកពីសាកលវិទ្យាល័យ និងស្ថាប័នស្រាវជ្រាវទូទាំងប្រទេសកម្ពុជា រួមជាមួយរៀមច្បងជាវាគ្មិនចំនួន៨រូបផ្សេងទៀត។

សិក្ខាសាលានេះ បានចែករំលែកលើប្រធានបទសំខាន់ៗ ពាក់ព័ន្ធនឹងការរៀបចំសំណេរថ្នាក់បណ្ឌិត និងអត្ថបទស្រាវជ្រាវចំនួន៥ធំៗ៖

*ទី១៖ បទបង្ហាញលើប្រធានបទ «ដំណើរការនៃសំណេរអត្ថបទស្រាវជ្រាវ៖ ទស្សនៈពីអ្នកស្រាវជ្រាវ» ដោយលោកបណ្ឌិត អ៊ុន ឃាង សាស្រ្តាចារ្យវិទ្យាសាស្ត្រនយោបាយ

*ទី២៖ បទបង្ហាញលើប្រធានបទ «ដំណើរការនៃសំណេរអត្ថបទស្រាវជ្រាវ៖ ទស្សនៈពីអ្នកស្រាវជ្រាវ» ដោយបណ្ឌិត Alisa Freedman សាស្រ្តាចារ្យជំនាញអក្សរសាស្រ្តជប៉ុន និងការសិក្សាពីវប្បធម៌ និងយេនឌ័រនៅសាកលវិទ្យាល័យ Oregon សហរដ្ឋអាមេរិក

*ទី៣៖ បទបង្ហាញលើប្រធានបទ «សារសំខាន់ នៃការចូលរួមរបស់បញ្ញវន្តនៅក្នុងសង្គម» ដោយបណ្ឌិត អ៊ុន លាង ព្រឹទ្ធបុរសនៃមហាវិទ្យាល័យសង្គមសាស្រ្ត-មនុស្សសាស្រ្ត និងបណ្ឌិត ឈាង វណ្ណារិទ្ធ ប្រធានឧទ្យាននវានុវត្តន៍សង្គមអង្គរ (Angkor Social Innovation Park)

*ទី៤៖ បទបង្ហាញលើប្រធានបទ «ដំណើរការនៃការសរសេរសំណើរស្រាវជ្រាវថ្នាក់បណ្ឌិត៖ ទស្សនៈពីគណៈកម្មការវាយតម្លៃ» ដោយលោកបណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា
 
*ទី៥៖ បទបង្ហាញលើប្រធានបទ «ដំណើរការ នៃការសរសេរសំណើរស្រាវជ្រាវថ្នាក់បណ្ឌិត៖ ការចែករំលែកពីបទពិសោធន៍ផ្ទាល់ខ្លួន» ដោយបណ្ឌិត ប៉ូ សុវីនដា ប្រធានមជ្ឈមណ្ឌលសិក្សាអាស៊ីអាគ្នេយ៍នៃវិទ្យាស្ថានសិក្សាអន្តរជាតិ និងគោលនយោបាយសាធារណៈនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ, លោក Taylor Coplen បេក្ខជនបណ្ឌិតពីសាកលវិទ្យាល័យ Harvard សហរដ្ឋអាមេរិក និងលោក ហុក គឹមហ៊ាន បេក្ខជនបណ្ឌិតពីសាកលវិទ្យាល័យ Lund ប្រទេសស៊ុយអ៊ែត។

សិក្ខាសាលាជាស៊េរីនេះ គ្រោងនឹងរៀបចំសិក្ខាសាលាតម្រង់ទិសចំនួន៤ ដែលត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីផ្តល់ជាវេទិកាតម្រង់ទិសចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពីដំណើរការសំណេរថ្នាក់បណ្ឌិត និងអត្ថបទស្រាវជ្រាវពីសំណាក់វាគ្មិនដែលជារៀមច្បង ជាមួយបេក្ខជនបណ្ឌិតកម្ពុជាដែលកំពុងសិក្សានៅតាមសាកលវិទ្យាល័យនានា និងអ្នកស្រាវជ្រាវមកពីស្ថាប័នស្រាវជ្រាវនានានៅកម្ពុជា។

សិក្ខាសាលាទី២ នៃសិក្ខាសាលាជាស៊េរីនេះ នឹងធ្វើឡើងនៅខែមិថុនា នៅខេត្តបាត់ដំបង ខណៈសិក្ខាសិលាទី៣ និងទី៤ នឹងធ្វើឡើងនៅខែកក្កដា និងកញ្ញា នៅខេត្តសៀមរាប និងខេត្តកែប។

គម្រោងសិក្ខាសាលាជាស៊េរីស្តីពី «ការណែនាំពីសំណាក់រៀមច្បងលើដំណើរការសំណេរថ្នាក់បណ្ឌិត និងសំណេរអត្ថបទស្រាវជ្រាវ» ត្រូវបានផ្តួចផ្តើម និងរៀបចំឡើងដោយមហាវិទ្យាល័យសង្គមសាស្រ្ត- មនុស្សសាស្រ្ត នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្រោមជំនួយបច្ចេកទេសពីសមាគមសម្រាប់ការសិក្សាអាស៊ី (Association for Asian Studies) និងជំនួយហិរញ្ញវត្ថុពីរដ្ឋាភិបាលស៊ុយអ៊ែត៕