(ភ្នំពេញ)៖ គិតត្រឹមរសៀលថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤ គឺជាលើកទី៣ហើយ ដែលសមត្ថកិច្ចកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានកោះហៅជនសង្ស័យឈ្មោះ អ៊ិត ដានី ឲ្យចូលខ្លួនបំភ្លឺពាក់ព័ន្ធករណីចេញសែកគ្មានសាច់ប្រាក់ចំនួន ៦០ម៉ឺនដុល្លារឲ្យយទៅជនរងគ្រោះ ទាក់ទិនបង្កើតគម្រោងក្លែងក្លាយ។

ទោះជាយ៉ាងណា ស្ត្រីសង្ស័យឈ្មោះ អ៊ិត ដានី នៅមិនព្រមចូលខ្លួនទៅបំភ្លឺតាមលិខិតអញ្ជើញរបស់សមត្ថកិច្ចជំនាញនោះទេ ដោយព្យាយាមគេចវេស និងចាត់តំណាងរបស់ខ្លួនឲ្យចូលខ្លួនទៅជំនួសទៅវិញ។ នេះបើតាមការបញ្ជាក់ពីសមត្ថកិច្ច។

យោងតាមឯកសារដែលទទួលបាននៅអំឡុងចុងឆ្នាំ២០២៣ ស្ត្រីសង្ស័យឈ្មោះ អ៊ិត ដានី និងប្ដីជាមន្ត្រីកងរាជអាវុធហត្ថ បានប្រើប្រាស់ឈ្មោះ ប្រមុខរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំងបង្កើតឯកសារក្លែងក្លាយជាច្រើន ក្នុងការបង្កើតគម្រោងសាងសង់ផ្លូវជាតិលេខ៦៧ ក្លែងក្លាយ មានប្រវែង ១៣៥គីឡូម៉ែត្រ ពីស្រុកបាគង ខេត្តសៀមរាប ទៅដល់ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ នៅក្នុងទំហំទឹកប្រាក់ចំណាយចំនួន២៣៥លានដុល្លារ។

នៅក្នុងគម្រោងក្លែងក្លាយនេះ ជនសង្ស័យឈ្មោះ អ៊ិត ដានី បានប្រើពាក្យលួងលោម និងបោកប្រាស់ប្រាក់ជនរងគ្រោះអស់ប្រាក់ចំនួន៦០ម៉ឺនដុល្លារសហរដ្ឋអាមេរិក ក្នុងរូបភាពជាភាគហ៊ុន។ ដើម្បីធានាចំពោះប្រាក់៦០ម៉ឺនដុល្លារនោះ ស្ត្រីសង្ស័យឈ្មោះ អ៊ិត ដានី បានចេញសែក ចំនួន៦០ម៉ឺនដុល្លារឲ្យទៅជនរងគ្រោះថែមទៀតផង។

ក្រោយមកទើបជនរងគ្រោះដឹងថា គម្រោងសាងសង់ផ្លូវជាតិលេខ៦៧ ដែលស្ត្រីសង្ស័យឈ្មោះ អ៊ិត ដានី និយាយនោះ ជារឿងមិនពិតទាំងអស់ ហើយសែកដែលជនរងគ្រោះទទួលបាននោះ ក៏គ្មានសាច់ប្រាក់ដែរ ទើបជនរងគ្រោះសម្រេចចិត្តដាក់ពាក្យប្ដឹងជនសង្ស័យទៅស្ថាប័នកងរាជអាវុធហត្ថលើផ្ទៃប្រទេសដើម្បីឲ្យជួយរកយុត្តិធម៌ ដើម្បីទទួលបានប្រាក់ដែលខ្លួនខាតបង់ត្រឡប់មកវិញ។

ជនរងគ្រោះសង្ឃឹមជឿជាក់ថា សមត្ថកិច្ចកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្រោមការដឹកនាំរបស់នាយឧត្តមសេនីយ៍ សៅ សុខា នឹងអាចជួយរកយុត្តិធម៌ជូនរូបគាត់ បានក្នុងពេលឆាប់ៗខាងមុខដើម្បីកុំឲ្ហជនល្មើសរូបនេះ អាចធ្វើសកម្មភាពដើរបោកប្រាសបងប្អូនប្រជាពលរដ្ឋស្លូតត្រង់បន្តទៅទៀត។

ជាមួយគ្នានេះ ជនរងគ្រោះសូមអំពាវនាវឲ្យប្រជាពលរដ្ឋមេត្តាប្រុងប្រយ័ត្ន ចំពោះបុគ្គលឈ្មោះ អ៊ិត ដានី នេះ កុំឱ្យចាញ់បោកដូចជារូបគាត់ ដោយខាតបង់ទាំងប្រាក់កាក់ និងពេលវេលាជាច្រើន៕