(ភ្នំពេញ)៖ នៅប៉ុន្មានថ្ងៃនេះ មានការផ្ទុះការរិះគន់ពីអ្នកប្រើប្រាស់បណ្តាញសង្គម Facebook ករណីក្រុមហ៊ុនអគ្គិសនីឯកជន អានកូ ប្រាឌ័រ ខូអិលធីឌី (ANCO BROTHERS CO., LTD) ដែលផ្គត់ផ្គង់អគ្គិសនីនៅក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានចេញវិក្កយបត្រថ្លៃអគ្គិសនី ជាប្រាក់បាត របស់ថៃ។

អ្នកប្រើប្រាស់ Facebook បានបញ្ចេញនូវចម្ងល់របស់ខ្លួនថា ហើយអ្វីនៅលើទឹកដីខ្មែរ ចាយលុយថៃ? មិនព្រមចូលរួមលើកស្ទួយប្រាក់រៀលខ្មែរ។

ឆ្លើយតបនឹងការលើកឡើងនេះ លោក យឹម វិសិដ្ឋ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៤នេះ បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News ដោយពន្យល់យ៉ាងដូច្នេះថា «សូមបញ្ជាក់ជូនថា នៅមានតំបន់មួយចំនួនតូច នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ កំពុងយកប្រភពអគ្គិសនីពីប្រទេសថៃ ហើយកិច្ចសន្យាទិញភ្លើងពីប្រទេសថៃ ត្រូវទូទាត់ជាលុយបាត ។ នៅដំណាក់កាលដំបូង ការបង់ថ្លៃអគ្គិសនីរបស់អតិថិជនប្រើប្រាស់អគ្គិសនីទៅអោយក្រុមហ៊ុនផ្គត់ផ្គង់អគ្គិសនី គឺតម្រូវអោយបង់ជាលុយលុយបាត ប៉ុន្តែ សព្វថ្ងៃនេះ អាជ្ញាធរអគ្គិសនីកម្ពុជា បានកំណត់អោយក្រុមហ៊ុនទទួលយកការបង់ថ្លៃប្រើប្រាស់អគ្គិសនីជាលុយរៀល និងលុយបាត ដូច្នេះ អតិថិជនមានសិទ្ធិបង់ថ្លៃប្រើប្រាស់អគ្គិសនីប្រចាំខែជាលុយរៀលក៏បាន ជាលុយបាតក៏បាន ដោយអនុវត្តអត្រាប្តូរប្រាក់ ទៅតាមអត្រាប្តូរប្រាក់នៅថ្ងៃ ។

សូមជម្រាបជូនថា តំបន់មួយចំនួនទៀតនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដែលកន្លងមកបានយកប្រភពអគ្គិសនីពីប្រទេសថៃ ហើយធ្លាប់អនុវត្តថ្លៃជាលុយបាតដែរនោះ នៅពេលតំបន់ទាំងនោះ បានត្រឡប់មកទទួលប្រភពអគ្គិសនីពេញលេញពីប្រភពបណ្តាញជាតិ ការទូទាត់វិក្កយបត្រអគ្គិសនីប្រចាំខែរបស់អតិថិជននៅតំបន់ទាំងនោះ បានប្តូរមកជាលុយរៀល និងជាលុយដុល្លាអាមេរិក ដូចតំបន់ទាំងឡាយដែលប្រើប្រាស់ភ្លើងពីប្រភពបណ្តាញជាតិដែរ»៕