(កំពង់ស្ពឺ)៖ រដ្ឋបាលខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤នេះ បានប្រារព្ធព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវស្សារបស់ ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងគម្រប់ព្រះជន្ម ៧១ព្រះវស្សា យាងចូល ៧២ព្រះវស្សា ក្រោមអធិបតីភាពលោក សុខុម ប្រធានក្រុមប្រឹក្សាខេត្ត និងលោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ព្រមទាំងមានការចូលរួមពី មន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ។
នាឱកាសនោះលោក វ៉ី សំណាង បានអានសារថ្វាយព្រះពរជូនដល់ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា មានខ្លឹមសារដូចនេះថា ស្ថិតក្នុងឱកាស ដ៏មហានក្ខតឬក្សនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មដ៏ថ្លៃថ្លាគម្រប់៧១ យាងចូល ៧២ ព្រះវស្សាទូរព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ក្រុមប្រឹក្សាខេត្ត គណអភិបាលខេត្ត កងកម្លាំងប្រដាប់អាវុធ ព្រមទាំងប្រជានុរាស្រ្តទាំងអស់ទូទាំងខេត្តកំពង់ស្ពឺទាំងមូល សូមព្រះបរមរាជានុញ្ញាតសម្តែងនូវអភិវន្ទនកិច្ច និងអំណរសាទរ ដោយស្មោះអស់ពីដួងចិត្ត ចូលរួមថ្វាយនូវព្រះសព្វសាធុការពរជ័យ បវរសួរស្តី សិរីមង្គល វិបុលសុខមហាប្រសើរគ្រប់ប្រការប្រកបដោយកត្តញ្ញូតាធម៌ និង កត្តវេទិតា យ៉ាងជ្រាលជ្រៅបំផុត ចំពោះព្រះរាជបញ្ញាញាណ និងព្រះរាជសកម្មភាពដ៏ឧត្តុង្គឧត្តមថ្លៃថ្លា របស់ព្រះករុណា ជាអម្ចាស់ ក្នុងវិស័យព្រះពុទ្ធសាសនាអប់រំសិក្សាធិការ សង្គមកិច្ច សុខមាលភាព ជីវភាព រស់នៅរបស់ប្រជាពលរដ្ឋ និងការងារកិច្ចការការបរទេស បានចូលរួមចំណែកដ៏សំខាន់ក្នុងការលើកកម្ពស់កិត្យានុភាពជាតិ រួមទាំងការអភិវឌ្ឍន៍មាតុភូមិកម្ពុជា ជាទីស្នេហាលើគ្រប់វិស័យ ឲ្យរឹទ្ធតែមានភាពរីកចម្រើនជឿនលឿនខ្លាំងក្លា។
ទូលព្រះបង្គំយើងខ្ញុំសូមសម្តែងនៅទឹកចិត្តស្វាមីភក្ត័ និងដង្ហែតាមមាគ៌ានយោបាយដ៏ភ្លឺស្វាងពោរពេញដោយព្រះរាជគតិបណ្ឌិតរបស់ព្រះករុណាព្រះអម្ចាស់ជីវិតលើត្បូង សម្រាប់ជានិមិត្តរូបនៃឯករាជ្យភាពអធិបតេយ្យភាព វឌ្ឍនភាព និង បូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា សូមលើកហត្ថបួងសួងដល់គុណបុណ្យព្រះរតនត្រយ័ និងសូមតេជ្ជះបារមីទេវតាថែរក្សាមហាស្វេតច្ឆត្រ ព្រមទាំងបារមីនៃព្រះវិញ្ញាណក្ខន្ធ ព្រះអង្គព្រះមហាក្សត្រព្រះមហាក្សត្រយ៉ានី សូមជួយប្រោសព្រំបីបាច់ថែរក្សាព្រះករុណាព្រះអម្ចាស់ជីវិតតំកល់លើត្បូង សូមព្រះអង្គប្រកបដោយព្រះរាជបញ្ញាញាណ ភ្លឺថ្លាកាយពលសេរីវឌ្ឍនា ព្រះរាជសុខភាពល្អបរិបូណ៌ព្រះជន្មាយុយឺនយូជាងរយព្រះវស្សា ៕