(ព្រះសីហនុ)៖ ដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ, កម្លាំងជំនាញ នៃការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន និងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស នៃកងរាជអាវុធហត្ថខេត្តដឹកនាំដោយលោកវរសេនីយ៍ត្រី ឡុង គឹមហួរ នាយការិយាល័យ នាថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ បានចុះបង្ក្រាបទីតាំងចែកចាយ និងមុខសញ្ញាពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ត្រង់ចំណុចក្រុមទី១១ ភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។

សមត្ថកិច្ចជំនាញកងរាជអាវុធហត្ថ បានប្រាប់បណ្តាព័ត៌មាន Fresh News នាថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ បានឲ្យដឹងថា ក្នុងប្រតិបត្តិការនេះកម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យ៧១នាក់ និងចាប់ដកហូតវត្ថុតាង មួយចំនួនមានដូចជា៖ ម្សៅក្រាមពណ៌សថ្លា ចំនួន៤៤កញ្ចប់ ទម្ងន់ស្មើនឹង ៣៤.៣៤ក្រាមទាំងសំបក, ខ្សែជក់៣, ទូរស័ព្ទ៣១គ្រឿង និងម៉ូតូ២០គ្រឿង។

បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាងបទល្មើស ត្រូវបានបញ្ជូនមកទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដើម្បីចាត់ការបន្តនីតិវិធី៕