(កំពង់ស្ពឺ)៖ ដោយសារតែមេឃក្តៅខ្លាំង និងគ្មានភ្លៀងធ្លាក់បណ្តាលឲ្យអ្នកភូមិមួយចំនួនក្នុងក្រុងច្បារមន ខេត្តកំពង់ស្ពឺ រស់នៅឆ្ងាយពីប្រភពទឹក ហើយជួបខ្វះខាតទឹកប្រើប្រាស់ប្រចាំថ្ងៃនោះ នៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានដឹកនាំកម្លាំងដឹកទឹកចែកជូនបងប្អូនប្រជាពលរដ្ឋទាំងនោះ។

លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានលើកឡើងថា យុទ្ធនាកាដឹកទឹកជូនប្រជាពលរដ្ឋចំនួន២ភូមិ ក្នុងនោះភូមិកណ្តោលដុំ និងភូមិតាម៉ុល គឺមានការណែនាំពីសំណាក់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដោយត្រូវឲ្យគិតគូសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ស្របតាមអនុសាសន៍របស់នាយឧត្តមសេនីយ៍ «ប្រទេសជាតិត្រូវតែការពារ ប្រជាត្រូវតែបម្រើ ច្បាប់ត្រូវតែគោរព បទល្មើសត្រូវតែបង្ក្រាប»។

លោកឧត្តមសេនីយ៍ត្រី បន្តថា ដោយទទួលបានព័ត៌មានអំពីភាពខ្វះខាតប្រើប្រាស់ចាំបាច់រាល់ថ្ងៃ លោកបានឲ្យរថយន្តពន្លត់អគ្គិភ័យរបស់អង្គភាព ដើរតួរនាទីជារថយន្តដឹកទឹកជូនបងប្អូនប្រជាពលរដ្ឋវិញ ដើម្បីជួយសម្រួល ជូនបងប្អូនក្នុងរដូវប្រាំងគ្មានប្រភពទឹកគ្រប់គ្រាន់សម្រាប់ប្រើប្រាស់។

លោកមេបញ្ជាការបានបញ្ជាក់ថា «មកដល់ពេលនេះរថយន្តដឹករបស់អង្គភាព បានដឹកចែកជូនបានភូមិតាម៉ុល ដែលប្រជាពលរដ្ឋខ្វះខាតទឹកប្រើប្រាស់ ចំនួន១៦គ្រួសារ បានប្រើប្រាស់ឡានទឹក ចំនួន១០ឡាន និងភូមិកណ្តោលដុំ ប្រជាពលរដ្ឋខ្វះខាតទឹកប្រើប្រាស់ ចំនួន១៥គ្រួសារ បានប្រើប្រាស់ឡានទឹក ចំនួន៦ឡាន»