(ភ្នំពេញ)៖ អនុវត្តតាមវិធានការដ៏ម៉ឺងម៉ាត់ និងមុតស្រួចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ ក្រោមការណែនាំពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ, ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ព្រមទាំងមន្រ្តីជាប់កិច្ចសន្យាទាំងអស់ចំណុះរដ្ឋបាលខណ្ឌបឹងកេងកង ត្រូវបានពិនិត្យទឹកនោម ដើម្បីស្វែងរកសារធាតុញៀន។

ការពិនិត្យទឹកនោមស្វែងរកសារធាតុញៀននេះ បានធ្វើឡើងនៅក្នុងបរិវេណសាលាខណ្ឌបឹងកេងកង ដោយពិនិត្យមន្ត្រីរាជការ ព្រមទាំងមន្រ្តីជាប់កិច្ចសន្យាទាំងអស់ចំណុះរដ្ឋបាលខណ្ឌ សរុបចំនួន៤៩១រូប (ស្រី២៤១) ហើយក្នុងចំនួននេះក្រោយការពិនិត្យ គឺមិនមានមន្ត្រីណាម្នាក់ មានសារជាតិញៀននៅក្នុងខ្លួនឡើយពោលគឺល្អ១០០%។

សូមរំលឹកថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤កន្លងមកនេះ បានចេញបទបញ្ជាមួយ ស្តីពីការដាក់ចេញវិធានការម៉ឺងម៉ាត់ ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ។

សម្តេចបានណែនាំ ដូចខាងក្រោម៖

*ទី១៖ គ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបង្កើនការត្រួតពិនិត្យជាប្រចាំ ចំពោះមន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងយោធិន ព្រមទាំងមន្ត្រីជាប់កិច្ចសន្យា ដែលស្ថិតក្រោមឱវាទរបស់ខ្លួន លើការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ឬមានការពាក់ព័ន្ធនឹងគ្រឿងញៀនខុសច្បាប់។

*ទី២៖ គ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវចាត់វិធានការបញ្ចប់មុខតំណែង និងបណ្តេញចេញពីក្របខ័ណ្ឌដោយគ្មានការលើកលែង ចំពោះមន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងយោធិន ព្រមទាំងមន្ត្រីជាប់កិច្ចសន្យាណា ដែលត្រូវបានរកឃើញថា មានការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ឬមានការពាក់ព័ន្ធនឹងគ្រឿងញៀនខុសច្បាប់។

*ទី៣៖ ការអនុវត្តទណ្ឌកម្មខាងវិន័យនេះ ពុំរារាំងដល់ការអនុវត្តទណ្ឌកម្មព្រហ្មទណ្ឌ ដោយអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិជាធរមានឡើយ៕