(ភ្នំពេញ)៖ ក្រុមមេធាវីរាជរដ្ឋាភិបាល នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ដែលរាជរដ្ឋាភិបាលកម្ពុជា បានធ្វើសិទ្ធិប្រទានពេញសមត្ថភាពជូនលោក គី តិច ទេសរដ្ឋមន្តី ទទួលបន្ទុកបេសកកម្មពិសេស ជាប្រធានក្រុមមេធាវីរាជរដ្ឋាភិបាល ក្នុងការប្រតិបត្តិដឹកនាំរៀបចំចាត់តាំងមេធាវីរាជរដ្ឋាភិបាល ឱ្យបំពេញភារកិច្ច ជាមេធាវីតំណាង ការពារសិទ្ធិ និងផលប្រយោជន៍ជូនប្រជាពលរដ្ឋ រងគ្រោះពាក់ព័ន្ធជាមួយ ក្រុមហ៊ុន ប៊ីលាន ស៊ីធី វើលដ៍ ឯ.ក (BRILLIANT CITY WORLD CO.,LTD.) របស់អតីតឧកញ៉ា ឡេង ចាន់ណា។

តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ខ្លួន, ក្រុមមេធាវីរាជរដ្ឋាភិបាល សូមគោរពទទួលអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងគោលដៅការពារសិទ្ធិ និងផលប្រយោជន៍ ជូនប្រជាពលរដ្ឋរងគ្រោះ ស្របតាមនីតិវិធី និងច្បាប់ជាធរមាន នៅគ្រប់ស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ និងសាលាជម្រះក្តី គ្រប់ជាន់ថ្នាក់។

ក្រុមមេធាវីរាជរដ្ឋាភិបាល នឹងចាត់តាំងសមាជិកមេធាវីរាជរដ្ឋាភិបាល ជាតំណាង និងការពារសិទ្ធិជូន ប្រជាពលរដ្ឋរងគ្រោះ ពាក់ព័ន្ធជាមួយ ក្រុមហ៊ុន ប៊ីលាន ស៊ីធី វើលដ៍ ឯ.ក។

ក្រុមមេធាវីរាជរដ្ឋាភិបាល សូមជូនដំណឹងដល់ពលរដ្ឋរងគ្រោះទំនាក់ទំនងក្រុមការងារតាមប្រព័ន្ធទូរសព្ទនៅរៀងរាល់ម៉ោងធ្វើការដូចខាងក្រោម៖

- Tel: 017 991 115
- Tel: 012 518 999
- Tel: 010 447 300

សូមបញ្ជាក់ថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចប្រគល់ភារកិច្ចជូនលោក គី តិច ប្រធានក្រុមមេធាវីរបស់រាជរដ្ឋាភិបាល ដើម្បីការពារប្រជាពលរដ្ឋ និងធ្វើជាតំណាងប្រជាពលរដ្ឋ នៅក្នុងសំណុំរឿងទាំងឡាយដែលកំពុងចាត់ការដោយស្ថាប័នអយ្យការ និង ស្ថាប័នតុលាការ នៃគម្រោងរបស់អតីតឧកញ៉ា ឡេង ចាន់ណា៕