(ភ្នំពេញ)៖ កាលពីរសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងទេសចរណ៍ ឯកឧត្តម ប្រាក់ ផាន់ណារ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានអនុញ្ញាតឱ្យ កញ្ញា Yao Shiya ប្រធានគ្រប់គ្រងវិទ្យុមិត្តភាពកម្ពុជាចិនប្រចាំនៅរាជធានីភ្នំពេញ និងហការីចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ដើម្បីស្វែងរកលទ្ធភាពផ្សព្វផ្សាយវិស័យទេសចរណ៍កម្ពុជាទៅកាន់ប្រជាជនចិន និងពិភពលោក។

លើកឡើងក្នុងឱកាសនោះ កញ្ញា Yao Shiya បានមានប្រសាសន៍លើកឡើងថា ស្របពេលដែលឆ្នាំនេះ គឺជាឆ្នាំ នៃការផ្លាស់ប្ដូរប្រជាជន និងប្រជាជន នៃប្រទេសទាំងពីរ វិទ្យុមិត្តភាពកម្ពុជាចិន ដែលជាសំឡេងផ្សព្វផ្សាយរបស់រដ្ឋចិន មានបំណងស្នើសុំកិច្ចសហការជាមួយ ក្រសួងទេសចរណ៍ ក្នុងការពិនិត្យលទ្ធភាពរៀបចំកម្មវិធីផ្សព្វផ្សាយវិស័យទេសចរណ៍កម្ពុជា ទៅកាន់ប្រជាជនចិនឱ្យបានស្គាល់ ពីសក្តានុពលទេសចរណ៍កម្ពុជាកាន់តែច្រើន។

ជាមួយគ្នានេះ កញ្ញាបានស្នើជាមតិយោបល់ពីថ្នាក់ដឹកនាំក្រសួងទេសចរណ៍ ថា តើក្រុមការងារវិទ្យុមិត្តភាពកម្ពុជាចិន អាចចូលរួម ឬត្រូវមានផែនការអ្វីបានខ្លះ ផ្សព្វផ្សាយវិស័យទេសចរណ៍កម្ពុជាទាំងពេលបច្ចុប្បន្ន និងថ្ងៃអនាគត ? ជាការឆ្លើយតប ឯកឧត្តម ប្រាក់ ផាន់ណារ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍បានស្វាគមន៍ចំពោះបំណងរបស់ថ្នាក់ដឹកនាំ នៃវិទ្យុមិត្តភាពកម្ពុជាចិន ដែលចង់ចូលរួមគាំទ្រ ដល់វិស័យទេសចរណ៍កម្ពុជាតាម រយៈការផ្សព្វផ្សាយព័ត៌មាន និងផលិតកម្មវិធីផ្សេងៗ ដើម្បីបង្ហាញពីសក្តានុពលទេសចរណ៍កម្ពុជា ទៅកាន់ប្រជាជនចិន និងពិភពលោក។

ក្រោយពីជំនួបនេះ ឯកឧត្តមនឹងរៀបចំក្រុមការងារមន្ត្រីជំនាញក្រសួងទេសចរណ៍ ឱ្យធ្វើការងារបន្ថែមទៀតជាមួយ ក្រុមការងារវិទ្យុមិត្តភាពកម្ពុជា ដើម្បីរៀបចំផែនការ ឬក៏បង្កើតជាយន្តការជាក់លាក់ណាមួយ ឈានទៅចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការ នៅថ្ងៃខាងមុខ ងាយស្រួលធ្វើការជាមួយគ្នាឱ្យចំគោលដៅ និងមានប្រសិទ្ធភាព។

ឯកឧត្តមបញ្ជាក់ថា នៅពេលខាងមុខនេះ ក្រសួងនឹងរៀបចំផែនការជាក់លាក់ថ្មីៗបន្ថែមលើយន្តការ ដែលមានស្រាប់ ដូចជារៀបចំកម្មវិធីផ្លាស់ប្ដូរ ដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំចិន និងអ្នកពាក់ព័ន្ធឱ្យមកកម្ពុជា ព្រមទាំងរៀបចំព្រឹត្តិការណ៍ផ្សេងៗ ដូចដែលប្រទេសយើងទាំងពីរបានធ្វើរួចមកហើយ។

ឯកឧត្តមបញ្ជាក់ថា៖ «ឆ្នាំ២០២៤នេះ យើងបានទៅកោះទ្វារថ្នាក់ដឹកនាំខេត្ត ក្រុងសំខាន់របស់ចិនឱ្យមក វិនិយោគ ឬសហការជាមួយ ក្រសួងទេសចរណ៍ក្នុងការជំរុញប្រជាជនចិនឱ្យមកលេងកម្ពុជាកាន់តែច្រើន។ ឆ្នាំ២០២៤នេះ យើងទៅអញ្ជើញចិន ឆ្នាំ២០២៥ខាងមុខយើង រង់ចាំទទួលភ្ញៀវចិនមកកម្ពុជាវិញម្ដង។»

យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍បានឱ្យដឹង ពេញមួយឆ្នាំ២០២៣ កម្ពុជាទទួលបានភ្ញៀវទេសចរបរទេសចំនួន៥.៤ លាននាក់។ ក្នុងនោះដែរភ្ញៀវទេសចរចិន ឈរនៅលំដាប់ទី៣ ដែលមានប្រមាណ ៥សែននាក់។ ដោយឡែកឆ្នាំ២០២៤នេះ គឺជា ឆ្នាំ នៃការផ្លាស់ប្ដូររវាងប្រជាជន និងប្រជាជនចិន-កម្ពុជា ដូច្នេះកម្ពុជា រំពឹងថា នឹងទទួលបានភ្ញៀវទេសចរចិនកាន់តែច្រើនថែមទៀត៕

វិទ្យុមិត្តភាពកម្ពុជាចិន