(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ តំណាងសម្តេចមហាបរវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៩ ថ្ងៃបង្កើតកងកម្លាំងនគរបាលជាតិកម្ពុជា (១៦ ឧសភា ១៩៤៥ - ១៦ ឧសភា ២០២៤)។ ពិធីនេះត្រូវបានរៀបចំធ្វើឡើង នៅទីស្ដីការក្រសួងមហាផ្ទៃ។
ការរៀបចំទិវារំលឹកខួបអនុស្សាវរីយ៍ ថ្ងៃកំណើតនគរបាលជាតិ គឺក្នុងគោលបំណងរំលឹក ដល់ព្រះករុណាទិគុណដ៏ថ្លៃថ្លានៃព្រះមហាវីរក្សត្រ ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ដែលបានបង្កើតនូវស្ថាប័ន «នគរបាលជាតិកម្ពុជា» ក្នុងព្រះរាជបំណងការពារសន្តិសុខជាតិ និងភាពសុខសាន្តរបស់ប្រជាពលរដ្ឋ។
ថ្លែងក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ អភិសន្ដិបណ្ឌិត ស សុខា បានលើកឡើងថា កិច្ចការងារសំខាន់៣ ដែលក្រសួងមហាផ្ទៃយកចិត្តទុកដាក់ និងបន្តធ្វើរួមមាន៖
* ទី១៖ ការថែរក្សាសុខសុវត្ថិភាព សន្តិភាព ស្ថេរភាពនយោបាយ និងសណ្ដាប់ធ្នាប់នៅក្នុងសង្គមកម្ពុជា ជាពិសេសការត្រួតពិនិត្យ ចំពោះការអនុវត្តច្បាប់នានា
* ទី២៖ ការថែរក្សាកេរ្ដិ៍តំណែស្នាដៃរបស់អតីតថ្នាក់ដឹកនាំជំនាន់មុន ក្នុងគោលដៅពង្រីកគុណភាពនូវអ្វីដែលសម្រេចបានកន្លងមក
* ទី៣៖ កំណែទម្រង់កងកម្លាំងនគរបាលជាតិ ដោយតម្រូវឲ្យមន្រ្តីទាំងអស់ ត្រូវប្រកាន់ខ្ជាប់តួរនាទីជាអ្នកបម្រើបប្រជាពលរដ្ឋ មិនមែនជាម្ចាស់ប្រជាពលរដ្ឋ និងបញ្ជាប្រជាពលរដ្ឋតាមតែចិត្តនោះទេ។
នាយឧត្តមសេនីយ៍ អភិសន្ដិបណ្ឌិត ស សុខា បានក្រើនរំលឹកដល់មន្ដ្រីនគរបាលទាំងអស់ ត្រូវដើរតួនាទីជាអ្នកបម្រើប្រជាពលរដ្ឋ មិនមែនជាអ្នកបង្គាប់បញ្ជាប្រជាពលរដ្ឋនោះទេ ពោលត្រូវបម្រើសេវាឲ្យបានល្អបំផុត។ នាយឧត្តមសេនីយ៍ ក៏បានណែនាំឲ្យកែលម្អនូវរាល់ចំណុចខ្វះខាត ដែលបានកើនឡើងកន្លងមក។
នាយឧត្តមសេនីយ៍ ស សុខា ថ្លែងយ៉ាងដូច្នេះថា «សូមឲ្យមន្ដ្រីរបស់យើងទាំងអស់ដែលមានវត្តមាននៅទីនេះ ថ្នាក់ដឹកនាំជាន់ខ្ពស់ រហូតដល់មន្ដ្រីថ្នាក់តូច សូមដើរតួជាអ្នកបម្រើប្រជាពលរដ្ឋមិនមែនជាម្ចាស់ប្រជាពលរដ្ឋបញ្ជាឲ្យគាត់ធ្វើតាមតែចិត្តនោះទេ នេះគឺជាមន្ដ្រីដែលមានក្របសីលធម៌វិជ្ជាជីវៈខ្ពស់ ដូច្នេះក្នុងនីតិកាលទី៧ ក៏ដូចជាខួបលើកទី៧៩នៅពេលនេះ គឺជាសារសំខាន់ក្នុងការពិនិត្យដើរតួ កែលម្អធ្វើជាអ្នកបម្រើប្រជាពលរដ្ឋ ក្នុងគោលដៅធ្វើមិចឲ្យមានភាពសុខដុមរមនានៅក្នុងសង្គម»។
នាយឧត្តមសេនីយ៍អភិសន្ដិបណ្ឌិត បានថ្លែងអំណរគុណដល់ការលះបង់ ទាំងកម្លាំងកាយ និងកម្លាំងចិត្ត ព្រមទាំងពេលវេលា របស់កងកម្លាំងនគរបាលជាតិ សម្រាប់ជាតិមាតុភូមិប្រជាពលរដ្ឋ និងជំរុញដល់នគរបាលជាតិ នៅគ្រប់រាជធានីខេត្ត និងគ្រប់ស្ថាប័នអង្គភាព បន្តបំពេញភារកិច្ចតួនាទីរបស់ខ្លួន ឲ្យកាន់តែល្អប្រសើរបន្ថែមទៀត។ លោកថា កងកម្លាំងនគរបាលជាតិ ក៏ជាកម្លាំងដ៏សំខាន់ តាមរយៈការប្រកៀកស្មាជាមួយកងទ័ពកម្ពុជា ក្នុងការជួយទប់ស្កាត់ និងបំបែកកម្លាំងរបស់ពួកខ្មែរក្រហម រហូតដល់កម្ពុជារកបាននូវសុខសន្តិភាពដ៏ពេញលេញ ក្រោមនយោបាយឈ្នះឈ្នះរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃរូបនេះ ក៏បានរំលឹកនូវអ្វីដែលមិនអាចបំភ្លេចបានទៀតនោះ គឺកាលពីឆ្នាំ២០២២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទៃនៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ និងនៅឆ្នាំ២០២៣ ក្នុងព្រឹត្តិការណ៍កីឡាអាស៊ាន (Sea Game) និងអាស៊ានប៉ារ៉ាហ្គេម គឺកម្លាំងនគរបាលជាតិ និងកងកម្លាំងនានា បានចូលរួមថែរក្សាសុខសុវត្ថិភាព ជូនថ្នាក់ដឹកនាំប្រទេសនានា និងក្រុមកីឡាករ កីឡាការិនី ធ្វើឲ្យកិច្ចប្រជុំ កម្មវិធី និងការប្រកួតកីឡានានា បានប្រព្រឹត្តិទៅរលូន និងប្រកបដោយជោគជ័យ៕