(ភ្នំពេញ)៖ ជារៀងរាល់ឆ្នាំនៅក្នុងឱកាសដ៏ពិសេស នៃថ្ងៃកំណើតរបស់បណ្ដាញព័ត៌មាន Fresh News លោក លឹម ជាវុត្ថា ស្ថាបនិក និងជាអគ្គនាយក តែងតែនាំបុគ្គលិក ធ្វើដំណើរកម្សាន្តនៅតាមតំបន់រមណីយដ្ឋាននានា ប៉ុន្តែនៅក្នុងឱកាសខួបពិសេស១០ឆ្នាំនេះ លោកអគ្គនាយក បានរៀបចំកម្មវិធីជប់លៀង ជូនបុគ្គលិកនៅទីស្នាក់ការកណ្តាល ព្រមទាំងចែកថវិកាម្នាក់២០០ដុល្លារ។
ពិសេសជាងនោះទៅទៀត លោក លឹម ជាវុត្ថា បានចំណាយថវិកាប្រមាណ២ម៉ឺនដុល្លារទៀត ផ្តល់កាដូពិសេសជូនបុគ្គលិក តាមរយៈការចាប់រង្វាន់ជាង៥០រង្វាន់ ជូនដល់បុគ្គលិក, ក្នុងនោះរួមមាន ម៉ូតូ២គ្រឿង, កុំព្យូទ័រ Apple, ទូរស័ព្ទ iPhone 15, ទូរទស្សន៍ Smart TV ខ្នាតធំ និងរង្វាន់ទឹកប្រាក់ ១០០០ដុល្លារ, ៥០០ដុល្លារ ព្រមទាំងរង្វាន់ធំៗជាច្រើនទៀត។
លោក លឹម ជាវុត្ថា បានថ្លែងទៅកាន់បុគ្គលិកនៅក្នុងឱកាសនោះថា «បងប្អូនយើងទាំងអស់គ្នាបានរួមដំណើរជាមួយគ្នារយៈពេល១០ឆ្នាំមកហើយ យើងនឹងបន្តរួមដំណើរជាមួយគ្នាជាច្រើនឆ្នាំទៅមុខទៀត, ដោយសារការរួមកម្លាំងសាមគ្គីរបស់ថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់គ្នានេះហើយ ទើបពួកយើងបានមកដល់ថ្ងៃនេះដោយជោគជ័យ ដែលយើងអាចនិយាយបានថា Fresh News ជាបណ្តាញព័ត៌មានឈានមុខមួយនៅកម្ពុជា»។
លោក លឹម ជាវុត្ថា បានសង្កត់បញ្ជាក់យ៉ាងច្បាស់ថា «ខ្ញុំមិនអាចដឹកនាំបណ្តាញព័ត៌មាន Fresh News ឲ្យទទួលបានជោគជ័យតែម្នាក់នោះទេ, ដោយសារវត្តមានរបស់បងប្អូនទាំងអស់ និងមានគុណសម្បត្តិគ្រប់ផ្នែកទាំងអស់ ទើប Fresh News ឈានជើងមកដល់ពេលនេះ និងទទួលបានជោគជ័យដូចថ្ងៃនេះ»។
កាលពីយប់មិញនេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ក៏បានអញ្ជើញមកជូនពរដោយផ្ទាល់ ដល់លោក លឹម ជាវុត្ថា នៅទីស្នាក់បណ្តាញព័ត៌មាន Fresh News ផងដែរ។
Fresh News ជាបណ្តាញផ្សព្វផ្សាយបែបទំនើបក្នុងយុគ្គសម័យនៃការរីកចម្រើនផ្នែកឌីជីថល ត្រូវបានបង្កើតឡើងជាផ្លូវការនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៤។ Fresh News ត្រូវបង្កើតឡើងដោយលោក លឹម ជាវុត្ថា និងសហស្ថាបនិករបស់លោកគឺលោក គឹម ម៉េង។
Fresh News ត្រូវបានបង្កើតឡើងដោយប្រើមធ្យោបាយបែបទំនើប ដោយបញ្ជូនព័ត៌មានទៅដល់ទូរស័ព្ទរបស់មិត្តអ្នកអានរបស់ខ្លួនតែម្តង។ បើទោះបី Fresh News ចាប់កំណើតក្នុងពេលមានការប្រកួតប្រជែង និងប្រឈមជាមួយការប្រកួតប្រជែងយ៉ាងខ្លាំងជាមួបណ្តាញសង្គមនានា ជាពិសេសបណ្តាញសង្គម Facebook ក្តី តែអង្គភាពព័ត៌មាន ដែលទទួលបានការគាំទ្រពីអ្នកអានគ្រប់ឋានានុក្រម និងស្រទាប់វណ្ណៈមួយនេះ នៅតែអាចបន្តឈរជើងដោយភាពរឹងមាំ។
មិនត្រឹមតែអាចឈរជើងដោយរឹងភាពរឹងមាំប៉ុណ្ណោះទេ តែ Fresh News ក្រោមការដឹកនាំរបស់លោក លឹម ជាវុត្ថា បានពង្រីកការផ្សព្វផ្សាយរបស់ខ្លួនជាបន្តបន្ទាប់ និងកាន់តែសម្បូរបែប ដើម្បីផ្តល់ភាពងាយស្រួលដល់មិត្តអ្នកអានក្នុងការទទួលព័ត៌មាន។ ផ្តើមចេញពីការផ្សព្វផ្សាយត្រឹមវេបសាយ និង App ពេលបច្ចុប្បន្ន Fresh News បានពង្រីកការផ្សាយតាមទូរទស្សន៍ខ្សែកាប្លិ៍ និងផ្សាយតាមរយៈផ្កាយរណបគ្របដណ្តប់ទូទាំងប្រទេស ហើយក៏ផ្សាយទៅកាន់ Facebook មានចំនួន 4.5M, Facebook Fresh News TV ចំនួនជាង 2.2M, YouTube មានចំនួនលើស 900K, Telegram មានចំនួនលើស 100K និង Tiktok លើស 960K។ មិនត្រឹមតែផ្សាយជាខេមរភាសាប៉ុណ្ណោះទេ Fresh News ក៏បានផ្សាយជាភាសាអង់គ្លេស និងភាសាចិនផងដែរ។
អគ្គនាយក លឹម ជាវុត្ថា បានប្រកាសអំពាវនាវដល់ថ្នាក់ដឹកនាំ និងបុគ្គលិកគ្រប់បន្តប្រឹងប្រែងរួមគ្នា ជាកម្លាំងថែមទៀត ដើម្បីឱ្យអង្គភាពព័ត៌មាន Fresh News នៅតែអាចឈរជើងរឹងមាំលើការផ្សព្វផ្សាយព័ត៌មាន ហើយអាចផ្តល់នូវព័ត៌មានបានកាន់តែល្អប្រសើរ ដល់មិត្តអ្នកអាន ក្រោមទិសស្លោកថា «Fresh News មិននឿយហត់ក្នុងការបញ្ជូនព័ត៌មានទៅកាន់ពិភពលោក»។
ឱកាសខួប១០ឆ្នាំនេះ លោក លឹម ជាវុត្ថា ក៏បានថ្លែងអំណរគុណដល់ម្ចាស់ផលិតផលគ្រប់រូប ដែលបន្តផ្តល់ការគាំទ្រផ្សព្វផ្សាយលើបណ្តាញព័ត៌មាន Fresh News។ សម្រាប់លោក លឹម ជាវុត្ថា ការគាំទ្រផ្នែកផ្សព្វផ្សាយពីសំណាក់ម្ចាស់អាជីវកម្មនានានៅកម្ពុជា គឺជាដៃគូសហការ និងគាំទ្រដ៏ខ្លាំងក្លាឱ្យបណ្តាញព័ត៌មាន Fresh News អាចឈរជើងរឹងមាំ លើការផ្សព្វផ្សាយព័ត៌មាន និងផ្តល់ការងារជូនបុគ្គលិកផងដែរ៕