(ត្បូងឃ្មុំ)៖ លោកសាស្ត្រាចារ្យ ឡាំ អេងហួរ អនុប្រធានទី១ គណៈគ្រូពេទ្យជាតិ អញ្ជើញជាអធិបតីភាព បើកកិច្ចប្រជុំបូកសរុបលទ្ធផលសកម្មភាពក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្តត្បូងឃ្មុំ អាណត្តិ៦ឆ្នាំ លើកទី១ និងទិសដៅការងារសម្រាប់អាណត្តិ៦ឆ្នាំ លើកទី២ ខេត្តត្បូងឃ្មុំ និងទិវាអភិវឌ្ឍវិជ្ជាជីវ:វេជ្ជសាស្រ្តបន្តលើកទី១២ ខេត្តត្បូងឃ្មុំ។

កិច្ចប្រជុំនេះ ធ្វើឡើងនៅសាលប្រជុំមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ មានការអញ្ជើញចូលរួមពីលោកវេជ្ជបណ្ឌិត កែវ វណ្ណៈ ប្រធានមន្ទីរសុខាភិបាល, លោកវេជ្ជបណ្ឌិត ឆន មុនី អនុប្រធានមន្ទីរសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្តត្បូងឃ្មុំ លោកសាស្ត្រាចារ្យ វេជ្ជបណ្ឌិត មកពីមន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីពេទ្យព្រះកុសមៈ លោក លោកស្រី ជាក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្តត្បូងឃ្មុំ សមាជិកសមាជិកា ជាក្រុមគ្រូពេទ្យ អញ្ជើញមកពីតាមមន្ទីរពេទ្យមណ្ឌលសុភាពក្នុងខេត្តត្បូងឃ្មុំ នឹងអ្នកពាក់ព័ន្ធជាច្រើនរូប។

ថ្លែងក្នុងឱកាសនោះ លោកវេជ្ជបណ្ឌិត ឆន មុនី ប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្ត បានឲ្យដឹងថា ខេត្តត្បូងឃ្មុំ ក្នុងឆ្នាំ២០២៣នេះ មានការចុះបញ្ជីការ និងស្នើសុំអាជ្ញាបណ្ណ រួមមាន៖ គ្រូពេទ្យសរុបចំនួន២៩០នាក់ (ស្រី៤៨) វេជ្ជបណ្ឌិត/គ្រូពេទ្យបម្រើក្នុងស្ថាប័នរដ្ឋសរុប១៧១នាក់ (ស្រី៣៨) គ្រូពេទ្យបានចុះបញ្ជីកាសរុប២៧៦ (ស្រី៤៣) គ្រូពេទ្យ បានចុះបញ្ជីការថ្មីសរុប២៧នាក់ គ្រូពេទ្យបានស្នើសុំអាជ្ញាបណ្ណសរុប១២៩នាក់ (ស្រី២៧) គ្រូពេទ្យសុំផ្ទេរចេញសរុប១៤នាក់ គ្រូពេទ្យផ្ទេរចូលសរុប៨នាក់ (ស្រី១នាក់) ផងដែរ។

វេជ្ជបណ្ឌិត ឆន មុនី បានគូសបញ្ជាក់លើកឡើងថា ការអនុវត្តន៍សេចក្ដីណែនាំ លក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុង ការបណ្តុះបណ្តាលបន្តការប្រតិបត្តិ វិជ្ជាជីវៈសុខាភិបាល របស់ក្រុមប្រឹក្សាគណៈគ្រូពេទ្យ ខេត្តត្បូងឃ្មុំ មានបំណងផ្លាស់ប្ដូរបទពិសោធន៍ ពង្រឹងនូវគុណវុឌ្ឍន៍ ផ្តល់សេវាកម្មវេជ្ជសាស្ត្រ ដែលមានគុណភាព ប្រសិទ្ធភាព ទាំងគុណធម៌ សមធម៌ សេចក្តីថ្លៃថ្នូរវិជ្ជាជីវៈ ដើម្បីធានាបាននូវសុខុមាលភាពជូនប្រជាពលរដ្ឋនៅក្នុងខេត្ត ក៏ដូចជាទូទាំងប្រទេសកម្ពុជា។

ទន្ទឹមនេះ លោកវេជ្ជបណ្ឌិត កែវ វណ្ណៈ បានកោតសរសើរចំពោះគ្រូពេទ្យទាំងអស់នៅទូទាំងខេត្ត ដែលបានយកចិត្តទុកដាក់ ចូលរួមក្នុងការលើកកម្ពស់ក្រមសីលធម៌វិជ្ជាជីវៈ អនុវត្តន៍បទបញ្ជាផ្ទៃក្នុង ពង្រឹងនូវគុណវុឌ្ឍន៍ នៃវិជ្ជាជីវៈសុខាភិបាលសាធារណៈ និងឯកជន ឲ្យប្រកបដោយប្រសិទ្ធិភាព និងសុវត្ថិភាព កាត់បន្ថយអត្រាស្លាប់ ពិការភាពនិងគ្រោះថ្នាក់ ដោយការប្រើប្រាស់ឱសថផ្សេងៗ និងសេវាកម្មខុសច្បាប់ ឬគ្មានគុណភាពជាបន្តបន្ទាប់ផងដែរ។

ជាមួយគ្នានោះ លោកសាស្ត្រាចារ្យ ឡាំ អេងហួរ អនុប្រធានទី១គណៈគ្រូពេទ្យជាតិ បានធ្វើការសាទរ និងបានធ្វើការវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ ក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្តត្បូងឃ្មុំទាំងអស់ ដែលបានបំពេញភារៈកិច្ចយ៉ាងសស្រាក់សស្រាំ ក្នុងកិច្ចការងារដែលរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល ក្រុមប្រឹក្សាភិបាលថ្នាក់ជាតិ ដាក់ចេញឲ្យអនុវត្ត ហើយកិច្ចការងារនេះឃើញថា តាំងពីអាណត្តិ៦ឆ្នាំ លើកទី១ មកមានភាពល្អប្រសើរក្រៃលែង ដោយបានអនុវត្តទៅលើគ្រូពេទ្យដែលគ្មានអាជ្ញាប័ណ្ណ ប្រើប្រាស់ឯកសារក្លែងបន្លំ និងចែកចាយឱសថដែលគ្មានការអនុញ្ញាតជាដើមបានយ៉ាងល្អប្រសើរ។

លោកសាស្ត្រាចារ្យ ឡាំ អេងហួរ ក៏បានស្នើឲ្យក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្ត បន្តអនុវត្តកិច្ចការងារនេះឲ្យមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត ដោយសង្ឃឹមយ៉ាងមុតមាំថា ខេត្តត្បូងឃ្មុំ គឺជាខេត្តដំបូងគេបង្អស់ ដែលគ្មានគ្លីនិក ឱសថស្ថាន គ្មានអាជ្ញាប័ណ្ណត្រឹមត្រូវក្នុងខេត្តនេះ។

សូមបញ្ជាក់ថា ក្នុងកិច្ចប្រជុំបូកសរុបការងារគណៈគ្រូពេទ្យខេត្តត្បូងឃ្មុំ អាណត្តិ៦ឆ្នាំ លើកទី១នោះ សមាជិក សមាជិកាចូលរួមកិច្ចប្រជុំទាំង១២៥រូប ក្នុងចំណោម១២៩រូប បានបោះឆ្នោតជ្រើសរើស លោកវេជ្ជបណ្ឌិត ឆន មុនី ជាប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្តត្បូងឃ្មុំ អាណត្តិ៦ឆ្នាំ លើកទី២បន្តទៀតផងដែរ៕