(ភ្នំពេញ)៖ លោក Pedro Zwahlen ឯកអគ្គរដ្ឋទូតសហព័ន្ធស្វីស ប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក ប្រទេសថៃ បានបញ្ជាក់អំពីគោលជំហរយ៉ាងរឹងមាំ ក្នុងការពង្រឹងទំនាក់ទំនងការទូតរយៈពេលជាង៦០ឆ្នាំ និងចូលរួមពង្រីកកិច្ចសហប្រតិបត្តិការដែលមានស្រាប់ តាមរយៈការបន្តជួយការលើកកម្ពស់សុខុមាលភាពប្រជាជន ស្រ្តី និងកុមារកម្ពុជា។

ការថ្លែងដូច្នេះរបសលោកឯកអគ្គរដ្ឋទូតសហព័ន្ធស្វីស ក្នុងឱកាសចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយលោកសាស្ដ្រាចារ្យ ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល នារសៀលថ្ងៃទី១៦​ ខែឧសភា ឆ្នាំ២០២៤នេះ នៅទីស្ដីការក្រសួងសុខាភិបាល។

ក្នុងឱកាសនោះដែរ លោកឯកអគ្គរដ្ឋទូតសហព័ន្ធស្វីស បានថ្លែងការអបអរសាទរ និងជូនពរលោកសាស្ត្រាចារ្យ ក្នុងឱកាសដែលលោកសាស្ដ្រាចារ្យ ទទួលបាននូវការទុកចិត្តពីរាជរដ្ឋាភិបាលអាណត្តិទី៧ តែងតាំង ជារដ្ឋមន្ត្រីក្រសួងសុខាភិបាល។

ជាមួយគ្នានេះ លោកសាស្ត្រាចារ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាល បានសម្តែងស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោក Pedro Zwahlen ឯកអគ្គរដ្ឋទូតសហព័ន្ធស្វីស និងគណៈប្រតិភូ។ ក្នុងនាមក្រសួងសុខាភិបាល លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានសម្ដែងការកោតសរសើរ និងរំលឹកគោរពនូវវិញ្ញាណក្ខន្ធ លោកវេជ្ជបណ្ឌិតជនជាតិស្វ៊ីស Beat Richner ដែលបានចំណាយពេលវេលា ទាំងកម្លាំងកាយ និងកម្លាំងចិត្តដ៏ច្រើនធំធេង ដែលបានបង្កើតមន្ទីរពេទ្យគន្ធបុប្ផា និងជាស្នាដៃមនុស្សធម៌ ប្រវត្តិសាស្ត្របន្សល់ទុកក្នុងដួងចិត្តប្រជាជនកម្ពុជាទាំងអស់។

ជាចុងបញ្ចប់ ក្នុងនាមជាគ្រូពេទ្យម្នាក់ និងតំណាងឲ្យមាតា និងស្ត្រីកម្ពុជា លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់រដ្ឋាភិបាលសហព័ន្ធស្វីស តាមរយៈ លោក Pedro Zwahlen ឯកអគ្គរដ្ឋទូតសហព័ន្ធស្វីស និងសូមស្វាគមន៍ចំពោះកិច្ចសហការបន្ថែមលើវិស័យសុខាភិបាល រួមមានការលើកកម្ពស់សុខុមាលភាពប្រជាជន ស្រ្តី និងកុមារកម្ពុជា ការលើកកម្ពស់គុណភាពសេវាសុខាភិបាល និងការអភិវឌ្ឍធនធានមនុស្សសុខាភិបាល ដើម្បីរួមចំណែកជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងសុខាភិបាលកម្ពុជា ក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា ដើម្បីឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល ស្របតាមផែនការយុទ្ធសាស្រ្តបញ្ចកោណ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា៕