(ភ្នំពេញ)៖ លោក ងួន ស្តេចភក្តី ព្រះរាជតំណាងសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះសាកលវិទ្យាធិការ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤នេះ បានដឹកនាំគណៈគ្រប់គ្រងពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ចុះអនុស្សរណៈយោគយល់គ្នាជាមួយធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជាដើម្បីចូលរួមផលិតប័ណ្ណសម្គាល់ខ្លួន និងបើកគណនីនិស្សិតដែលមានលក្ខខណ្ឌពិសេស ។

ក្នុងពិធីនោះលោក ងួន ស្តេចភក្តី និងគណៈគ្រប់គ្រងបានទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅចំពោះថ្នាក់ដឹកនាំធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា តំណាងដោយលោក ឌិត សុចល ថែមទាំងបានលើកឡើងពីសារៈសំខាន់នៃការប្រើប្រាស់ប័ណ្ណសម្គាល់ខ្លួននិស្សិត ដែលអាចជាប្រយោជន៍ក្នុងការស្វែងរកការងារធ្វើ និងតួនាទីរបស់ធនាគារក្នុងការជម្រុញវិស័យអប់រំ ក៏ដូចជាដំណើរការសិក្សារបស់និស្សិតក្នុងការប្រើប្រាស់ហិរញ្ញវត្ថុតាមរយៈសេវារបស់ធនាគារផងដែរ។

ជាងនេះទៅទៀត លោក ឌិត សុចល ក៏បានលើកឡើងពីសារៈសំខាន់នៃប័ណ្ណសម្គាល់ខ្លួននិស្សិតដែលធនាគារគ្រោងនឹងរៀបចំ ក្នុងគោលបំណងបង្រៀនដល់និស្សិតឱ្យយល់ដឹងពីការប្រើប្រាស់សេវារបស់ធនាគារតាមប្រព័ន្ធឌីជីថល និងភាពងាយស្រួលក្នុងការប្រើប្រាស់កាតនេះដើម្បីទិញទំនិញនានា។

ក្នុងកិច្ចសំណេះសំណាលនេះ ថ្នាក់ដឹកនាំស្ថាប័នទាំងពីរ ក៏បានលើកឡើងពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការរវាងស្ថាប័នអប់រំ និងធនាគារ ដើម្បីជំរុញឱ្យនិស្សិតមានឱកាសចុះកម្មសិក្សា ទទួលបានការងារធ្វើការបណ្តុះបណ្តាលស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុ និងភាពងាយស្រួលក្នុងការប្រើប្រាស់សេវាធនាគារក្នុងការពន្លឿនដំណើរការសិក្សារបស់និស្សិត៕