(រតនគិរី)៖ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងរដ្ឋបាល​ខេត្តរតនគិរី បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពីការវិនិយោគ ជូនដល់មន្ត្រីពាក់​ព័ន្ធ​ក្នុងខេត្តរតនគិរី ក្នុងបំណងបញ្ជ្រាបការយល់ដឹងពាក់ព័ន្ធច្បាប់វិនិយោគជូនដល់មន្ត្រីនៅ​ក្នុងខេត្ត។

សិក្ខាសាលានេះដឹកនាំរៀបចំ និងអញ្ជើញជាអធិបតីដោយ លោក ទ្រី ដាលុច អគ្គលេខា​ធិការ​រងគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងមានការអញ្ជើញ​ចូលរួមពីលោក យុន ហេង អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា, លោក ឌុច ចាន់តូ អភិបាលរងនៃគណៈអភិបាលខេត្តរតនគិរី, សមាជិកអនុ​គណៈ​កម្មា​ធិការវិនិ​យោគ​ខេត្ត, តំណាងសភាពាណិជ្ជកម្មខេត្ត និងតំណាងមន្ទីរ​ជំនាញពាក់ព័ន្ធចំណុះឱ្យរដ្ឋ​បាល​ខេត្តរតនគិរីសរុបចំនួន ៨៥រូប។

លោក ឌុច ចាន់តូ បានថ្លែងអំណរគុណយ៉ាង​ជ្រាលជ្រៅ និងសម្តែងសេចក្តីសោមនស្សរីករាយចំពោះវត្តមានគណៈប្រតិភូក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលបានរៀបចំសិក្ខាសាលាដ៏មានសារៈសំខាន់នេះឡើង ព្រមទាំងបានជម្រាបអំពីលក្ខណៈភូមិសាស្ត្រ ប្រជាសាស្ត្រ សមិទ្ធផលមួយចំនួនពាក់ព័ន្ធនឹងកិច្ចការវិនិយោគ សក្ដានុពល និងស្ថានភាពសេដ្ឋកិច្ចលើវិស័យកសិ-ឧស្សាហកម្មរបស់ខេត្ត។

លោក ទ្រី ដាលុច បានថ្លែងគូសបញ្ជាក់ថា គោលបំណងចម្បងនៃសិក្ខាសាលានេះ សំដៅ​បញ្ជ្រាប និងលើកកម្ពស់ការយល់ដឹងអំពីច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ​ការ​វិនិ​យោគប្រកបដោយតម្លាភាព ជាពិសេសនីតិវិធីនៃការអនុវត្តច្បាប់ និងលិខិតបទដ្ឋាន​គតិ​យុត្តពាក់ព័ន្ធការវិនិយោគជូនថ្នាក់ដឹកនាំ និងមន្ត្រីនៃអនុគណៈកម្មាធិការវិនិយោគខេត្តរតនគិរី។

លោកអគ្គលេខាធិការរង បន្តទៀតថា តាមរយៈច្បាប់ និងអនុក្រឹត្យនេះ អនុគណៈកម្មាធិការ​វិនិយោគ​ខេត្តរតនគិរី បានទទួលប្រតិភូកម្មសិទ្ធិអំណាចក្នុងការពិនិត្យ និងសម្រេច​លើការ​ចុះ​បញ្ជី, ការផ្តល់ការលើកទឹកចិត្ត, ការធានា, ការទិញ, ការលក់, ការរួមបញ្ចូលគ្នា, ការ​លុប និងការដោះស្រាយវិវាទពាក់ព័ន្ធគម្រោងវិនិយោគឯកជន ដែលមានទុនវិនិយោគ​សម​មូលនឹង ៥លានដុល្លារអាម៉េរិកចុះ ដែលនេះជាការពង្រីកដែនសមត្ថកិច្ចដល់​អនុគណៈ​កម្មា​ធិការ​វិនិយោគរាជធានី ខេត្ត។

លើសពីនេះ លោកអគ្គលេខាធិការរងមានសង្ឃឹមយ៉ាងមុតមាំថា តាមរយ:សិក្ខាសាលានា​ថ្ងៃនេះ សិក្ខាកាមនឹងទទួលបានចំណេះដឹង ដើម្បីអនុវត្តសិទ្ធិអំណាចដែលត្រូវបានប្រគល់​ជូន​ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ និងស្មារតីទទួលខុសត្រូវខ្ពស់។

ក្នុងឱកាសនោះលោកអគ្គលេខាធិការរង ក៏បាននាំនូវវត្ថុអនុស្សាវរីយ៍មានក្រមា, ថវិកា​ចំនួន ១០០,០០០រៀលក្នុង១នាក់ និងកម្រងឯកសារ រួមមានច្បាប់ និងបទប្បញ្ញត្តិ​ពាក់ព័ន្ធនឹងវិនិយោគ ព្រមទាំងឯកសារបទបង្ហាញរបស់វាគ្មិន​ជូនដល់សិក្ខាកាមផងដែរ។

ក្នុងមតិបិទ និងបូកសរុប លោក យុន ហេង អគ្គលេខាធិការរង ក៏បានគូសបញ្ជាក់ឡើងវិញ​ពីភាពចាំបាច់នៃការរៀបចំច្បាប់ស្តីពីវិនិយោគ, ការបង្ហាញចំនុចយល់ដឹងសំខាន់ៗ​អំពី​អនុ​ក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីពីវិនិយោគ និងអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់​អនុ​គណៈកម្មាធិការវិនិយោគរាជធានី-ខេត្ត ដែលសំដៅលើសិទ្ធិសម្រេចលើទុនវិនិយោគ​រហូតដល់ ៥លានដុល្លារអាម៉េរិក និងការប្រគល់នូវសិទ្ធិអំណាចពីក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា​​ជូនដល់អនុគណៈកម្មាធិការវិនិយោគរាជធានី-ខេត្ត។

សិក្ខាកាមដែលបានចូលរួមក្នុងសិក្ខាសាលានេះ បានបង្ហាញការយកចិត្តទុកដាក់ខ្ពស់ និង​បានចោទសួរយ៉ាងផុលផុស ព្រមទាំងសម្តែងការពេញចិត្តយ៉ាងខ្លាំង និងថ្លែងអំណរ​គុណ​យ៉ាងជ្រាលជ្រៅបំផុតចំពោះក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលផ្តួចផ្តើមរៀបចំសិក្ខាសាលា​ដ៏មាន​សារៈសំខាន់នេះ៕