(សេអ៊ូល, កូរ៉េខាងត្បូង)៖ លោក ហាន់ ដុកស៊ូ នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង បានលើកឡើងថា កម្ពុជា គឺជាទិសដៅសម្រាប់ការវិនិយោគ និងជាទីផ្សារដ៏មានសក្តានុពលសម្រាប់វិស័យឧស្សាហកម្ម ជាពិសេស​ឧស្សា​ហ​កម្មយានយន្ត។

លោកនាយករដ្ឋមន្ត្រី បានគូសរំលេចបែបនេះ ក្នុងជំនួបពិភាក្សាការងារជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នារសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤នេះ។

ក្នុងជំនួបនេះ លោក ហាន់ ដុកស៊ូ បានសម្តែងកិច្ចស្វាគមន៍យ៉ាងកក់ក្តៅចំពោះការអញ្ជើញ​បំពេញទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងគណៈប្រតិភូជាន់ខ្ពស់ នៃរាជ​រដ្ឋាភិបាល​កម្ពុជា នៅក្នុងប្រទេសកូរ៉េខាងត្បូង និងបានរំលេចអំពីការឯកភាពដំឡើង​កម្រិត​ទំនាក់ទំនងកូរ៉េ-កម្ពុជាឈានដល់កម្រិត «ភាពជាដៃគូយុទ្ធសាស្រ្ត» ដែលនឹងចូល​រួម​ចំណែកពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើវិស័យនានារវាងប្រទេសទាំងពីរ។

លោកនាយករដ្ឋមន្រ្តីកូរ៉េ បានបញ្ជាក់ជូនសម្តេចធិបតីផងដែរថា កម្ពុជាគឺជាទិសដៅនៃ​ការ​វិនិយោគ និងជាទីផ្សារដ៏មានសក្ដានុពលសម្រាប់វិស័យឧស្សាហកម្មកូរ៉េ ជាពិសេស​ឧស្សា​ហ​កម្មយានយន្ត។ លោកក៏បានសម្តែងការគាំទ្រ និងពេញចិត្តចំពោះគំនិតផ្តួចផ្តើម​របស់​សម្តេចធិបតី ក្នុងការបង្កើតតំបន់សេដ្ឋកិច្ចពិសេសសម្រាប់ក្រុមហ៊ុនកូរ៉េ និងការជំរុញឱ្យ​មានយន្តការនៃការជួបពិគ្រោះយោបល់ជាទៀងទាត់រវាងសមាគមធុរកិច្ចកូរ៉េនៅកម្ពុជា និងបានបង្ហាញក្តីរីករាយក្នុងការបង្កើនជំនួយអភិវឌ្ឍន៍ផ្លូវការបន្ថែម តាមរយៈហិរញ្ញប្បទាន​ឥតសំណង របស់ទីភ្នាក់ងារសហប្រតិបត្តការអន្តរជាតិកូរ៉េ (KOICA) និងឥណទាន​សម្ប​ទាន​តាមរយៈមូលនិធិសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច (EDCF Loan)។

សម្តេចធិបតីនាយករដ្ឋមន្ត្រី បានសម្តែងក្តីសោមនស្សរីករាយ​ដែលបានជួបពិភាក្សា​ការងារ​ជាមួយលោកនាយករដ្ឋមន្រ្តីកូរ៉េខាងត្បូង ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង​ និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-កូរ៉េ ដែលបានឈានដល់កម្រិត «ភាពជាដៃគូយុទ្ធសាស្រ្ត» ដែលជាទំនាក់ទំនងដ៏ល្អប្រសើរ។

សម្តេចធិបតីបានកោតសរសើរចំពោះការចូលរួមចំណែកយ៉ាងសកម្មរបស់រដ្ឋាភិបាលកូរ៉េ ក្នុងការកសាង និងអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចកម្ពុជានាពេលកន្លងមក។ ទន្ទឹមនោះ សម្តេច​ធិបតី ក៏បានជម្រាបជូនលោកនាយករដ្ឋមន្រ្តីកូរ៉េថា វិស័យឯកជនមានសារៈសំខាន់​ណាស់​ក្នុងការអភិវឌ្ឍប្រទេសកម្ពុជា។ ក្នុងនោះការពង្រឹងតួនាទីរបស់វិស័យឯកជន​នឹងធ្វើឱ្យ​ការ​អភិ​វឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជាកាន់តែរីកចម្រើនបន្ថែមទៀត។

សម្ដេចធិបតី ក៏បានជម្រាបលោកនាយករដ្ឋមន្រ្តីអំពីលទ្ធផលដ៏ប្រសើរ នៃកិច្ចពិភាក្សា​ប្រកប​ដោយផ្លែផ្កាជាមួយលោកប្រធានាធិបតី យូន ស៊កយ៉ល ជាពិសេសគំនិតផ្តួច​ផ្តើមស្តីអំពីការបង្កើតយន្តការពិគ្រោះយោបល់ទៀងទាត់ (Regular Consultation Sessions) រវាងសមាគមធុរកិច្ចកូរ៉េនៅកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា និង ការបង្កើត​តំបន់សេដ្ឋកិច្ចពិសេស សម្រាប់តែក្រុមហ៊ុនវិនិយោគកូរ៉េ។

សម្តេចធិបតី ក៏បានគូសរំលេចជូនលោកនាយករដ្ឋមន្រ្តី អំពីគម្រោងនិមិត្តរូប​នៃស្ពានមិត្ត​ភាព​កម្ពុជា-កូរ៉េ ដែលគ្រោងនឹងបើកការដ្ឋានសាងសង់នាពេលខាងមុខ។ សម្តេចធិបតី បានបញ្ជាក់ថា ស្ពានមិត្តភាពនេះតំណាងឱ្យមិត្តភាពយូរអង្វែងរវាងប្រទេសទាំងពីរ ហើយ​សម្តេចធិបតី ក៏បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែកដ៏ថ្លៃថ្លា របស់រដ្ឋាភិបាលកូរ៉េក្នុងគម្រោងនេះផងដែរ។

ក្នុងជំនួបនេះថ្នាក់ដឹកនាំទាំងពីរបានបញ្ជាក់នូវជំហរ និងជំនឿជាក់ថា ទំនាក់ទំនង និងកិច្ច​សហប្រតិបត្តិការទ្វេភាគី ក្រោមកម្រិតនៃភាពជាដៃគូយុទ្ធសាស្រ្ត នឹងតែល្អរីកចម្រើន និងរឹង​មាំបន្ថែមទៀត៕