(សៀមរាប)៖ មន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្តសៀមរាប និងអាជ្ញាធរស្រុកជីក្រែង នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤នេះ បានរៀបចំពិធីប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យ ក្នុងនោះដែរមានភូមិកំពង់ស្មោលិច ភូមិសណ្តាន់ ភូមិជីក្រែង ភូមិព្រីង ភូមិស្រមរ ភូមិកំពង់ ភូមិអន្លង់ត្នោត ភូមិអន្លង់ចំបក់ ភូមិបេង ភូមិគរ ភូមិតារាម ភូមិត្នោត ភូមិបុសពក និងភូមិកំពង់ស្មៅកើត ឃុំជីក្រែង ស្រុកជីក្រែង ខេត្ត សៀមរាប ក្នុងតំបន់១ និងតំបន់២ នៃអាជ្ញាធរទន្លេសាប សម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ដែលប្រារព្ធធ្វើឡើងនៅក្នុងបរិវេណវត្តព្រះឥន្ទឧស្សាហ៍(ហៅវត្តជីក្រែង)។ 

លោក ធូ ចន្ថុល អភិបាលរងស្រុកជីក្រែង បានលើកឡើងថា បច្ចុប្បន្នការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធពិតជាអនុវត្តទៅតាមនីតិវិធី និងបច្ចេកវិទ្យាទំនើបមានតម្លាភាព និងការទទួលខុសត្រូវដែលប្រទេសជឿនលឿនលើពិភពលោកកំពុងអនុវត្តហើយនិងមានប្រសិទ្ធិភាពលើការគ្រប់គ្រងដីធ្លីហើយនេះគឺជាប្រការសមស្របបំផុតដែលបានកំណត់នៅក្នុងគោលនយោបាយដីធ្លីរបស់រាជរដ្ឋាភិបាល ដើម្បីកាត់បន្ថយភាពក្រីក្រ និងទំនាស់ដីធ្លីនៅក្នុងសង្គមជាតិ។

លោក ធូ ចន្ថុល បានបន្តថា ជាលទ្ធផល រដ្ឋនិងប្រជាពលរដ្ឋជាម្ចាស់ដី និងអ្នកកាន់កាប់ដីទទួលបាននូវសារៈប្រយោជន៍ដូចជា៖ រដ្ឋគ្រប់គ្រងបានដីធ្លីទាំងដីរដ្ឋ និងដឹឯកជន ដែលធ្វើឱ្យរដ្ឋមានការងាយស្រួលក្នុងការរៀបចំដែនដីរដ្ឋបាលដីធ្លីការបែងចែកដីធ្លី ការលើកស្ទួយកំរិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងការកាត់បន្ថយទំនាស់ដីធ្លី និងធានាសុវត្ថិភាព ក្នុងការកាន់កាប់ដីធ្លីរបស់ប្រជាពលរដ្ឋ និងទទួលបាននូវសិទ្ធិស្របច្បាប់ក្លាយជាម្ចាស់ដីពិតប្រាកដ ដែលត្រូវបានការពារដោយច្បាប់ និងធានាដោយរដ្ឋដែលអាចធ្វើការបង្កបង្កើនផល ឬប្រកបមុខរបរ ផ្សេងៗទៀតលើដីធ្លីរបស់ខ្លួនដោយគ្មានការព្រួយបារម្ភអាចប្រើប្រាស់ប័ណ្ណកម្មសិទ្ធិ ដើម្បីផលប្រយោជន៍ផ្សេងៗក្នុងការ ប្រកបមុខរបរ ឬអាជីវកម្មរបស់ខ្លួន។

លោក ធូ ចន្ថុល ក៏បានណែនាំដល់ប្រជាពលរដ្ឋដែលមានដីនៅក្នុងឃុំជីក្រែងទាំងអស់ ត្រូវចូលរួមសហការជាមួយក្រុមការងារវាស់វែង និងចង្អុលបង្ហាញទីតាំងក្បាលដី ព្រំដី និងមានបង្គោលព្រំរឹងមាំច្បាស់លាស់ និងមានការឯកភាពគ្នា ចៀសវាងមានជម្លោះ ដើម្បីទទួលមកវិញនូវវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុទាំងអស់គ្នា។

លោក ហ៉ី សាយ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្តសៀមរាប បានលើកឡើងថា ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធគឺរួមមានការកំណត់ព្រំដី ការវាស់វែង និងការវិនិច្ឆ័យ ដែលអនុវត្តផ្ទាល់ដោយមន្ត្រីជំនាញ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត សហការជាមួយអាជ្ញាធរដែនដី និងមន្ទីរ អង្គភាពគ្រប់គ្រងដីរដ្ឋដែលពាក់ព័ន្ធ ហើយការចុះបញ្ជីដីធ្លីនេះគឺ ត្រូវចុះបញ្ជីទាំងដីឯកជន ទាំងដីរដ្ឋ ដែលអនុវត្តទៅតាមនីតិវិធី និងបច្ចេក វិទ្យាទំនើប មានតម្លាភាព និងការទទួលខុសត្រូវ ហើយមានប្រសិទ្ធិភាពលើការគ្រប់គ្រងដីធ្លី។

លោក ហ៉ី សាយ បានបញ្ជាក់ថា លទ្ធផលនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធសំរាប់ខេត្តសៀមរាប មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បានសម្រេចប្រកាសកំណត់តំបន់សម្រាប់ធ្វើការវិនិច្ឆ័យដែលមានលក្ខណៈជាប្រព័ន្ធរួចបានចំនួន ៣២៤ ភូមិ លើក្រុង/ស្រុកចំនួន ១២៖ គឺ ក្រុងសៀមរាបបាន ៧១ ភូមិ, ស្រុកពួក បាន ២៩ភូមិ, ស្រុកប្រាសាទបាគង បាន ២៧ភូមិ, ស្រុកសូទ្រនិគម បាន ៦៣ភូមិ, ស្រុកក្រឡាញ់ បាន ២៨ភូមិ, ស្រុកជីក្រែង ៤៨ភូមិ, ស្រុកបន្ទាយស្រី បាន ១២ភូមិ, ស្រុកអង្គរធំ បាន ៦ភូមិ, ស្រុកស្រីស្នំ បាន ៧ភូមិ, ស្រុកវ៉ារិន បាន ១៦ភូមិ, ស្រុកស្វាយលើ បាន ១១ភូមិ និងស្រុកអង្គរជុំ បាន២០ភូមិ៕