(សៀមរាប)៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានជំរុញឱ្យរដ្ឋបាលខេត្តសៀមរាប និងអាជ្ញាធរមូលដ្ឋាន ត្រូវយកចិត្តទុកដាក់ខ្ពស់ចំពោះសុខភាពបឋមរបស់ប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន ដើម្បីបង្ការ និងការ​កាត់បន្ថយអត្រាឈឺ និងបង្កើនប្រសិទ្ធភាពសាធារណឱ្យបានកាន់តែល្អប្រសើរ។

លោកស្រី ឱ វណ្ណឌីន បានធ្វើការជំរុញយ៉ាងដូច្នេះក្នុងសិក្ខាសាលាតម្រង់ទិសថ្នាក់ខេត្តស្តីពីការអនុវត្តក្របខ័ណ្ឌ អនុវត្តការជំរូញបង្កើនការងារថែទាំសុខភាពបឋមនៅកម្ពុជា ក្នុងខេត្តសៀមរាប នាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ ដោយមានការចូលរួមពីលោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប និងលោក អ៊ាប ប៊ុនលឿន អនុប្រធានមន្ទីរសុខាភិបាល ព្រមទាំងថ្នាក់ដឹកនាំ និងបុគ្គលិកសុខាភិបាល និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។

លោកស្រី ឱ វណ្ណឌីន បានបន្តថា ការងារនេះសំខាន់ណាស់ ដើម្បីបង្ហាញដល់ទេសចរថា សុខភាពពលរដ្ឋនៅខេត្តទេសចរណ៍នេះត្រូវបានយកចិត្តទុកដាក់ ពលរដ្ឋមានសុភមង្គលរស់នៅសប្បាយរីករាយ និងមានអាយុវែង។ ការរស់នៅស្អាត ផឹកស្អាត ហូបអាហារមានសុវត្ថិភាពជាដើម សុទ្ធសឹងជាអ្វីដែលពលរដ្ឋសព្វថ្ងៃត្រូវបង្កើនការយកចិត្តទុកដាក់ ស្របពេលសារធាតុគីមីជាច្រើនកំពុងវាលលុកក្នុងសង្គមសព្វថ្ងៃ។

ជាមួយនេះដែរ លោកស្រីក៏បានអំពាវនាវដល់អាជ្ញាធរមូលដ្ឋានត្រូវបង្កើនការផ្សព្វផ្សាយបញ្ហានេះ បង្ការពលរដ្ឋកុំឱ្យមានជំងឺនៅពេលក្រោយ។ ក្រៅពីជំរុញឱ្យអាជ្ញាធរខេត្តសៀមរាប ពង្រឹងការថែទាំសុខភាពបឋមនេះដែរ រដ្ឋលេខាធិការក្រសួងសុខាភិបាល ស្នើឱ្យរដ្ឋបាលខេត្តប្រញាប់បង្កើតក្រុមការងារតម្រង់ទិសនៅថ្នាក់ខេត្ត និងនៅថ្នាក់មូលដ្ឋានផងដែរដើម្បីបង្កើនប្រសិទ្ធភាពថែទាំសុខភាពបឋមជូនពលរដ្ឋកាន់តែល្អប្រសើរ។

ក្នុងឱកាសនោះដែរ លោក អ៊ាប ប៊ុនលឿន បានលើកឡើងអំពីផែនការយុទ្ធសាស្ត្រសុខាភិបាល និងទិសដៅការងារឆ្នាំ២០២៤ និងឆ្នាំបន្តក្នុងការអនុវត្តក្របខ័ណ្ឌ អនុវត្តការជំរុញបង្កើនការថែទាំសុខភាពបឋមនៅកម្ពុជា ក្នុងខេត្តសៀមរាប ដោយផ្តោតចំបងសំខាន់ដូចខាងក្រោម៖ ជំរុញឱ្យមានការចូលរួមពីផ្នែកពាក់ព័ន្ធនិងត្រូវរៀបចំឱ្យមានក្រុមការងារជំរុញបង្កើនការថែទាំសុខភាព បឋមបែបអន្តរវិស័យដោយផ្តោតលើការយកចិត្តទុកដាក់ខ្ពស់លើការអនុវត្តក្របខ័ណ្ឌអនុវត្តន៍ ការជំរុញបង្កើនការថែទាំសុខភាពបឋម រួមទាំងការកែលម្អគុណភាពសេវាមណ្ឌលសុខភាព។

រៀបចំធ្វើផែនការសកម្មភាពអាទិភាពPHC-BIFសម្រាប់ឆ្នាំ២០២៤ និង២០២៥ ដោយរួមបញ្ចូលសកម្មភាពកែលម្អមណ្ឌលសុខភាពទាំងអស់នៅក្នុងខេត្ត ជាមួយការតាមដានការអនុវត្តផែនការ និង ត្រូវរៀបចំនូវរបាយការណ៍សកម្មភាពប្រចាំត្រីមាសទី១ឆ្នាំ២០២៤យោងតាមផែនការគោលដៅអាទិភាព។ ត្រូវមានការរៀបចំមណ្ឌលសុខភាពណាមួយ ដើម្បីធ្វើជាគំរូសម្រាប់ជាបេក្ខភាពប្រឡងប្រជែងមណ្ឌល សុខភាពស្អាតគំរូនៅឱកាសខាងមុខ។ 

លោកបន្តថា ត្រូវចាត់ចែងឱ្យប្រធានមណ្ឌលសុខភាពទាំងអស់បានព្រមព្រៀងរៀបចំឱ្យមានកិច្ចប្រជុំទៀងទាត់ជាមួយ បុគ្គលិករបស់ខ្លួនចំនួន២ដងក្នុង១ខែជាប្រចាំដោយមានរបៀបវារ:ត្រឹមត្រូវដើម្បីពិភាក្សា និងរួមគ្នា ដោះស្រាយរាល់បញ្ហាប្រឈមនានា ឱ្យបានរហ័សជាមុន និងទាន់ពេលវេលា នៅនឹងកន្លែង។ រៀបចំក្រុមការងារធ្វើការផ្សព្វផ្សាយសារអប់រំសុខភាព (តិចអំបិល តិចស្ករ តិចខ្លាញ់) ឱ្យបានទូលំទូលាយ  ជាពិសេស នៅតាមទីផ្សារ និងសាលារៀននៅទូទាំងខេត្តសៀមរាប។

មណ្ឌលសុខភាពទាំងអស់នឹងបង្កើតឱ្យមានលេខទំនាក់ទំនងទាន់ហេតុការណ៍ សម្រាប់មណ្ឌលរៀងៗខ្លួនដោយប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ(OD) ជាអ្នករៀបចំតារាងលេខទំនាក់ ទំនងទាន់ហេតុការណ៍នៃមណ្ឌលសុខភាពទាំងអស់រួចផ្ញើជូនរដ្ឋបាលខេត្ត និងជូនក្រសួងសុខាភិបាល។ ត្រូវពង្រឹងការងារគ្រប់គ្រងនិងដឹកនាំវិស័យសុខាភិបាលខេត្តក្រោមការទទួលខុសត្រូវរបស់ខ្លួនប្រកបដោយសាមគ្គីភាពគ្នាល្អដោយមិនបង្កភាពអសកម្មណាមួយនៅគ្រប់លំដាប់ថ្នាក់ដែលជះឥទ្ធិពលមកលើការងារសុខាភិបាលជារួមនោះឡើយ។

លោក ពិន ប្រាកដ បាន​លើកឡើងថា រាជរដ្ឋាភិបាលបានបង្កើន ថវិកាសម្រាប់វិស័យសុខាភិបាលជារៀងរាល់ឆ្នាំ ពិសេសបានអនុវត្តគម្រោងលើកទឹកចិត្ត ជាច្រើនរួមមានកន្សោមអាទិភាព មូលនិធិសមធម៌ ការផ្តល់ប្រាក់លាភការបន្ថែមលើកទឹកចិត្តដល់ឆ្មបដែលបានបង្កើតកូនរស់ ព្រមទាំងមូលនិធិដែលផ្តល់ដោយដៃគូរអភិវឌ្ឍន៍ ដែលមាន គោលបំណងរួមគ្នាក្នុងការធ្វើឱ្យប្រសើរឡើងនូវការផ្តល់សេវាសុខាភិបាលប្រកបដោយប្រសិទ្ធិភាព គុណភាព និងសមធម៌ ជាពិសេសសំដៅធ្វើយ៉ាងណាកាត់បន្ថយ អាត្រាឈឺ និងស្លាប់របស់មាតា-ទារក និងកុមារ កាត់បន្ថយអត្រាឈឺនិងស្លាប់ដោយជំងឺឆ្លង និងបន្ថយបន្ទុកជំងឺមិនឆ្លង និងបញ្ហាសុខភាពសាធារណៈផ្សេងៗទៀតផងដែរ៕