(កំពង់ចាម)៖ លោកស្រី ប៉ាង ដានី អនុប្រធានអចិន្ត្រៃយ៍សាខាកាកបាទក្រហមខេត្តកំពង់ចាម តំណាងឲ្យលោក អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា នៅរសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០៤នេះ បានដឹកនាំក្រុមប្រតិបត្តិសាខា ចុះសួរសុខទុក្ខនិងនាំយកអំណោយប្រគល់ជូនអ្នកស្រី អេល ម៉េត អាយុ ៦២ឆ្នាំ ជាស្ត្រីមេម៉ាយទុរគត ចិញ្ចឹមកូនប្រុស ២នាក់ ក្នុងបន្ទុក ដោយម្នាក់ អាយុ ៤២ឆ្នាំ មានសតិមិនគ្រប់ និងម្នាក់ទៀត អាយុ ៤០ឆ្នាំ ជាជនមានពិការភាព (ខ្វិនហើយងងឹតភ្នែក) គ្រួសារនេះ រស់នៅក្នុងភូមិស្រែព្រាល ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម។

ក្នុងឱកាសសំណេះសំណាលជាមួយនឹងគ្រួសារកំសត់នោះ លោកស្រី ប៉ាងដានី បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចជាកាលសម្តេចតែងតែយកចិត្តទុកដាក់គិតគូរចំពោះប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណ: ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។

លោកស្រី ប៉ាង ដានី បានឲ្យដឹងផងដែរថា គ្រួសារអ្នកស្រី អេល ម៉េត នោះកន្លងមក សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម ដែលដឹកនាំដោយ លោក អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា និងក្រុមប្រតិបត្តិសាខា បានចុះធ្វើសកម្មភាព ចុះជួយដល់គ្រួសាររបស់គាត់ ជាច្រើនដងរួចមកហើយដែរ។ ប៉ុន្តែយ៉ាងណាក៏ដោយ បន្ថែមលើសពីនោះ ក្រុមការងារសាខា នៅតែបានផ្តល់ជូនជាអង្ករ ៥០ គីឡូក្រាម មី២កេស ត្រីខកំប៉ុង ២ឡូ, ទឹកត្រី ២យួរ ទឹកស៊ីអ៉ីវ ២យួរ, ឃីត ២កញ្ចប់,សាប៊ូដុំ ១ឡូ និងថវិកា ៤០០ ០០០រៀល ដែលការឧបត្ថម្ភនេះ នឹងធ្វើរហូតដល់បំណាច់ឆ្នាំ ២០២៤ តែម្តង ៕