(ភ្នំពេញ)៖ ធនាគារ ខេប៊ីប្រាសាក់ ម.ក ដែលជាបុត្រសម្ព័ន្ធរបស់ធនាគារ KB Kookmin Bank - កូរ៉េ បានប្រកាសថា ធនាគាររួមជាមួយម្ចាស់ភាគហ៊ុនរបស់ខ្លួនគឺ KB Kookmin Bank បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការទូទាត់ឆ្លងដែនតាមឃ្យូអរកូតរវាងប្រទេសកម្ពុជា និង ប្រទេសកូរ៉េខាងត្បូង ដែលបានផ្តួចផ្តើមដោយធនាគារជាតិនៃកម្ពុជា។ ពិធីចុះហត្ថលេខានេះ ធ្វើឡើងក្នុងវេទិកាធុរកិច្ចនៅប្រទេសកូរ៉េខាងត្បូង នៅថ្ងៃទី១៦ ខែឧសភា ដោយមានការរៀបចំពីសភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មនិងឧស្សាហកម្មកូរ៉េ។

ការចុះហត្ថលេខាលើអនុស្សរណៈការយោគយល់គ្នានេះ គឺដើម្បីជំរុញប្រតិបត្តិការទូទាត់ឆ្លងដែនតាមឃ្យូអរកូត ផ្ទេរប្រាក់ ការទូទាត់ជារូបិយប័ណ្ណជាតិរវាងកម្ពុជា និងកូរ៉េខាងត្បូង សំដៅកសាងទំនុកចិត្ត សុវត្ថិភាព ប្រសិទ្ធភាព ស្ថិរភាព និងបរិយាបន្នបន្ថែមទៀត ដែលជាប្រយោជន៍សម្រាប់ប្រជាពលរដ្ឋ និងធុរជននៃប្រទេសទាំងពីរ ជាពិសេសដើម្បីលើកកម្ពស់លទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុរបស់ពលករចំណាកស្រុកកម្ពុជា។

សេវាហិរញ្ញវត្ថុដែលប្រកបដោយភាពច្នៃប្រតិដ្ឋនេះ នឹងអនុញ្ញាតឱ្យអ្នកប្រើប្រាស់ខេប៊ីប្រាសាក់ម៉ូបាល ស្កេន និងទូទាត់តាមឃ្យូអរកូតរបស់ KB Kookmin Bank នៅប្រទេសកូរ៉េ។ មានតែគណនីប្រាក់រៀលប៉ុណ្ណោះដែលអាចធ្វើប្រតិបត្តិការនេះតាមរយៈខេប៊ីប្រាសាក់ម៉ូបាល។ ឥឡូវនេះ អតិថិជនអាចបើកគណនីសន្សំបានដោយគ្រាន់តែទាញយកកម្មវិធីខេប៊ីប្រាសាក់ម៉ូបាល ហើយចុះឈ្មោះប្រើប្រាស់ដោយខ្លួនឯងសម្រាប់ការស្កេន-ទូទាត់នៅក្នុងប្រទេសកូរ៉េនៅពេលខាងមុខនេះ។

មធ្យោបាយទូទាត់ឌីជីថលនេះ នឹងលុបបំបាត់ការប្រើប្រាស់ក្រដាសប្រាក់ មិនលំបាកក្នុងការប្តូររូបិយប័ណ្ណ ធានាបាននូវបទពិសោធន៍ដែលមានប្រសិទ្ធភាពខ្ពស់ និងងាយស្រួលប្រើសម្រាប់អ្នកប្រើប្រាស់ខេប៊ីប្រាសាក់ម៉ូបាល និងអតិថិជនរបស់ KB Kookmin Bank ។

ថ្នាក់គ្រប់គ្រង KB Kookmin Bank បានថ្លែងថា ការចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នារវាងធនាគារជាតិនៃកម្ពុជា និង KB Kookmin Bank គឺជាការវិវឌ្ឍថ្មីមួយ និងជាយុទ្ធសាស្ត្រដើម្បីអនុញ្ញាតឱ្យក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន ធនាគារ ខេប៊ីប្រាសាក់ ផ្តល់ជម្រើសឧបករណ៍ទូទាត់មួយផ្សេងទៀតដល់អតិថិជនជាមួយនឹងមធ្យោបាយងាយស្រួល និងសុវត្ថិភាពក្នុងការទូទាត់ដោយពុំចាំបាច់ប្រើក្រដាសប្រាក់ក្នុងប្រទេសកូរ៉េ រួមទាំងការផ្ទេរប្រាក់ដែលមានតម្លៃសមរម្យសម្រាប់ពលករចំណាកស្រុកកម្ពុជាផងដែរ។ ជាមួយគ្នានេះ អតិថិជនរបស់ KB Kookmin Bank នឹងអាចស្កេន-ទូទាត់តាមរយៈខេអេចឃ្យូអរកូតរបស់ខេប៊ីប្រាសាក់នៅកម្ពុជាផងដែរ។

លោកបានបន្ថែមថា ដំណោះស្រាយការទូទាត់ និងផ្ទេរប្រាក់ប្រកបដោយភាពច្នៃប្រឌិត នឹងក្លាយជាបណ្តាញសុវត្ថិភាព ងាយស្រួល និងជាផ្លូវការសម្រាប់ការទូទាត់ និងការផ្ទេរប្រាក់ឆ្លងដែនតាមឃ្យូអរកូត ដែលផ្តល់អត្ថប្រយោជន៍ មិនត្រឹមតែសម្រាប់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរប៉ុណ្ណោះទេ ថែមទាំងគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងហិរញ្ញវត្ថុទៀតផង។ ធនាគារ ខេប៊ីប្រាសាក់ ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ KB Kookmin Bank នៅកម្ពុជា នឹងដើរតួយ៉ាងសំខាន់ក្នុងការបង្កើត និងដំណើរការប្រព័ន្ធទូទាត់ រួមទាំងដើរតួនាទីជាធនាគារទូទាត់សម្រាប់ប្រតិបត្តិការសេវាទូទាត់ឆ្លងដែននេះ។

ថ្នាក់គ្រប់គ្រងរបស់ធនាគារសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះធនាគារជាតិនៃកម្ពុជា សម្រាប់គំនិតផ្តួចផ្តើមនេះ និងផ្តល់ឱកាសដ៏ល្អដល់ KB Kookmin Bank និងធនាគារ ខេប៊ីប្រាសាក់ ក្នុងការចូលរួមក្នុងប្រព័ន្ធទូទាត់ឆ្លងដែនតាមឃ្យូអរកូត ដើម្បីផ្តល់ជូនអតិថិជននូវបទពិសោធន៍ទូទាត់ឆ្លងដែនប្រកបដោយភាពរលូន។

សូមបញ្ជាក់ថា KB Kookmin Bank និងធនាគារ ខេប៊ីប្រាសាក់ បានជួយឧបត្ថម្ភថ្លៃវះកាត់ដល់កុមារជាង ១០០ នាក់ ដែលមានជំងឺបេះដូង នៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Hebron នៅរាជធានីភ្នំពេញ ចាប់តាំងពីឆ្នាំ២០១៤ មកម៉្លេះ។ បន្ថែមលើសពីនេះ ធនាគារ ខេប៊ីប្រាសាក់ បានគាំទ្រសកម្មភាពមនុស្សធម៌នានា ដូចជាការបរិច្ចាគថវិកាដល់កាកបាទក្រហមកម្ពុជា អង្គការស្នាមញញឹមកម្ពុជា និងការកសាងវប្បធម៌អានរបស់សិស្សានុសិស្សកម្ពុជាតាមរយៈគម្រោងបណ្ណាល័យ៕