(កំពត)៖ លោក ជីវ ចាន់តារា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពត បានដឹកនាំលោក លោកស្រី ព្រះរាជអាជ្ញារង ព្រមទាំងសប្បុរសជនមួយចំនួន ជួបសំណេះសំណាលជាមួយជនរងគ្រោះនៅមជ្ឈមណ្ឌលព្យាបាល និងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ដែលមានទីតាំងស្ថិតនៅកងពលតូចថ្មើរជើងលេខ៣១ ក្នុងខេត្តកំពត។

មជ្ឈមណ្ឌលព្យាបាល និងស្តារនីតិសម្បទា អ្នកញៀនគ្រឿងញៀន កងពលតូចថ្មើរជើងលេខ៣១ (១១) ចាប់ផ្តើមទទួលជនរងគ្រោះ ពីថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៨ មកដល់ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៤ រួមមាន ២១៥៩ថ្ងៃ ស្មើនឹង ៧០ខែ និង២៩ថ្ងៃ បានទទួលជនរងគ្រោះចំនួន២,៦៧៤នាក់ (ស្រី៧៩នាក់) ក្នុងនោះមកពីខេត្តកំពត ចំនួន៦៤៥នាក់។

លោក ជីវ ចាន់តារា បានលើកឡើងថា មជ្ឈមណ្ឌលព្យាបាល និងស្តារនីតិសម្បទា អ្នកញៀនគ្រឿងញៀន កងពលតូចថ្មើរជើងលេខ៣១ បានធ្វើសមាហរណកម្មទៅរស់នៅក្នុងសង្គមគ្រួសារវិញ ចំនួន២,៤៥៩នាក់ (ស្រី៧០នាក់) ក្នុងនោះចេញទៅខេត្តកំពតចំនួន៥៥៩នាក់។

លោកបានបញ្ជាក់ថា មជ្ឈមណ្ឌលព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀននេះ ចាប់ផ្តើមកកើតដោយសារការផ្តួចផ្តើមឡើង ពីសំណាក់លោកកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ និងនាយឧត្តមសេនីយ៍ ទេសរដ្ឋមន្ត្រី មាស សុភា ព្រមទាំងមន្ត្រីរាជការ ក្នុងក្រសួងឧស្សាហកម្ម។

ជាមួយគ្នានេះ លោក ជីវ ចាន់តារា បានក្រើនរំលឹក និងផ្ដាំផ្ញើដល់ជនរងគ្រោះទាំងអស់ ដែលកំពុងទទួលការស្ដារនីតិសម្បទាត្រូវខិតខំប្រឹងប្រែងថែរក្សាសុខភាព និងអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវការណែនាំរបស់ក្រុមគ្រូពេទ្យជំនាញ ដើម្បីឆាប់ជាសះស្បើយ ហើយអាចធ្វើសមាហរណកម្មចូលក្នុងសង្គមវិញបាន។ លោកក៏បានថ្លែងអំណរគុណ និងកោតសរសើរដល់មន្ដ្រី ក្រុមគ្រូពេទ្យទាំងអស់ដែលបានខិតខំប្រឹងប្រែងក្នុងការបំពេញការងារ ព្យាបាលសុខភាពជូនជនរងគ្រោះ៕