(ត្បូងឃ្មុំ)៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានបង្ហាញជំនឿជឿជាក់ និងមានសុទិដ្ឋិនិយមថា យុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» នឹងរីកសាយភាពទូទាំងប្រទេស ដើម្បីធ្វើយ៉ាងណាឱ្យកម្ពុជាមានភាពស្អាត មិនបំពុលដោយថង់ប្លាស្ទិក។

ក្នុងកាសផ្តល់បទសម្ភាសន៍ដល់ក្រុមអ្នកសារព័ត៌មាន ក្រោយប្រកាសបើកជាផ្លូវការយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» នាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤នេះ នៅស្រុកអូររាំឪ ខេត្តត្បូងឃ្មុំ លោកបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងថា យុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» នឹងជាចំណែកព្យាបាលពីការបំពុលដោយថង់ប្លាស្ទិក។ ដោយក្នុងនោះផ្តើមចេញពីយុទ្ធនាការនៅមូលដ្ឋានស្រុកអូររាំងឪ មានថ្នាក់ដឹកនាំ មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ ប្រជាពលរដ្ឋ និងសិស្សានុសិស្ស ប្រមាណ១៣ម៉ឺននាក់ ចេញមកសម្អាតស្រុកអូររាំងឪ។

លោករដ្ឋមន្ត្រីក្រសួងបរិស្ថាន បានលើកឡើយ៉ាងដូច្នេះថា៖ «ហើយសង្ឃឹមថា យុទ្ធនាការនឹងរីកសាយភាយ ទូទាំងប្រទេសទាំងម្តង ធ្វើយ៉ាងណាឱ្យផ្ទះយើងស្អាត ឱ្យប្រទេសស្អាត ដើម្បីទាក់ទាញភ្ញៀវទេសចរ និងអ្នកវិនិយោគ ដើម្បីធ្វើឱ្យប្រជាពលរដ្ឋមានសុខមាលភាព។ យុទ្ធនាការនេះ (កម្ពុជាស្អាត ខ្មែរធ្វើបាន) នឹងទទួលបានជោគជ័យ ដោយសារមុននឹងចាប់ផ្តើមបើកយុទ្ធនាការ គឺបានសាកល្បងចំនួន៣ឃុំ ក្នុងស្រុកអូររាំងឪ ដោយរើសសំរាមបានប្រមាណ៤តោនហើយ»

ជាមួយគ្នានេះដែរ លោកបណ្ឌិត អ៊ាង សុផល្លែត បានបង្ហាញក្តីរំពឹងថា យុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» នឹងទទួលបានជោគជ័យត្រឹមរយៈពេល១ឆ្នាំ។ ក្នុងនាមក្រសួងបរិស្ថាន លោកនឹងព្យាយាមធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋនៅក្នុងឃុំ សង្កាត់ទាំងអស់នៅទូទាំងប្រទេសកម្ពុជា ចេញមកសម្អាតបរិស្ថាន រើសសំរាម ជុំវិញផ្ទះ សាលារៀន មន្ទីរពេទ្យ វត្តអារាម យ៉ាងហោចណាស់ម្តង ឬ៣ម្តងក្នុង១ឆ្នាំ នោះនឹងធ្វើឱ្យកម្ពុជាស្អាត។

លោករដ្ឋមន្ត្រី អ៊ាង សុផល្លែត បានបន្ថែមថា កម្ពុជា បានកាត់បន្ថយការនាំចូលប្លាស្ទិក ប្រមាណ៧៥ភាគរយហើយ ដូច្នេះ ប្រសិនបើតាមរយៈការដាក់ចេញនូវយុទ្ធនាការនានានោះមនឹងធ្វើឱ្យកម្ពុជា អាចបន្ថយការបំពុលដោយថង់ប្លាស្ទិក កាន់តែមានប្រសិទ្ធខ្ពស់បន្ថែមទៀត។

«ខ្ញុំមានសុទិដ្ឋិនិយមយ៉ាងខ្លាំង ដោយសារតែប្រជាជនយើងចាប់ផ្តើមស្រឡាញ់បរិស្ថាន គាត់មានពន្លក នៃភាពស្អាតនៅក្នុងផ្នត់គំនិតគាត់ហើយ ជាពិសេសក្នុងមជ្ឈដ្ឋានសិស្សានុសិស្ស គាត់ចង់ឃើញសាលារៀនគាត់ស្អាត ខ្ញុំយល់ថាយើងអាចបញ្ចប់នៅជំហានដំបូងនៅគ្រប់ឃុំទាំងអស់ចេញមក ប្រមូល សម្អាតសំរាមប្លាស្ទិក បានមុនរយៈពេល១ឆ្នាំ»។ នេះជាគូសបញ្ជាក់បន្ថែមរបស់លោកបណ្ឌិត អ៊ាង សុផល្លែត។

ទន្ទឹមនឹងការបើកយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» នេះលោកបណ្ឌិត អ៊ាង សុផល្លែត បានឱ្យដឹងថា ក្រសួងបរិស្ថាន បានប្រគ់ធុងសំរាមចំនួន២ដល់សាលរៀនចំនួន៤៤សាលា នៅក្នុងស្រុកអូររាំងឪ ក្នុងនោះធុងសំរាមមួយសម្រាប់ដាក់សំណល់ប្លាស្ទិក និងមួយទៀតសម្រាប់ទុកដាក់សំរាមទូទៅ។ ដោយឡែកនៅតាមមណ្ឌលសុខភាព និងវត្តអារាម ក៏ទទួលបានធុងសំរាមចំនួន២ដូចគ្នា ដើម្បីធ្វើយ៉ាងណាផ្តល់ភាពងាយស្រួលក្នុងការទុកដាក់សំរាម។

លោករដ្ឋមន្ត្រីក៏បានបញ្ជាក់ថាគោលដៅរបស់ក្រសួងបរិស្ថាន និងចែកជូនសំរាមឱ្យគ្រប់សាលារៀនទាំងអស់នៅទូទាំងប្រទេស ប៉ុន្តែ សម្រាប់ការបែងចែកធុងសំរាម គឺធ្វើឡើងតាមដំណាក់កាល។

លោកបណ្ឌិត អ៊ាង សុផល្លែតបានថ្លែងថា ភាពស្អាត និងសុខភាពប្រជាពលរដ្ឋជាការងារអាទិភាព ដែលរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងអាណត្តិទី៧ បាននឹងកំពុងយកចិត្តទុកដាក់។ ការសម្អាតអនាម័យបរិស្ថាននៅតាមមូលដ្ឋាន ប្រមូលទុកដាក់សំរាម រួមទាំងការកាត់បន្ថយសំណល់ប្លាស្ទិក ដែលឈានទៅបញ្ឈប់ការប្រើប្រាស់ប្លាស្ទិក ក្នុងចំណោមយុវជនជំនាន់ក្រោយ ធានាការគ្រប់គ្រងសំរាម ថែរក្សាអនាម័យបរិស្ថាន និង សុខុមាលភាពប្រជាពលរដ្ឋ បានល្អប្រសើរ ស្របនឹងភាពស្អាត ដែលជាមុំយុទ្ធសាស្រ្តអាទិភាពទី១ ចែងក្នុងយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន។

សូមបញ្ជាក់ថា អនុលោមតាម «យុទ្ធសាស្រ្តបញ្ចកោណ» ដំណាក់កាលទី១ និងផ្អែកលើមូលដ្ឋានច្បាប់ គោលនយោបាយ និងយុទ្ធសាស្រ្តជាតិដែលមានជាធរមាន ព្រមទាំងក្របខណ្ឌអនុសញ្ញាអន្តរជាតិពាក់ព័ន្ធ ក្រសួងបរិស្ថានបានរៀបចំ «យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ឆ្នាំ២០២៣- ២០២៨» ដែលផ្តោតលើមុំយុទ្ធសាស្រ្តចំនួន៣ គឺភាពស្អាត ភាពបៃតង និងចីរភាព ក្នុងគោលបំណងតម្រង់ទិស និងចង្អុលបង្ហាញការងារជាអាទិភាព ដើម្បីធានាឱ្យបាននូវចីរភាពបរិស្ថាន និងសុក្រឹតកម្មបរិស្ថានកិច្ច ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងលើកកម្ពស់សេដ្ឋកិច្ចបៃតង៕