(បន្ទាយមានជ័យ)៖ លោក សេរី កុសល តំណាងរាស្ត្រខេត្តបន្ទាយមានជ័យ និងក្រុមការងារចុះជួយស្រុកភ្នំស្រុក នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីភាព បើកយុទ្ធនាការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ស្រុក ខេត្ដ នៅស្រុកភ្នំស្រុក ខេត្ដបន្ទាយមានជ័យ ដែលមានសមាជិក សមាជិកា ចូលរួមប្រមាណ៣០០នាក់។

ក្នុងឱកាសនោះ លោក សេរី កុសល បានរំលឹកអរគុណដល់បងប្អូន ដែលបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នាពេលកន្លងមក ព្រមទាំងក្រុមប្រឹក្សាឃុំសង្កាត់ និងក្រុមប្រឹក្សាស្រុកខេត្ដ រួមទាំងសមាជិកព្រឹទ្ធសភា ដែលបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ក្នុងការជ្រើសរើសសមាជិកព្រឹទ្ធសភា ដែលប្រកបដោយជោគជ័យ ដោយមានសម្ដេចតេជោ ហ៊ុន សែន ជាប្រធានព្រឹទ្ធសភា។

លោក សេរី កុសល បានលើកឡើងថា កម្ពុជាមានការបោះឆ្នោតច្រើនដង ដូច្នេះការបោះឆ្នោតលើកនេះ ជាការបោះឆ្នោតមួយ ដែលធ្វើឡើងស្របតាមប្រតិទិន នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលជាការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ស្រុក ខេត្ដ ហើយយោងទៅតាមកម្មវិធីគណបក្សប្រជាជន នឹងបើកយុទ្ធនាការរហូតដល់ថ្ងៃទី២៤។

ជាមួយគ្នានេះ លោក សេរី កុសល ក៏បានផ្ដាំផ្ញើដល់បងប្អូនជាសមាជិកក្រុមប្រឹក្សា ស្រុក ខេត្ដ នៃបក្សផ្សេងៗទៀត ដែលមានសុច្ឆន្ទៈដូចសមាជិកសភា៣នាក់ នៃបក្សប្រឆាំង បានបោះឆ្នោតជូនសម្ដេចតេជោ ហ៊ុន សែន ដែលនេះជាគំរូមួយដែលបងប្អូននៃបក្សផ្សេងទៀត សូមពិចារណា ហើយបើពេញចិត្ដបោះឆ្នោតជូនគណបក្សប្រជាជន ជាជម្រើសដ៏ល្អ។

ក្រៅតែពីលើកនូវប្រវិត្ដនៃការបោះឆ្នោតនៅប្រទេសកម្ពុជា សកម្មភាពនយោបាយ និងសកម្មភាពផុសផុល ក្នុងដំណើរការជីកព្រែកហ្វូណន តេជោ លោក សេរី កុសល ក៏បានលើកឡើងនៃឧបាយកលមេចាស់វស្សានៃបក្សប្រឆាំង និងសកម្មភាពបែកបាក់បក្សប្រឆាំង ជូនដល់បងប្អូនជ្រាបផងដែរ។

លោក សេរី កុសល ក៏បានជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋ ចំពោះថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ គឺជាថ្ងៃកំណត់នៃប្រសាសន៍សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នូវគោលនយោបាយឯករាជ្យខាងដឹកជញ្ជូនតាមផ្លូវទឹក។

នៅក្នុងពិធីនេះ ក៏មានការជូនបាយកញ្ចប់ម្នាក់មួយកញ្ចប់ ហើយមានការហូបនំបញ្ចុកកំដរបរិយាកាស រួមទាំងការជូននូវថ្នាំពេទ្យខ្លះៗ ជូនដល់បងប្អូនមកពីភូមិឃុំឆ្ងាយៗ៕