(ឧត្តរមានជ័យ)៖ លោក ប៉ែន កុសល្យ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តឧត្តរមានជ័យ នៅព្រឹកថ្ងៃ ទី១៧ ខែឧសភា ឆ្នាំ២០២៤ បានអញ្ជើញដឹកនាំ ពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ នៅក្រុងសំរោង ដោយមានអ្នកចូលរួមពីថ្នាក់ដឹកនាំ សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាជាច្រើនរូបទៀត។

នៅក្នុងពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោតនៅព្រឹកនេះថ្ងៃនេះ លោក ប៉ែន កុសល្យ បានថ្លែងប្រាប់អ្នកចូលរួមថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សមួយដែលមានមាគ៌ាគោលនយោបាយច្បាស់លាស់ត្រឹមត្រូវ និងបានប្រកាន់ខ្ជាប់ខ្ជួននូវគោលបំណង និងឧត្តមគតិរបស់ខ្លួន គឺផ្សារភ្ជាប់រួមសុខ រួមទុក្ខជាមួយប្រជាពលរដ្ឋគ្រប់កាលៈទេសៈ និងបានធ្វើពលីកម្មគ្រប់បែបយ៉ាងដើម្បីប្រទេសជាតិនិងប្រជាពលរដ្ឋ។
លោកថា «ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា គឺបានសម្រេចនូវស្នាដៃជាប្រវត្តិសាស្ត្រធំៗជាច្រើន ធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ»។

លោក ប៉ែន កុសល្យ បានថ្លែងលើកទឹកចិត្តដល់សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ មកពីគណបក្សប្រជាជនកម្ពុជាទូទាំងខេត្ត ដែលជាអង្គបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ខេត្ត ក្រុង ស្រុក សូមមេត្តាបន្តពង្រឹងការប្តេជ្ញាចិត្តរួមគ្នា ជាធ្លុងមួយ ជុំវិញការដឹកនាំរបស់គណបក្ស ធ្វើការគាំទ្រ និងចូលរួមក្នុងដំណើរការបោះឆ្នោតដ៏មានសារៈសំខាន់នេះ ដោយសូមអញ្ជើញទៅបោះឆ្នោត និងបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញា ទេវតាបាចផ្កាជាសញ្ញាសម្គាល់ឱ្យបានគ្រប់ៗគ្នា ដើម្បីឱ្យគណបក្សឈ្នះឆ្នោតបន្តដឹកនាំអភិវឌ្ឍន៍មូលដ្ឋានឱ្យកាន់តែរីកចម្រើនតទៅទៀត។

ជាមួយគ្នានេះ លោក ប៉ែន កុសល្យ បានថ្លែងណែនាំអង្គបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ត្រូវត្រៀមឯកសាររួចជាស្រេច និងថែរក្សាសុខភាពឱ្យបានល្អ ដើម្បីចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង ស្រុកអាណត្តិទី៤ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ខាងមុខនេះឱ្យបានគ្រប់ៗគ្នា៕