(ភ្នំពេញ)៖ កម្លាំងនគរបាលខណ្ឌទួលគោក បានបង្ហាញមុខជនសង្ស័យ២នាក់ ពាក់ព័ន្ធនឹងករណីឆក់យ៉ាងសកម្មក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។ សន្និសីទ្ធសារព័ត៌មាននៅវេលាម៉ោង១រសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ កម្លាំងសមត្ថកិច្ចខណ្ឌទួលគោកបានបង្ហាញមុខជនសង្ស័យ២នាក់ ដែលជាមុខសញ្ញាចាស់ លួច ឆក់ ប្លន់យ៉ាងសកម្មក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។

លោកវរសេនីយ៍ឯក ស៊ឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌទួលគោក បានប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងថា ជនសង្ស័យទាំង២នាក់នេះ ត្រូវបានកម្លាំងនគរបាលផែនព្រហ្មទណ្ឌខណ្ឌទួលគោក ដេញប្រផាប់ប្រភីងឃាត់ខ្លួនបានភ្លាមៗ ក្រោយជនសង្ស័យទាំង២នាក់នេះ បានធ្វើសកម្មភាពឆក់ខ្សែកប្លាទីន មានដាំត្បូងពេជ្របានសម្រេច។

លោកវរសេនីយ៍ឯក ស៊ឹម ពិសិដ្ឋ បានបន្តថា ជាក់ស្ដែងកាលពីវេលាម៉ោង ៤និង៣០នាទីល្ងាច ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ ជនសង្ស័យទាំង០២នាក់ បានឆក់ខ្សែរកពីជនរងគ្រោះ នៅចំណុចមុខផ្ទះលេខ០៨A ផ្លូវលេខ២៣០ ភូមិ០៨ សង្កាត់បឹងសាឡាង និងឃាត់ខ្លួនបានភ្លាមៗ នៅចំណុចខផ្ទះលេខ៤២ ផ្លូវលេខ៣៣៦ ភូមិ១២ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក។

លោកអធិការ បានបញ្ជាក់ប្រាប់ថា ជនសង្ស័យទាំង២នាក់ខាងលើនេះ គឺជាមុខសញ្ញាចាស់ទើបតែចេញពីពន្ធនាគារ ហើយបន្ទាប់ពីចេញពន្ធនាគារក្នុងអំឡុងខែឧសភា ឆ្នាំ២០២៤នេះ បានធ្វើសកម្មភាពចំនួន៤ករណីបន្តបន្ទាប់ ក្នុងភូមិសាស្រ្តខណ្ឌបឹងកេងកង, ខណ្ឌមានជ័យ និងខណ្ឌទួលគោក។

ក្រោយធ្វើការបង្ហាញមុខជនសង្ស័យទាំង២នាក់ខាងលើនេះរួចមក កម្លាំងសមត្ថកិច្ចជំនាញបានកសាងសំណុំរឿង បញ្ជូនខ្លួនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕