(ភ្នំពេញ)៖ លោកបណ្ឌិត អ៉ិត សំហេង ប្រធានក្រុមការងារចុះជួយមូលដ្ឋានខណ្ឌបឹងកេងកង និងលោក សុខ សម្បត្តិ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខណ្ឌបឹងកេងកង នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤នេះ បានបន្ដដឹកនាំសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ជាង៦០០នាក់ បើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ខណ្ឌ នីតិកាលទី៤ ក្នុងមូលដ្ឋានខណ្ឌបឹងកេងកង។

លោក អ៉ិត សំហេង បានរំលឹកអរគុណដល់ប្រជាពលរដ្ឋ ដែលបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នាពេលកន្លងមក ព្រមទាំងក្រុមប្រឹក្សាឃុំសង្កាត់ និងក្រុមប្រឹក្សាស្រុកខេត្ដ រួមទាំងសមាជិកព្រឹទ្ធសភា ដែលបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ក្នុងការជ្រើសរើសសមាជិកព្រឹទ្ធសភា ដែលប្រកបដោយជោគជ័យ ដោយមានសម្ដេចតេជោ ហ៊ុន សែន ជាប្រធានព្រឹទ្ធសភា។

លោកបានលើកឡើងថា កម្ពុជាមានការបោះឆ្នោតច្រើនដង ដូច្នេះការបោះឆ្នោតលើកនេះ ជាការបោះឆ្នោតមួយ ដែលធ្វើឡើងស្របតាមប្រតិទិន នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលជាការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ស្រុក ខេត្ដ ហើយយោងទៅតាមកម្មវិធីគណបក្សប្រជាជន នឹងបើកយុទ្ធនាការរហូតដល់ថ្ងៃទី២៤៕