(ភ្នំពេញ)៖ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានអង្គភាពរាជរដ្ឋាភិបាល បានផ្ញើសារលិខិតជូនពរលោក លឹម ជាវុត្ថា សហស្ថាបនិក និងជាអគ្គនាយកបណ្តាញព័ត៌មាន Fresh News ក្នុងឱកាសនៃខួប១០ឆ្នាំ នៃថ្ងៃកំណើតរបស់អង្គភាពព័ត៌មានរបស់ខ្លួន។

តាមរយៈសំណេរអបអរសាទរ ឯកឧត្តម ប៉ែន បូណា បានលើកឡើងដូច្នេះថា៖

សូមអបអរសាទរ និងជូនពរវុត្ថា និងអង្គភាព Fresh News ក្នុងឱកាសខួបគម្រប់ ១០ ឆ្នាំ!

ក្នុងឱកាសខួបគម្រប់១០ឆ្នាំ នៃការបង្កើតសារព័ត៌មាន Fresh News ខ្ញុំសូមចូលរួមអបអរសាទរដោយក្តីអំណរយ៉ាងក្រៃលែង ចំពោះជោគជ័យនៃសារព័ត៌មាន Fresh News ដែលជាបណ្តាញផ្សាយព័ត៌មានអនឡាញឈានមុខគេនៅកម្ពុជា។

Fresh News បានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយព័ត៌មានពិត ដែលជាប្រភពព័ត៌មានមិនអាចខ្វះបានសម្រាប់ប្រជាពលរដ្ឋខ្មែរ ក៏ដូចជាថ្នាក់ដឹកនាំ មន្ត្រីរាជការ និស្សិត បញ្ញវន្ត អ្នកនយោបាយ សង្គមស៊ីវិល...និយាយជារួម Fresh News គឺជាប្រភពព័ត៌មានសម្រាប់មនុស្សទូទៅមិនថា ខ្មែរនិងបរទេសឡើយ។

ជោគជ័យរបស់ Fresh News មិនមែនកើតឡើងដោយចៃដន្យឡើយ ប៉ុន្តែវាជាលទ្ធផលនៃការដឹកនាំដ៏ប៉ិនប្រសប់របស់លោក វុត្ថា និងសហការី ដែលសុទ្ធសឹងជាអ្នកជំនាញពោរពេញ ដោយសមត្ថភាព និងការតាំងចិត្តខ្ពស់។

ក្នុងនាមខ្ញុំផ្ទាល់ ក៏ដូចជាបុគ្គលិកទាំងអស់របស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ខ្ញុំសូមចូលរួមអបអរសាទរដោយស្មោះចំពោះជោគជ័យនេះ និងសូមជូនពរ វុត្ថា និងក្រុមការងារឱ្យទទួលបានជោគជ័យថ្មីៗបន្ថែមទៀតនិងសូមឱ្យ Fresh News នៅតែរក្សាបាននូវតួនាទីជាសារព័ត៌មានអនឡាញនាំមុខគេជារៀងដរាបតទៅ។

ឆ្លៀតឱកាសនេះ ខ្ញុំក៏សូមថ្លែងអំណរគុណដល់វុត្ថាដែលតែងជួយផ្សាយព័ត៌មាន បទវិចារណកថា និងសារជូនពរនានារបស់ខ្ញុំដោយមិនគិតកម្រៃ។ នេះគឺជាការផ្តល់ជូនដ៏ពិសេសរបស់ Fresh News ចំពោះរូបខ្ញុំនិងអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលដើម្បីបុព្វហេតុបម្រើរាជរដ្ឋាភិបាល និងបម្រើជាតិ និងប្រជាពលរដ្ឋខ្មែរ។

សូមវុត្ថា និងក្រុមការងារទទួលនូវការរាប់អានដ៏ស្មោះពីខ្ញុំ
ប៉ែន បូណា