(រតនគិរី)៖ បឹងកន្សែងនឹងក្លាយជាកន្លែងដែលមានបរិស្ថានស្អាត រមណីយដ្ឋានស្អាត សោភណ្ឌភាពស្រស់បំព្រងប្រកបដោយភាពទាក់ទាញដើម្បីស្វាគមន៍ភ្ញៀវទេសចរជាតិ-អន្តរជាតិ អំឡុងពេល នៃពិធីបុណ្យអ៊ុំទូក ខែ១១ ឆ្នាំ២០២៤។ នេះគឺជាការលើកឡើងរបស់ លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី ដែលបានថ្លែងក្នុងពិធីបញ្ចុះបឋមសិលា សាងសង់អាស្រម ថ្មីលោកតា ជួង និងលោកតា ខាំឡែន ដែលបានប្រារព្ធធ្វើឡើងនៅ ព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤។

លោកអភិបាលខេត្ត បន្តថា បឹងកន្សែង ស្ថិតនៅចំកណ្តាលនៃបេះដូងក្រុងបានលុងនៃខេត្តរតនគិរី។ ដូច្នេះដើម្បីលើកកម្ពស់សោភណ្ឌភាព សណ្តាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយនៅបរិវេណជុំវិញរមណីយដ្ឋានបឹងកន្សែង ឱ្យសាកសមជារមណីយដ្ឋានប្រវត្តិសាស្រ្ត និងជាទីកន្លែងកម្សាន្តសម្រាប់បងប្អូនប្រជាពលរដ្ឋក្នុងខេត្ត ព្រមទាំងភ្ញៀវជាតិ-អន្តរជាតិមកទស្សនាកម្សាន្តខេត្ត, លោកបានដាក់ចេញនូវគម្រោងកែលម្អ ហេដ្ឋារចនាសម្ព័ន្ធ និងអភិវឌ្ឍ តំបន់រមណីយដ្ឋានមួយនេះ។

ជាក់ស្តែង គម្រោងកែលម្អ ហេដ្ឋារចនាសម្ព័ន្ធជុំ វិញមាត់បឹងកន្សែង មានការសម្អាតកាយចកដែលដុះលយ ចូលផ្ទៃបឹងផ្នែកខាងត្បូង មានការពង្រីកផ្លូវដោយធ្វើការចាក់បេតុង ដាក់លូបង្ហូរទឹក រៀបស្នូរបេតុងគែមផ្លូវ រៀបចំការ៉ូឡាចិញ្ចើមផ្លូវ សួនច្បារជុំវិញបឹង និងបំពាក់ភ្លើងបំភ្លឺសាធារណៈជាដើម។

ក្នុងនោះ ក៏បានសម្អាតទីធ្លានៅជុំវិញបរិវេណមាត់បឹងកន្សែងដើម្បីរៀបចំដាក់សួនច្បារ បង់អង្គុយលេង និងកន្លែងហាត់ប្រាណសម្រាប់ឲ្យបងប្អូនប្រជាពលរដ្ឋ មានការធ្វើរូបសំណាកសត្វដំរី សត្វអក ដែលជាសត្វបក្សី រំលេចក្នុងបទចម្រៀងអធិរាជាសម្លេងមាស (អកបឹងកន្សែង) និងការសាងសង់បង្គន់អនាម័យសាធារណៈជាដើម។ និយាយរួម ធ្វើយ៉ាងណាបន្ទាប់ពីការកែលម្អរួច បឹងកន្សែងនឹងក្លាយជាកន្លែងដែលមានបរិស្ថានស្អាត រមណីយដ្ឋានស្អាតសោភណ្ឌភាពស្រស់បំព្រង ប្រកបដោយភាពទាក់ទាញអំឡុងពេលនៃពិធីបុណ្យអុំទូក ខែ១១ ឆ្នាំ២០២៤។

ប្រជាពលរដ្ឋនិងមន្ត្រីរាជការក្នុងខេត្តរតនគិរី ពិតជាមានមោទនភាពជាខ្លាំងចំពោះការដឹកនាំរបស់លោក ញ៉ែម សំអឿន ដែលមានចក្ខុវិស័យក្នុងការកសាង និងអភិវឌ្ឍ ខេត្តភាគឦសានមួយនេះ ជាពិសេសការងារអនាម័យបរិស្ថាន និងការកែលម្អសោភ័ណក្រុងបានលុងឲ្យមានភាពទាក់ទាញមិនចាញ់បណ្តាខេត្តនានានោះឡើយ។

សូមបញ្ជាក់ថា អាស្រម លោកតាជួង និងលោកតាខាំ ឡែន ដែលធ្វើពិធីបញ្ចុះបឋមសិលាសាងសង់ថ្មី មានទំហ៊ុម ៥ម៉ែត្រ គុណ ៧ម៉ែត្រ សាងសង់នៅកន្លែងទីតាំងចាស់ នឹងលើកកម្ពស់ឲ្យខ្ពស់ជាងផ្លូវ ៦តឹក៕