(ពោធិ៍សាត់)៖ លោក ខូយ រីដា សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា, ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងពោធិ៍សាត់ នាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ បានអញ្ជើញបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង/ស្រុក អាណត្តិទី៤ ឆ្នាំ២០២៤។

ពិធីនេះត្រូវបានធ្វើឡើង នៅទីស្នាក់ការគណបក្សខេត្ត ស្ថិតក្នុងភូមិមាន់ចែ សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ដោយការចូលរួម ពីគណៈប្រចាំការ គណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្ត, លោក លោកស្រី ជាបេក្ខជនក្រុមប្រឹក្សាខេត្តពេញសិទ្ធិ២១រូប, បេក្ខជនក្រុមប្រឹក្សាក្រុងពេញសិទ្ធិ១៧រូប, ក្រុមការងារចុះជួយសង្កាត់ និងភូមិ, ក្រុមប្រឹក្សាសង្កាត់(កូតាCPP) ជាអង្គបោះឆ្នោតទាំង៧សង្កាត់, យុវជន យុវនារី និងសមាជិក សមាជិកាសរុបប្រមាណ៣៧៨នាក់។

លោក ខូយ រីដា សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា, ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងពោធិ៍សាត់ បានថ្លែងថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សា ក្រុង ស្រុក អាណត្តិទី៤ ឆ្នាំ២០២៤នេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រថ្មីមួយទៀត របស់ប្រទេសកម្ពុជា ក្នុងដំណើរការ អនុវត្តលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស បន្ទាប់ពីយើងទើបបានទទួលជោគជ័យ ក្នុងការបោះឆ្នោតព្រឹទ្ធសភា នីតិកាលទី៥ កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤កន្លងទៅ ស្របតាមរដ្ឋធម្មនុញ្ញកម្ពុជា ក្នុងបរិយាកាសនយោបាយ ប្រកបដោយលក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌។

រយៈពេល៤៥ឆ្នាំមកនេះ ឈរលើមូលដ្ឋាន នៃថ្ងៃជ័យជម្នះ ៧ មករា នៅលើកំណាត់ផ្លូវដ៏បត់បែន លំបាកស្មុគស្មាញ និងតស៊ូប្តូរផ្តាច់ គណបក្សប្រជាជនកម្ពុជា បានដឹកនាំប្រទេស ឱ្យឈានទៅមុខជាជំហានៗ ជម្នះរាល់ឧបសគ្គ បង្កើតបានសមិទ្ធផលធំៗជាប្រវត្តិសាស្ត្រយ៉ាងច្រើនជូនជាតិ ក្នុងបុព្វហេតុស្តារ កសាង និងការពារមាតុភូមិ។ រាល់ការប៉ុនប៉ងរបស់បណ្តាមជ្ឈដ្ឋានអគតិ ដែលចង់នាំកម្ពុជាឱ្យវិលទៅរកអស្ថិរភាព និងសង្គ្រាមវិញ សុទ្ធតែត្រូវបានបរាជ័យ។

លោកបានលើកឡើងថា ជ័យជម្នះជាបន្តបន្ទាប់ក្នុងការបោះឆ្នោតនាពេលកន្លងទៅ ដោយសារតែអំពើល្អរបស់មន្ត្រីបក្ស មានថ្នាក់ដឹកនាំបក្សដែលពោរពេញដោយទេពកោសល្យ និងគតិបណ្ឌិត មានចក្ខុវិស័យវែងឆ្ងាយ និងប្រកបដោយការទទួលខុសត្រូវ នៅជាប់នឹងប្រជាជន និងគណបក្សមានគោលនយោបាយដ៏ត្រឹមត្រូវ ជាក់ស្តែងនិយម និងឆ្លើយតបនឹងតម្រូវការ និងបំណងដ៏ពិសិដ្ឋរបស់ប្រជាពលរដ្ឋ។

លោកសូមអំពាវនាវដល់អង្គបោះឆ្នោតទាំងអស់ នៅក្នុងខេត្តពោធិ៍សាត់ បោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ដើម្បីគណបក្សប្រជាជនកម្ពុជា បន្តដឹកនាំក្រុមប្រឹក្សាខេត្ត ក្រុងស្រុកបន្តទៀត និងចូលរួមថែរក្សាសុខសន្តិភាព ការអភិវឌ្ឍន៍ប្រទេស និយាយជារួមនិងនិយាយដោយឡែក ការអភិវឌ្ឍន៍នៅក្នុងខេត្តពោធិ៍សាត់។

សូមបញ្ជាក់ថា ដំណើរការបោះឆ្នោតជ្រើសជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សា ក្រុង ស្រុក អាណត្តិទី៤ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ខាងមុខនេះហើយ។ សម្រាប់ខេត្តពោធិ៍សាត់ មានលោក លោកស្រី ជាបេក្ខជនក្រុមប្រឹក្សាខេត្តពេញសិទ្ធិ ចំនួន២១រូប, បេក្ខជនក្រុមប្រឹក្សា ក្រុង/ស្រុកទាំង៧ ពេញសិទ្ធិ ចំនួន១២១រូប និងក្រុមប្រឹក្សា ឃុំ/សង្កាត់ ជាអង្គបោះឆ្នោតទាំង៤៩ឃុំសង្កាត់ ៣៤១នាក់៕