(ស៊េអ៊ូល, កូរ៉េខាងត្បូង)៖ ក្រុមហ៊ុនប៊ូយ៉ុងរបស់កូរ៉េខាងត្បូង បានបង្ហាញក្តីសោមនស្សចំពោះការ​វិនិយោគនៅកម្ពុជា ហើយការវិនិយោគនេះមិនមែនដើម្បីគោលដៅនៃប្រាក់​ចំណេញតែមួយមុខ​នោះ​ទេ តែក៏បានរួមចំណែកក្នុងកិច្ចអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ចរបស់កម្ពុជាផងដែរ។

ក្តីសោមនស្សនេះត្រូវបានគូសរំលេចដោយលោកបណ្ឌិត លី ជុងគឿន (Lee Joong Keun) ស្ថាបនិកនៃក្រុមហ៊ុន Booyoung Group និងជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Booyoung Khmer II Co.,Ltd. ក្នុងពេលចូលជួបសម្តែងការគួរសម និងពិភាក្សាការងារមួយចំនួនជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃសុក្រ ទី១៧ ខែឧសភា ឆ្នាំ២០២៤នេះ នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។

ក្នុងជំនួបនេះ លោកប្រធានក្រុមប្រឹក្សាភិបាលបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ​ជូនសម្តេច​ធិបតី ហ៊ុន ម៉ាណែត ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការី​បាន​ជួបសម្ដែងការគួរសម។ លោកក៏បានរំឮកអំពីប្រសាសន៍ប្រកបដោយអត្ថន័យរបស់ប្រធានាធិបតី យូន ស៊កយ៉ល កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ ដែលថា «ប្រទេសកូរ៉េ និងកម្ពុជា គឺជាបងប្អូននឹងគ្នា»។

លោក លី ជុងគឿន បានជម្រាបសម្ដេចធិបតីថា ការសម្រេចចិត្តវិនិយោគរបស់ក្រុមហ៊ុន​នៅ​កម្ពុជា មិនមែនក្នុងបំណងស្វែងរកប្រាក់ចំណេញសុទ្ធសាធនោះទេ តែជាការរួមចំណែកជាមួយ​រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា សំដៅលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ​ឱ្យកាន់តែប្រសើរឡើង។

សម្តេចធិបតីប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានសម្ដែងក្តីរីករាយដែល​បានជួបជាមួយ​ប្រធាន​ក្រុម​ប្រឹក្សាភិបាលជាថ្មីម្ដងទៀតនៅសាធារណរដ្ឋកូរ៉េ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណក្រុមហ៊ុនដែលបានរួមដល់រួមចំណែកអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចនៅកម្ពុជា តាមរយៈការបណ្ដាក់ទុនវិនិយោគលើវិស័យជាច្រើន រួមមាន វិស័យសំណង់ វិស័យធនាគារ និងវិស័យសក្ដានុពលផ្សេងទៀត ដែលជាចំណុចខ្លាំងនៃអាជីវកម្មរបស់ក្រុមហ៊ុន។

សម្ដេចធិបតី បានលើកទឹកចិត្តក្រុមហ៊ុនបន្តជួបពិភាក្សាជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធរបស់​កម្ពុជា សម្របសម្រួលលើកិច្ចការនៅសេសសល់ និងពង្រីកឱកាសវិនិយោគលើវិស័យសក្ដានុពល​ផ្សេងៗទៀតនៅកម្ពុជា ដើម្បីការចម្រើនរបស់ក្រុមហ៊ុន ក៏ដូចជាជាប្រយោជន៍ដល់ប្រជាជន​កម្ពុជា​ ។

សូមបញ្ជាក់ថា Booyoung Group ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៨៣ ជាក្រុមហ៊ុនឯកទេសរបស់កូរ៉េ ក្នុងវិស័យអចលនទ្រព្យ។

នៅកម្ពុជា ក្រុមហ៊ុន Booyoung Group មានគម្រោងចំនួន៦ ក្នុងវិស័យអចលនទ្រព្យ ហិរញ្ញវត្ថុ ការអប់រំ និងទេសចរណ៍ (សណ្ឋាគារ និងទីលាន វាយកូនហ្គោល) ហើយគម្រោងដែលគួរឱ្យកត់​សម្គាល់​មួយចំនួនមានដូចជា បុរី ប៊ូយ៉ុង ថោន និងធនាគារ ប៊ូយ៉ុង ខ្មែរ។

នាពេលកន្លងមក ក្រុមហ៊ុន Booyoung Group ក៏បានបរិច្ចាគរថយន្តក្រុងចំនួន ១,០០០គ្រឿង ដល់រាជរដ្ឋាភិបាល និងបានជួយសាងសង់អគារសិក្សាចំនួន ៣០០ខ្នង រួមជាមួយការបរិច្ចាគក្តារខៀនចំនួន ៤០,០០០ផងដែរ៕