(ភ្នំពេញ)៖ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល បានថ្លែងបញ្ជាក់ថា ការបង្កើនសមត្ថភាពរដ្ឋបាលសាធារណៈជាការឆ្លើយតបទៅនឹងនិន្នាការវិវឌ្ឍន៍របស់សាកលលោក ដែលពោរពេញទៅដោយភាពប្រកួតប្រជែង និងបញ្ហាប្រឈមអន្តរជាតិនានា ដែលតម្រូវឱ្យយើងត្រៀមខ្លួនក្នុងការឆ្លើយតបឱ្យបានទាន់ពេលវេលា។

លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានលើកឡើងយ៉ាងដូចនេះនារសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤នេះ នាឱកាសអញ្ជើញជាអធិបតីក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាងសាលាភូមិន្ទរដ្ឋបាល ជាមួយក្រសួងអធិការកិច្ច ដោយមានការចូលរួមពីលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច, លោក យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ
និងជានាយកសាលាភូមិន្ទរដ្ឋបាល, លោកស្រី សុខ វិឡាយ រដ្ឋលេខាធិការប្រចាំការក្រសួងអធិការកិច្ច និងមានលោក លោកស្រី ថ្នាក់ដឹកនាំ និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។

សូមបញ្ជាក់ថា ពិធីចុះអនុស្សរណៈនៃការយោគយល់រវាងសាលាភូមិន្ទរដ្ឋបាល ជាមួយក្រសួងអធិការកិច្ចនេះ មានគោលបំណងសំខាន់ផ្តោតលើការបង្កើតកិច្ចសហប្រតិបត្តិការលើកកម្ពស់ ការគាំទ្រពីគ្នាទៅវិញទៅមក ពាក់ព័ន្ធនឹងការអភិវឌ្ឍសមត្ថភាព ការបណ្តុះបណ្តាល ការស្រាវជ្រាវ និងគម្រោងកម្មវិធីផ្សេងៗដោយផ្អែកលើគោលការណ៍ពិគ្រោះយោបល់ ឯកភាព និងផ្ដល់អត្ថប្រយោជន៍ដល់គូភាគីទៅវិញទៅមក។

លោក ហ៊ុន ម៉ានី បានថ្លែងដូចនេះថា «ការពង្រឹងនិងការកែរលម្អរសមត្ថភាពរដ្ឋបាលសាធារណៈ គឺជាការងារគន្លឹះនឹងមានសារៈសំខាន់បំផុតដែលត្រូវឱ្យមានការយកចិត្តទុកដាក់បណ្តុះបណ្តាលធនធានមនុស្សនៅក្នុងវិស័យសាធារណៈឱ្យកាន់តែមានសមត្ថភាព និងមានវិជ្ជាជីវៈច្បាស់លាស់ ដើម្បីបំពេញការងារប្រកបដោយប្រសិទ្ធភាពខ្ពស់ ហើយការបង្កើនសមត្ថភាពរដ្ឋបាលសាធារណៈនេះ ក៏ជាការឆ្លើយតបទៅនឹងនិន្នាការវិវឌ្ឍន៍របស់សាកលលោក ដែលពោរពេញទៅដោយភាពប្រកួតប្រជែង និងបញ្ហាប្រឈមអន្តរជាតិនានា ដែលតម្រូវឱ្យយើងត្រៀមខ្លួនរួចជាស្រេចក្នុងការឆ្លើយតបបានទាន់ពេលវេលា»។

លោក ហ៊ុន ម៉ានី បានបន្ថែមទៀតថា ក្នុងស្មារតីនេះសាលាភូមិន្ទរដ្ឋបាល បានធ្វើការពង្រឹងនិងពង្រីកជាប្រចាំលើប្រសិទ្ធភាព និងគុណភាពនៃកម្មវិធីបណ្តុះបណ្តាលតាមរយៈការបន្តធ្វើកំណែរទម្រង់ស៊ីជម្រៅលើការងារដឹកនាំ ការងារគ្រប់គ្រង ការងារបណ្តុះបណ្តាល និងការជ្រើសរើសសិស្សមន្ត្រីជាន់ខ្ពស់ សិស្សមន្ត្រីក្រមការ សិស្សមន្ត្រី និងកម្មសិក្សាការីជាច្រើនជំនាន់ និងច្រើនវគ្គ សរុបរាប់ពាន់នាក់ ឱ្យទទួលបានការបណ្តុះបណ្តាលពីសាស្ត្រាចារ្យជំនាញនៃសាលាភូមិន្ទរដ្ឋបាល និងទទួលបានចំណេះធ្វើ តាមរយៈការចុះធ្វើកម្មសិក្សាផងដែរ។

បន្ថែមពីនេះលោក ហ៊ុន ម៉ានី បានបញ្ជាក់ដែរថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដើម្បីកំណើនការងារសមធម៍ ប្រសិទ្ធភាព និងចេរភាព សម្រាប់កសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ដោយបានកំណត់ស្នូលនៃយុទ្ធសាស្ត្របញ្ចកោណ ផ្តោតលើការកែទម្រង់ ការពង្រឹងអភិបាលកិច្ច និងការធ្វើទំនើបកម្មស្ថាប័នរដ្ឋឱ្យក្លាយទៅជារដ្ឋបាលសាធារណៈទំនើបប្រកបដោយសមត្ថភាពខ្ពស់ ខ្លាំងវ័យឆ្លាត និងស្អាតល្អ។

លោកឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ដែរថា យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ធ្វើឡើងតាមរយៈមុំទី១៖ ការពង្រឹងនឹងកែរទម្រង់ស្ថាប័ន, មុំទី២៖ ការលើកកម្ពស់សមត្ថភាពធន់ធានមនុស្ស និងការពង្រឹងប្រសិទ្ធភាពនៃការអនុវត្តន៍ការងារ, មុំទី៣៖ ការលើកកម្ពស់នឹងការពង្រឹងភាពស្អាតស្អំនៅក្នុងរដ្ឋបាលសាធារណៈ។ មុំទាំងនេះសុទ្ធតែបានរំលេចឡើងនៅយុទ្ធសាស្ត្របញ្ចកោណ សំដៅសម្រេចបាននូវការកសាងធន់ធានមនុស្ស ដែលពោរពេញដោយសមត្ថភាព ជំនាញ ឆន្ទៈ ម្ចាស់ការ និងក្រមសីលធម៍វិជ្ជាជីវៈ ព្រមទាំងការកសាងរដ្ឋបាលសាធារណៈដែលមានភាពស្អាតស្អំ ដើម្បីបំរើផលប្រយោជន៍ជូនប្រជាពលរដ្ឋ និងរួមចំណែកដល់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចជាតិផងដែរ៕