(សេអ៊ូល, កូរ៉េខាងត្បូង)៖ បណ្តាក្រុមហ៊ុនថ្មីៗនៃវេទិកាសម្ព័ន្ធឧស្សាហកម្មរបស់ប្រទេសកូរ៉េ​ខាង​ត្បូង មានបំណងពង្រីកប្រតិបត្តិការអាជីវកម្ម និងវិនិយោគរបស់ពួកគេលើវិស័យគ្រឿងសង្ហារឹម វិស្វកម្ម និងយានយន្តនៅក្នុងប្រទេសកម្ពុជា។

ក្នុងជំនួបសម្តែងការគួរសមជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នារសៀល​ថ្ងៃ​ទី១៧ ខែឧសភា ឆ្នាំ២០២៤នេះ លោក MARN Ki-jeong ប្រធានវេទិកាសម្ព័ន្ធ​ឧស្សាហកម្ម​នៃប្រទេសកូរ៉េ (KIAF) បានឱ្យដឹងថា មានក្រុមហ៊ុនប្រមាណជា៤០ ដែលជាសមាជិកនៃវេទិកា​សម្ព័ន្ធ​ឧស្សាហកម្មរបស់កូរ៉េ បាននិងកំពុងវិនិយោគលើវិស័យវាយនភណ្ឌនៅកម្ពុជា។ បន្ថែមពីលើនោះ មានក្រុមហ៊ុនមួយចំនួនទៀត មានបំណងពង្រីកប្រតិបត្តិការអាជីវកម្ម ក៏ដូចជាការវិនិយោគលើវិស័យគ្រឿងសង្ហារឹម វិស្វកម្ម និងយានយន្តនៅកម្ពុជាផងដែរ។

លោកប្រធានវេទិកាសម្ព័ន្ធឧស្សាហកម្មនៃប្រទេសកូរ៉េ ក៏បានជម្រាបសម្ដេចធិបតីថា វេទិកាសម្ព័ន្ធ​ឧស្សាហកម្ម​ គ្រោងនឹងរៀបចំវេទិកាធុរកិច្ចកូរ៉េ-កម្ពុជា នៅភ្នំពេញ ក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ ខាង​មុខ​នេះ ដោយមានការចូលរួមពីវិនិយោគិនកូរ៉េលើវិស័យជាច្រើន។ វេទិកានោះ ជាឱកាស​សម្រាប់​ស្វែងឱកាសពង្រីកការវិនិយោគ និងធ្វើកិច្ចសហការជាមួយដៃគូវិនិយោគនានានៅកម្ពុជាផងដែរ។

សម្តេចធិបតីនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះវេទិកាសម្ព័ន្ធឧស្សាហកម្មនៃប្រទេសកូរ៉េ ដែលមានបណ្ដាក្រុមហ៊ុនក្នុងសម្ព័ន្ធ បាននិងកំពុងមានប្រតិបត្តិការអាជីវកម្ម និងវិនិយោគនៅ​កម្ពុជា។ សម្តេចធិបតី ប្រកាសស្វាគមន៍បណ្ដាក្រុមហ៊ុនផ្សេងទៀត ដែលមានបំណងបណ្ដាក់ទុនវិនិយោគនៅកម្ពុជា។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកបង្ហាញអំពីការដាក់ចេញគោលនយោបាយ និងលិខិត​បទដ្ឋានគតិយុត្តិគាំទ្រដល់ការវិនិយោគ តាមរយៈការធានានូវបរិយាកាសវិនិយោគ ដែលមានភាពប្រកួតប្រជែង ដូចជាការដាក់ឱ្យអនុវត្តច្បាប់ថ្មីស្ដីពីវិនិយោគ ដែលផ្ដល់នូវការលើកទឹកចិត្តបន្ថែមទៀតដល់ការវិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ទន្ទឹមនឹងនោះ រាជរដ្ឋាភិបាលក៏បានដាក់ចេញកម្មវិធីគោលនយោបាយអាទិភាព ដោយផ្ដោតលើការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងគ្រោះចំនួន ១.៥លាននាក់ ដើម្បីបំពេញ និងឆ្លើយតបទៅនឹងតម្រូវការទីផ្សារជាក់ស្តែងនៅក្នុងប្រទេសកម្ពុជា។

សម្ដេចធិបតី បានប្រកាសស្វាគមន៍ចំពោះការរៀបចំវេទិកាធុរកិច្ចកម្ពុជា-កូរ៉េ នៅភ្នំពេញ ក្នុងខែវិច្ឆិកាខាងមុខនេះ និងបានលើកទឹកចិត្តឱ្យវេទិកាសម្ព័ន្ធឧស្សាហកម្ម​ បន្តសហការជាមួយស្ថាន​ទូតកម្ពុជាប្រចាំនៅសាធារដ្ឋកូរ៉េ​ និងក្រសួងពាណិជ្ជកម្មកម្ពុជា ដើម្បីរៀបចំវេទិកានេះឱ្យទទួលបានជោគជ័យ។

សូមបញ្ជាក់ថា KIAF ជាវេទិកាមួយមានគោលបំណងជំរុញការអភិវឌ្ឍឧស្សាហកម្មរួមគ្នា ដើម្បីលើកកម្ពស់​សេដ្ឋកិច្ចជាតិ ការកែលម្អឧស្សាហកម្ម ការប្រកួតប្រជែងក្នុងតំបន់ និងសកលលោក ដោយការប្រឹក្សាយោបល់ ស្តីពីឧស្សាហកម្ម និងសេដ្ឋកិច្ច ព្រមទាំងគោលនយោបាយដល់រដ្ឋាភិបាល។

KIAF មានសមាជិក មកពី ១៧អង្គការផ្សេងៗគ្នា រួមមាន៖ វិស័យឥន្ធនៈ វិស័យគ្រឿងម៉ាស៊ីន វិស័យជីវសាស្ត្រ វិស័យអេឡិចត្រូនិក វិស័យគីមីឥន្ធនៈ វិស័យវាយនភ័ណ្ឌ វិស័យវិស្វកម្ម វិស័យកំពង់ផែ និងនាវា វិស័យសំណង់ វិស័យរថយន្ត និង វិស័យយានអវកាស៕