(សេអ៊ូល, កូរ៉េខាងត្បូង)៖ ក្នុងដំណើរទស្សនកិច្ចជាលើកដំបូងនៅកូរ៉េខាងត្បូង ក្នុងឋានៈជា​នា​យក​​​រដ្ឋមន្ត្រីរបស់កម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានប្រឹងប្រែងសម្បើមណាស់ ក្នុង​ការទាក់ទាញការវិនិយោគពីកូរ៉េចូលមកកម្ពុជា។

ការវិនិយោគពីបរទេស គឺជាចំណែកសំខាន់ណាស់សម្រាប់ការកសាងសេដ្ឋកិច្ចជាតិឱ្យរីកចម្រើន បង្កើតការងារ បង្កើតប្រាក់ចំណូល និងលើកស្ទួយជីវភាពរបស់ប្រជាពលរដ្ឋខ្មែរឱ្យល្អប្រសើរ។ ឈរលើហេតុផលនេះហើយ ទើបរាល់ពេលនៃដំណើរទស្សនកិច្ចនៅក្រៅប្រទេសទាំងទស្សនកិច្ច​ផ្លូវការ ឬក្នុងក្របខណ្ឌនៃកិច្ចប្រជុំនានា សម្តេចធិបតី ហ៊ុន ម៉ាណែត មិនដែលរំលងសោះឡើយ កម្មវិធីជំនួបជាមួយអ្នកវិនិយោគបរទេស។

ទស្សនកិច្ចនៅប្រទេសកូរ៉េខាងត្បូងនាពេលនេះ ក៏ដូចគ្នាផងដែរ។ ជាក់ស្តែងនៅថ្ងៃសុក្រ ទី១៧ ខែឧសភា ឆ្នាំ២០២៤នេះ ចាប់តាំងពីព្រឹកព្រលឹម រហូតដល់ព្រលប់សម្តេចធិបតី ហ៊ុន ម៉ាណែត បាន​ទទួលជួបជាបន្តបន្ទាប់ជាមួយអ្នកវិនិយោគកូរ៉េ ដែលមានចំនួនសរុបរហូតដល់ទៅ៩។ ជំនួប​បាន​ធ្វើឡើងពីមួយក្រុមហ៊ុន ទៅមួយក្រុមហ៊ុន ដោយគ្មានពេលសម្រាក សូម្បីតែពេលបាយ​ថ្ងៃ​ត្រង់​។

ក្នុងជំនួបជាមួយបណ្តាមេដឹកនាំក្រុមហ៊ុន ដែលក្រុមហ៊ុនខ្លះកំពុងរកស៊ីនៅកម្ពុជា និងក្រុមហ៊ុនខ្លះ​មិនទាន់រកស៊ីនៅកម្ពុជានៅឡើយ សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រឹងប្រែងបញ្ចុះបញ្ចូលពួកគេ ឱ្យពង្រីកទុនវិនិយោគបន្ថែមសម្រាប់ក្រុមហ៊ុនកំពុងរកស៊ីនៅកម្ពុជា រីឯក្រុមហ៊ុនមិនទាន់រកស៊ី គឺសុំ​ឱ្យ​ទស្សនកិច្ច ដើម្បីសិក្សាពីឱកាសសម្រាប់ការវិនិយោគ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រឹងប្រែងបង្ហាញស្ថានភាពអំណោយផលនានាសម្រាប់ផល​ចំណេញ​នៃការវិនិយោគនៅកម្ពុជា ដូចជាលក្ខខណ្ឌប្រទេសមានសុខសន្តិភាព មានស្ថេរភាព កម្លាំងពលកម្មវ័យក្មេង លំហទីផ្សារធំទូលាយ បូករួមជាមួយគោលនយោបាយ​ផ្តល់ការគាំពារ​ខ្ពស់​ចំពោះអ្នកវិនិយោគ​​ពី​​រាជរដ្ឋាភិបាល។

តាមរយៈការប្រឹងប្រែងបញ្ចុះបញ្ចូល និងការពន្យល់របស់សម្តេចធិបតី បានធ្វើឱ្យថ្នាក់ដឹកនាំក្រុម​ហ៊ុនបង្ហាញក្តីសោមនស្សចំពោះការវិនិយោគនៅកម្ពុជា។ ក្រុមហ៊ុនដែលកំពុងវិនិយោគ បង្ហាញបំណងពង្រីកការវិនិយោគ រីឯក្រុមហ៊ុនមិនទាន់វិនិយោគ ប្រកាសអញ្ជើញមកកម្ពុជា ដើម្បីឈ្វេងយល់ និងស្វែងរកឱកាសសម្រាប់ការវិនិយោគរបស់ពួកគេ។

តាមរយៈការប្រឹងប្រែងដោយសំចៃកម្លាំងនេះ ស្តែងឱ្យឃើញពីការស្រេកឃ្លានយ៉ាងខ្លាំងក្លារបស់​សម្តេចធិបតី នូវការវិនិយោគពីបរទេស ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ លើកកម្ពស់ជីវភាពប្រជា​ពល​រដ្ឋ និងការចម្រើនលូតលាស់របស់ប្រទេសជាតិ។

ខាងក្រោមនេះ ជាអត្ថបទលទ្ធផលនៃជំនួបជាមួយក្រុមហ៊ុនរបស់កូរ៉េទាំង៩នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤នេះ៖

១៖ ក្រុមហ៊ុនផ្នែកហិរញ្ញវត្ថុរបស់កូរ៉េ បង្ហាញបំណងវិនិយោគនៅកម្ពុជា និងមានជំនឿចិត្តថា បរិយាកាសវិនិយោគនៅកម្ពុជាកាន់តែល្អប្រសើរ ក្រោមការដឹកនាំរបស់សម្តេចធិបតី
https://fna.asia/86c01ed

២៖ សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រុមហ៊ុន Dunamu ពង្រីកការវិនិយោគនៅកម្ពុជា
https://fna.asia/27e8ecc

៣៖ ក្រុមហ៊ុនផ្នែកកម្សាន្តឈានមុខមួយរបស់កូរ៉េ ស្វែងរកឱកាសវិនិយោគ និងធ្វើអាជីវកម្មនៅកម្ពុជា
https://fna.asia/e988fd8

៤៖ ក្រុមហ៊ុនប៊ូយ៉ុងរបស់កូរ៉េ បង្ហាញក្តីពេញចិត្តចំពោះការវិនិយោគនៅកម្ពុជា មិនមែនដើម្បីតែប្រាក់ចំណេញទេ តែដើម្បីកិច្ចអភិវឌ្ឍន៍សង្គមកម្ពុជាផងដែរ
https://fna.asia/c863677

៥៖ ក្រុមហ៊ុនហានស៊ីនរបស់កូរ៉េ មានបំណងពង្រីកការវិនិយោគ លើវិស័យហិរញ្ញវត្ថុនៅកម្ពុជា
https://fna.asia/cec84ad

៦៖ សម្តេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តក្រុមហ៊ុនផលិតគ្រឿងបង្គំអេឡិចត្រូនិករបស់កូរ៉េ ពង្រីកការវិនិយោគនៅកម្ពុជា
https://fna.asia/804923d

៧៖ ក្រុមហ៊ុន Daewoo E&C មានបំណងវិនិយោគ លើវិស័យហេដ្ឋារចនាសម្ព័ន្ធ និងថាមពលស្អាតនៅកម្ពុជា
https://fna.asia/d9f9370

៨៖ សម្តេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តក្រុមហ៊ុន Hyosung Group Ltd. ស្វែងរកឱកាសវិនិយោគនៅកម្ពុជា
https://fna.asia/9dd678c

៩៖ បណ្តាក្រុមហ៊ុនកូរ៉េ មានបំណងពង្រីកប្រតិបត្តិការអាជីវកម្ម និងវិនិយោគលើវិស័យគ្រឿងសង្ហារឹម វិស្វកម្ម និងយានយន្តនៅកម្ពុជា
https://fna.asia/74d81d5