(កំពត)៖ លោក នឹម ចន្ទតារា សមាជិកសភា និងជាតំណាងរាស្ត្រខេត្តកំពត និងលោក យឹម ស៊ីណន រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាសមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តកំពត នាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តកូរ៉េខាងត្បូង របស់អង្គការ ភីអែមស៊ីអាយ (PMCI) ចុះពិនិត្យ និងព្យាបាលជំងឺជូនពលរដ្ឋនៅឃុំច្រេស ដែលបានរៀបចំធ្វើឡើង នៅទីតាំងសាលាបឋមសិក្សាបាក់នឹម ស្ថិតក្នុងភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគីរី ខេត្តកំពត។

នាឱកាសនោះ លោក នឹម ចន្ទតារា សមាជិកសភា និងជាអ្នកតំណាងរាស្ត្រខេត្តកំពត បានផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជូនចំពោះប្រជាពលរដ្ឋទាំងអស់ ដែលបានមកទទួលសេវាពិនិត្យនិងព្យាបាលជំងឺដោយឥតគិតថ្លៃនាពេលនេះ ដោយក្តីនឹករឭកបំផុត ដែលជានិច្ចកាល សម្តេចទាំងទ្វេ តែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ជួបការលំបាក អ្នកមានជំងឺ ចាស់ជរា ស្ត្រីមេម៉ាយកូនច្រើនក្នុងបន្ទុក ជនងាយរងគ្រោះ និង ជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។

ទន្ទឹមនេះ លោកតំណាងរាស្ត្រខេត្តកំពត ក៏បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋនៅពេលនេះ ដែលបានចូលរួមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ក្នុងអាណត្តិទី៧នេះ ដែលធ្វើឲ្យបានការកសាងសមិទ្ធផលបន្ថែមទៀត ជូនប្រជាពលរដ្ឋយើងជាពិសេសធ្វើឲ្យប្រជាពលរដ្ឋ កាន់តែមានជីវភាព ល្អប្រសើរឡើងថែមមួយកំរិតទៀត។ លោកបានថ្លែងអំណអរគុណដល់ក្រុមគ្រូពេទ្យ និងក្រុមការងារទាំងអស់ដែលបានលះបង់ពេលវេលាដ៏មានតម្លៃ យកអស់កម្លាំងកាយចិត្ត និងចំណាយថវិកាផ្ទាល់ខ្លួន ក្នុងការជួយដល់ពលរដ្ឋកម្ពុជា។

លោក យឹម ស៊ីណន ជាសមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តកំពត បានណែនាំប្រជាពលរដ្ឋចូលរួមនៅទីនេះ ធ្វើយ៉ាងណាពិនិត្យ និងព្យាបាលជំងឺដោយយកចិត្តទុកដាក់ ហើយសូមកុំមានការព្រួយបារម្ភអ្វីទាំងអស់ បើមានការឆ្ងល់អ្វី ត្រូវសួរទៅលើពេទ្យ តើយើងមានជំងឺអ្វី នោះពេទ្យនឹងឆ្លើយតបមកវិញជូនបងប្អូនយើង។

លោករដ្ឋលេខាធិការ បន្តថា ក្នុងនាមលោកជាមន្ត្រីរាជរដ្ឋាភិបាល លោកនឹងខិតខំព្យាយាមរកគ្រប់វិធីសាស្ត្រ ធ្វើយ៉ាងណា ក្នុងក្របខណ្ឌនៅទូទាំងប្រទេស ដោយឡែកនៅខេត្តកំពត ជាពិសេសនៅទីតាំងភូមិសាស្ត្រនេះតែម្ដង លោកនឹងប្រឹងប្រែងគ្រប់បែបយ៉ាង ជាមួយរាជរដ្ឋាភិបាល ដើម្បីធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋរបស់យើង នឹងឆ្ពោះទៅរកភាពជឿនលឿនុំនិងភាពសុខដុមរមនា។

លោករដ្ឋលេខាធិការ ក៏បានលើកបញ្ជាក់ដែរថា ក្រុមគ្រូពេទ្យជំនាញកូរ៉េ មានចំនួន៦០រូប បានចុះមកពិនិត្យ និងព្យាបាលជំងឺចម្បងៗមានដូចជា៖

*ទី១៖ ផ្នែកពិនិត្យព្យាបាលជំងឺទូទៅ
*ទី២៖ ផ្នែកពិនិត្យភ្នែក និងកាត់វ៉ែនតា 
*ទី៣៖ ផ្នែកពិនិត្យកោសិកាមហារីកមាត់ស្បូន។ 

ការពិនិត្យព្យាបាលមានរយៈពេលមួយថ្ងៃពេញ ដោយគិតចាប់ពីព្រឹកម៉ោង៨៖៣០នាទី រហូតដល់ម៉ោង១៧៖៣០នាទី មានប្រជាពលរដ្ឋប្រមាណ ៣០០នាក់។ ក្រុមគ្រូពេទ្យនៃអង្គការPMCI បានប្រើប្រាស់រថយន្តក្រុងចល័ត ចំនួន ៣គ្រឿងបំពាក់ដោយបរិក្ខាវេជ្ជសាស្រ្តទំនើបៗ ទៅតាមផ្នែកនីមួយៗដូចជា៖ រថយន្តក្រុង X-ray (ម៉ាសុីនថត X-ray, អេកូសាស្រ្ត, វាស់ចង្វាក់បេះដូង និងម៉ាស៊ីនពិនិត្យឈាម), រថយន្តក្រុង Optic (វាស់ភ្នែក កាត់វ៉ែតា និងឱសថស្ថាន), រថយន្តក្រុងពិនិត្យកោសិកាមហារីកមាត់ស្បូន។

លោកវេជ្ជបណ្ឌិត គីម យ៉ុង ស៊ីង គ្រូពេទ្យជំនាញផ្នែកស្តារនិតិសម្បទា មកពីប្រទេសកូរ៉េ បានប្រាប់ឲ្យដឹងថា មូលហេតុដែលលោកនាំក្រុមគ្រូពេទ្យមកជួយព្យាបាលដល់ពលរដ្ឋកម្ពុជា ព្រោះកាលពីឆ្នាំ១៩៥០ ប្រទេសកូរ៉េមានសង្ក្រាម ពេលនោះកម្ពុជាក៏បានទៅជួយដល់ប្រទេសកូរ៉េផងដែរ នេះបើយោងតាមប្រវត្តិសាស្ត្រ។ ការពិនិត្យ និងព្យាបាលនេះ ធ្វើឡើងនៅទូទាំងប្រទេស ដើម្បីលើកកម្ពស់សុខភាពប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ឲ្យកាន់តែល្អប្រសើរ។ 

ដោយឡែក ប្រជាពលរដ្ឋដែលពិនិត្យជំងឺរួច បានសម្តែងសេចក្តីសប្បាយរីករាយ ដោយសារពួកគាត់ ទទួលបានសេវាពិនិត្យ និងព្យាបាលសុខភាព ដោយយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យជំនាញ និងបានថ្លែងអំណរគុណដល់លោកអ្នកតំណាងរាស្ត្រ និងលោករដ្ឋលេខាធិការ ដែលជាសមាជិកក្រុមការងារចុះមូលដ្ឋាន ដែលតែងតែបានគិតគូពីសុខទុក្ខរបស់ពលរដ្ឋ៕