(តង់ហ្សានី)៖ ព្រះរាជាណាចក្រកម្ពុជា តំណាងដោយប្រតិភូក្រុមប្រឹក្សាកីឡាកងយោធពលខេមរភូមិន្ទ(ខ.ភ.ម) នៃក្រសួងការពារជាតិ ត្រូវបានសមាជិកក្រុមប្រឹក្សាកីឡាកងទ័ពអន្ដរជាតិ (CISM) ដែលមានប្រទេសសមាជិកសរុប ១៤០ប្រទេស បោះឆ្នោតគាំទ្រជាឯកច្ឆន្ទ ក្លាយជាសមាជិកពេញសិទ្ធិផ្លូវការនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤។ នេះបើតាមការបញ្ជាក់របស់លោក ខូវ ឆាយ អនុប្រធាន និងជាអគ្គលេខាធិការក្រុមប្រឹក្សាកីឡា ខ.ភ.ម។

ប្រធានប្រតិភូកីឡាកងទ័ពកម្ពុជា បានឲ្យដឹងថា «កម្ពុជាបានក្លាយជាប្រទេសទី១៤១ ដែលបានក្លាយជាសមាជិកក្រុមប្រឹក្សាកីឡាកងទ័បអន្ដរជាតិ បន្ទាប់ពីទទួលបានការបោះឆ្នោតគាំទ្រជាឯកច្ឆន្ទ ក្នុងឱកាសមហាសន្និបាត និងសន្និបាតលើកទី៧៩ របស់ស្ថាប័ន CISM (the 79th CISM General Assembly & Congress) នាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ នៅទីក្រុង Dar es Salaam ប្រទេសតង់ហ្សានី»

គួរដឹងថា ក្រុមប្រឹក្សាកីឡាកងទ័ពអន្ដរជាតិ ដែលហៅកាត់ថា CISM គឺជាអង្គការកីឡាមួយ ដែលបច្ចុប្បន្នមានរដ្ឋជាសមាជិកចំនួន ១៤១ប្រទេស ក្រោយបង្កើតឡើងកាលពីឆ្នាំ១៩៤៨។ អង្គការកីឡានេះ បាននឹងកំពុង ចូលរួមវិភាគទានដ៏ធំធេងចំពោះសុខដុមនីយកម្ម និងសន្ដិភាពពិភពលោក តាមរយៈការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាអន្ដរជាតិ ជូនកងកម្លាំងប្រដាប់អាវុធនៃបណ្ដាប្រទេសជាសមាជិករបស់ខ្លួន ក្នុងន័យរឹតចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ព និងជាអង្គការមួយ ដែលមានប្រភេទកីឡាប្រកួតច្រើនវិញ្ញាសាជាងគេបង្អស់ក្នុងចំណោមអង្គការកីឡាអន្ដរជាតិធំៗនានាលើពិភពលោក៕

http://image.freshnewsasia.com/2021/id-155/fn-2024-05-18-13-45-46-0.JPG