(ហ្សាការតា)៖ តបតាមការអញ្ជើញរបស់លោកសាស្ត្រាចារ្យ Tetsuya Watanabe ប្រធានវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ច សម្រាប់តំបន់អាស៊ាន និងអាស៊ីបូព៌ា (ERIA) លោកបណ្ឌិត កៅ គឺមហួន អគ្គលេខាធិការអាស៊ាន នឹងដឹកនាំគណៈប្រតិភូលេខាធិការដ្ឋានអាស៊ាន ទៅបំពេញទស្សនកិច្ចការងារនៅប្រទេសជប៉ុន ចាប់ពីថ្ងៃទី ១៩ ដល់ ២៥ ខែឧសភា ឆ្នាំ២០២៤។

នៅក្នុងអំឡុងពេលទស្សនកិច្ចនេះ អគ្គលេខាធិការអាស៊ាន គ្រោងជួបជាមួយមន្ត្រីជាន់ខ្ពស់ នៃរដ្ឋាភិបាលជប៉ុនសំខាន់ៗមួយចំនួន មន្ត្រីផ្នែកសិក្សាធិការ និងសហគមន៍ធុរកិច្ច ជាដើម ដើម្បីពិភាក្សា និងរិះរកវិធីដើម្បីពង្រឹងភាព ជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-ជប៉ុន។

បណ្ឌិត កៅ គឹមហួន ក៏នឹងអញ្ជើញទៅសាកលវិទ្យាល័យហ៊ីរ៉ូស៊ីម៉ា (Hiroshima University) ស្ថិតនៅខេត្តហ៊ីរ៉ូស៊ីម៉ា ដែលគាត់នឹងធ្វើបាឋកថាពិសេសស្តីពី «តួនាទីយុទ្ធសាស្ត្ររបស់អាស៊ាន ក្នុងការថែរក្សាសន្តិភាព និងពង្រឹងវិបុលភាពនៅក្នុងតំបន់ (ASEAN’s Strategic Role in Maintaining Peace and Advancing Prosperity in the Region)»។

នាឱកាសនោះ លោកបណ្ឌិត កៅ គឹមហួន នឹងទទួលបានគោរមងារជា «Specially Invited Professor» ពីសាកលវិទ្យាល័យហ៊ីរ៉ូស៊ីម៉ា ដ៏ល្បីល្បាញនេះផងដែរ។

ស្របពេលជាមួយទស្សនកិច្ចការងារនេះដែរ អគ្គលេខាធិការអាស៊ាន ក៏នឹងអញ្ជើញចូលរួមក្នុងវេទិកានីកេអនាគតអាស៊ីលើកទី២៩ ក្នុងនាមជាវាគ្មិន ដែលគាត់នឹងពិភាក្សា និងបកស្រាយពាក់ព័ន្ធនឹង «ការរួមបញ្ចូលគ្នាឌីជីថល ឆ្លងកាត់ព្រំដែន»៖ ពង្រឹងកិច្ចសហប្រតិបត្តិការអាស៊ីប៉ាស៊ីហ្វិក (Cross-border Digital Synergy: Enhancing Asia-Pacific Cooperation)៕