(កូរ៉េ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ឲ្យដឹងថា រយៈពេល៥ខែ ឆ្នាំ២០២៤ ពោលចាប់ពីខែមករា ដល់ខែឧសភា កម្ពុជាបានអនុម័តគម្រោងវិនិយោគចំនួន១៤៧គម្រោង ក្នុងទុនវិនិយោគ ២,៧០០លានដុល្លារ និងបានបង្កើតការងារជូនប្រជាពលរដ្ឋ ជាង១៤ម៉ឺននាក់។

ការបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញជួបសំណេះសំណាលជាមួយបងប្អូន សហគមន៍ខ្មែរ រស់នៅសាធារណរដ្ឋកូរ៉េ នារសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «តាំងពីដើមខែមករា មកដល់ខែឧសភានេះ មានគម្រោងវិនិយោគចំនួន១៤៧គម្រោង ក្នុងទំហំទុនវិនិយោគចំនួន២,៧០០លានដុល្លារ ដែល​បានដាក់មកវិនិយោគ នៅក្នុងប្រទេសកម្ពុជា ទាំងក្រុមហ៊ុនក្នុងស្រុក និងក្រុមហ៊ុនក្រៅស្រុក»

បន្ថែមពីនោះទៀត សម្តេចធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងថា គម្រោងទាំង១៤៧ ក្នុងរយៈពេល៥ខែ ឆ្នាំ២០២៤នេះ បានបង្កើតការងារជូនដល់ប្រជាពលរដ្ឋ ចំនួនជាង១៤ម៉ឺននាក់។

ទន្ទឹមគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត សង្ឃឹមថា ក្នុងដំណើរទស្សនកិច្ច នៅប្រទេសកូរ៉េខាងត្បូងនេះ នឹងនាំអ្នកវិនិយោគ មកដាក់ការវិនិយោគ នៅក្នុងប្រទេសកម្ពុជា កាន់តែច្រើនបន្ថែមទៀតផងដែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ដំណើរទស្សនកិច្ច របស់សម្តេចនៅកូរ៉េនាពេលនេះ កិច្ចការសំខាន់ទី២ គឺការទាក់ម៉ូយ។ ក្នុងនោះ មានការរៀបចំវេទិកាធុរកិច្ច រវាងកម្ពុជា-កូរ៉េ ព្រមទាំងការជួបផ្ទាល់ ជាមួយអ្នកវិនិយោគ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នយោបាយទាក់ម៉ូយនេះ គឺបានផលដល់ជាតិ និងប្រជាពលរដ្ឋខ្មែរ។

សូមបញ្ជាក់ថា សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចផ្លូវការ នៅកូរ៉េខាងត្បូង។ ដំណើរទស្សនកិច្ចនេះ មានរយៈពេល៤ថ្ងៃ ហើយជាដំណើរទស្សនកិច្ចមួយ បង្ហាញនូវជំហររបស់រាជរដ្ឋាភិបាលនីតិកាលថ្មី ក្នុងការបន្តពូនជ្រុំទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទាំងឡាយរវាងកម្ពុជា និងកូរ៉េខាងត្បូងឲ្យកាន់តែល្អប្រសើរ៕