(សេអ៊ូល-កូរ៉េ)៖ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយសហគមន៍ខ្មែររស់នៅសាធារណរដ្ឋកូរ៉េ នារសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្ហើបអំពីគម្រោងនៃការជំរុញភ្ជាប់ជើងហោះហើរត្រង់រវាងខេត្តសៀមរាប ជាមួយបណ្ដាខេត្តសំខាន់ៗនានារបស់កូរ៉េ ដូចជា ប៊ូសាន ជេជូ និងអ៉ីនឈុនជាដើម។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ក្នុងដំណើរទស្សនកិច្ចនេះ សម្ដេចបានជួបជាមួយអភិបាលខេត្តជេជូ ហើយបានចុះហត្ថលេខាចងសម្ព័ន្ធមេត្រីភាពរវាងខេត្តមួយនេះ ជាមួយខេត្តសៀមរាប ពិសេសការភ្ជាប់ជើងហោះហើរត្រង់តែម្ដង។ សម្ដេចបន្ដថា នៅថ្ងៃខាងមុខ នឹងភ្ជាប់ជាមួយបណ្ដាខេត្តនានាជាច្រើនទៀត សំដៅជំរុញទំនាក់ទំនងកាន់តែល្អប្រសើរបន្ថែមទៀត។

សម្ដេចធិបតី នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានមានប្រសាសន៍យ៉ាងដូច្នេះថា «យើងបានជជែកគ្នាច្រើនទៅលើគ្រប់វិស័យ ពិសេសការភ្ជាប់ប្រជាជន និងប្រជាជន។ ទំនាក់ទំនងខាងវិស័យទេសចរណ៍ វិស័យអប់រំ វិស័យវប្បធម៌ដើម្បីភ្ជាប់ជាមួយគ្នា។ ម្សិលមិញជួបជាមួយចៅហ្វាខេត្តជេជូ ចុះហត្ថលេខាសម្ព័ន្ធមេត្រីភាពជាមួយខេត្តសៀមរាប ពេលប្រជុំជាមួយឯកឧត្តមប្រធានាធិបតីក៏បានលើក ឥលូវត្រូវភ្ជាប់បន្ថែមទៀតពីអ៉ីនឈុន ទៅសៀមរាប ហើយសង្ឃឹមថាថ្ងៃក្រោយយើងបើកច្រកពីជេជូទៅសៀមរាប ពីប៊ូសានទៅសៀមរាប ហើយយើងសង្ឃឹមថា ទៅមុននឹងអាចធ្វើបាន»

បើតាមប្រសាសន៍របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត, តាមរយៈការតម្លើងកម្រិតទំនាក់ទំនងរវាងកម្ពុជា-កូរ៉េខាងត្បូង គឺមានលទ្ធភាពច្រើនប​ង្ហាញឲ្យឃើញថា ថ្នាក់ដឹកនាំកម្ពុជា និងកូរ៉េ មានទស្សនៈវិស័យដូចគ្នាផ្តល់សារសំខាន់លើទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ក្នុងន័យនេះ សម្ដេចជំរុញឲ្យវិស័យឯកជន និងវិស័យឯកជនរវាងប្រទេសទាំងពីរ រៀបចំជាកញ្ចប់គោលដៅទេសចរណ៍ ដើម្បីឲ្យមានការហោះហើរត្រង់តែម្ដង។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញការយល់ឃើញថា ការភ្ជាប់ជើងហោះហើរត្រង់រវាងបណ្ដាខេត្តនានារបស់កូរ៉េ ជាមួយកម្ពុជានេះ គឺជួយសម្រួលដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ពិសេសកាត់បន្ថយនូវរាល់ការចំណាយក្នុងការធ្វើដំណើរ។ ប៉ុន្ដែទោះជាយ៉ាងណា ការពង្រឹងទំនាក់ទំនង និងពង្រីកកូតាសម្រាប់ប្រជាពលរដ្ឋទៅធ្វើការនៅប្រទេសកូរ៉េ ក៏ជារឿងចាំបាច់ដូចគ្នាដែលត្រូវយកចិត្តទុកដាក់។

អ្នកនាំពាក្យអាកាសចរស៉ីវិល លោក ស៊ីន ចាន់សេរីវុត្ថា បានឲ្យដឹងថា បច្ចុប្បន្ននេះការហោះហើររបស់កូរ៉េមកកាន់ប្រទេសកម្ពុជា (ភ្នំពេញ-សេអ៊ូល) មានចំនួន២ក្រុមហ៊ុន Asiana Airlines និង Korea Airlines ដែលហោះហើរយ៉ាងទៀងទាត់ ក្នុងមួយថ្ងៃមួយជើង និង៧ថ្ងៃក្នុងមួយសប្ដាហ៍។

សូមជម្រាបថា តាមរយៈដំណើរទស្សនកិច្ចនៅពេលនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោក យូន ស៊កយ៉ល (Yoon Suk Yeol) ប្រធានាធិបតី នៃសាធារណរដ្ឋកូរ៉េ បានពិភាក្សាលើកិច្ចសហប្រតិបត្តិការទ្វេភាគី ដោយគ្របដណ្តប់លើវិស័យសំខាន់ៗ រួមមាន៖ វិស័យនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ការពារជាតិ និងសន្តិសុខ និងវិស័យផ្សេងៗទៀត។ ជាលទ្ធផល ថ្នាក់ដឹកនាំទាំងពីរ បានឯកភាពគ្នាលើការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការល្អដែលមានស្រាប់ និងដំឡើងកម្រិតទំនាក់ទំនងទៅជា «ភាពជាដៃគូយុទ្ធសាស្រ្ត» ដើម្បីជំរុញកិច្ចសហប្រតិបតិ្តការឲ្យកាន់តែជិតស្និទ្ធ និងប្រកបដោយវិបុលភាព៕