(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងណែនាំឱ្យស្ថានទូតកម្ពុជានៅសាធារណរដ្ឋកូរ៉េ និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សិក្សាលទ្ធភាពរៀបចំកន្លែងដែលមានប្រជាជនខ្មែររស់នៅកូរ៉េច្រើន បង្កើតកន្លែងផ្តល់ការអប់រំភាសាខ្មែរ ជូនដល់កូនខ្មែរនៅកូរ៉េ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូចនេះនារសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤នេះ នាឱកាសដែលសម្តេចនិងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនសហគមន៍ខ្មែររស់នៅសាធារណរដ្ឋកូរ៉េ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះថា «ខ្ញុំគិតថាឱ្យស្ថានទូត និងក្រសួងកាងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សិក្សាលទ្ធភាពរៀបចំកន្លែងដែលមានប្រជាជនខ្មែររស់នៅច្រើន ជាពិសេសអ្នកដែលមានកូន បើអាចបានធ្វើការជាមួយសមាគមន៍ បើគាត់មានកន្លែងហើយ យើងអាចជួលគ្រូភាសាខ្មែរដើម្បីផ្តល់ឱ្យចុងសប្តាហ៍ ដើម្បីឱ្យកូនខ្មែរយើងអាចរៀនភាសាខ្មែរនៅទីនេះបាន ចឹងសុំសិក្សាមើល»

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងទៀតថា ការបង្រៀនបឋម បង្រៀនភាសាតំបូងមិនពិបាករកគ្រូបង្រៀនកម្រិតខ្ពស់នោះទេ ហើយក៏អាចមានអ្នកខ្លះជាគ្រូបង្រៀនស្រាប់ដែលបានមកធ្វើការនៅកូរ៉េ ហើយក្នុងនោះក៏អាចមាននិស្សិតមករៀននៅកូរ៉េ អាចបង្រៀនបានផងដែរ យើងអាចជួួយគ្នាបង្រៀនបាន។ សម្តេចបានណែនាំឱ្យស្ថានទូត និងក្រសួងការងារ សិក្សាសាកល្បង មួយកន្លែង ឫពីរកន្លែងសិន ហើយនៅពេលដំណើរការបានល្អ គឺមើលតាមលទ្ធភាពជាក់ស្តែងបាន។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងទៀតថា វប្បធម៍ សាសនា និងភាសា មានសារៈសំខាន់ណាស់សូមកុំឱ្យដាច់ និងបាត់បង់ ហើយយើងត្រូវរួមគ្នាថែរក្សា។ ដើម្បីបង្ហាញពីអត្តសញ្ញាណជាតិមិនត្រឹមតែភាសានោះទេ គឺមានវប្បធម៍ សាសានា ភាសា សិល្បៈ ច្រើនទៀត។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា អ្វីដែលយើងបានខិតខំទៅចុះក្នុងបញ្ចីបេតិកភណ្ឌពិភពលោក អរូបិយផ្សេងៗ មានដូចជា៖ ក្រម៉ា សម្លៀកបំពាក់ការ ចាប៉ីដងវែង ទាញព្រ័ត្រ ហើយនៅពេលខាងមុខនឹងឱ្យរៀបចំដាក់សង្ក្រាន្តកម្ពុជាថែមទៀតដើម្បីចុះក្នុងបញ្ចីបេតិកភណ្ឌពិភពលោក ដើម្បីរួមគ្នាថែរក្សាអ្វីដែលយើងមាន នឹងឱ្យពិភពលោកបានដឹងពីអ្វីដែលដូនតាយើងបានបង្កើតឡើងផងដែរ ហើយក្នុងនាមយើងជាកូនខ្មែរ ត្រូវតែរួមគ្នាថែរក្សាពីមួយជំនាន់ទៅមួយជំនាន់កុំឱ្យបាត់បង់៕