(កំពង់ស្ពឺ)៖ លោក វ៉ី សំណាង ប្រធានគណកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ បានក្រើនរំលឹកដល់មន្រ្តីគណបក្សនៅមូលដ្ឋានស្រុកគងពិសី ឲ្យបន្តការខិតខំប្រឹងប្រែងបន្ថែមទៀត ក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋឲ្យបានកាន់តែល្អប្រសើរ ដើម្បីទទួលបាននូវការគាំទ្រ និងជឿទុកចិត្តកាន់តែខ្លាំងក្លានឹងបន្តទៅដណ្តើមយកឈ្នះ ក្នុងការបោះឆ្នោតបន្តបន្ទាប់ ពិសេសបោះឆ្នោតជើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌនាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ខាងមុខ។

ការលើកឡើងបែបនេះ គ្រាដែលលោកបានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អាគារស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកគងពិសី ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤។

លោក វ៉ី សំណាង បានលើកឡើងថា គណបក្សប្រជាជនកម្ពុជា បានប្រកាន់ភ្ជាប់ឥតប្រែប្រួល ជាគណបក្សរបស់ប្រជាជន អាស្រ័យដោយប្រជាជន និងដើម្បីប្រជាជន ហើយបានខិតខំកសាងសមិទ្ធផលធំៗជាច្រើនជូនប្រទេសជាតិ ក្នុងរយៈពេលជាង៤០ឆ្នាំមកនេះ។

មួយវិញទៀត គណបក្សប្រជាជនកម្ពុជា ក៏ជាគណបក្សដែលប្រកាន់ខ្ជាប់នូវលិទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ដោយបានចូលរួមគ្រប់ការបោះឆ្នោត ទោះបីផ្ទាល់ ឬមិនផ្ទាល់ក៏ដោយ។

លោកថា កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤កន្លងទៅ គណបក្សប្រជាជនកម្ពុជា ក៏បានបើកយុទ្ធនាការឃោសនារកសំឡេងឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ក្រោមបរិយាកាសល្អ។ នេះគឺជាការបោះឆ្នោតអសកល ដែលសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ជាអ្នកមានសិទ្ធិជាតំណាងឲ្យប្រជាពលរដ្ឋ ក្នុងការសម្រេចជ្រើសរើសយកបេក្ខជនសម្រាប់ជាតំណាងរបស់ខ្លួន នៅក្នុងក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦  ខែឧសភា ឆ្នាំ២០២៤ខាងមុខ។

ប្រធានគណកម្មាធិការបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង បានគូសបញ្ជាក់ថា ឆ្លងតាមការស្តារប្រទេសជាតិពីបាតដៃទទេរហូតដល់មានការរីកចម្រើនដូចសព្វ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា គឺបានឆ្លុះបញ្ចាំងពីការដឹកនាំដ៏រឹងមាំ ប៉ិនប្រសប់និងឈ្លាសវៃនៃមគ្គុទេសក៍ គណបក្សប្រជាជនកម្ពុជាក្រោមកម្មវិធីនយោបាយត្រឹមត្រូវ មានការគាំទ្រដ៏ទូលំទូលាយពីប្រជាជន មន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ មានវិន័យម៉ឺងម៉ាត់ និងរបៀបរបបធ្វើការម៉ត់ចត់ មានធនធានមនុស្សដ៏ច្រើនកុះករប្រកបដោយគុណធម៌ សមត្ថភាព និងការទទួលខុសត្រូវខ្ពស់ មានសាមគ្គីភាព ឯកភាពផ្ទៃក្នុងរឹងមាំ។

ទាំងអស់នេះហើយ គឺជាកត្តាដែលនាំឲ្យគណបក្សប្រជាជនកម្ពុជាមានជ័យជំនះ ដោយទទួលបានការគាំទ្រ និងមានការជឿទុកចិត្តពីសំណាក់ប្រជាពលរដ្ឋនៅទូទាំងប្រទេស។ តែទោះជាយ៉ាងនេះក្តី មន្ត្រីគណបក្សជាប្រជាជនកម្ពុជា មិនត្រូវមើលរំលងពីសុខទុក្ខ និងតម្រូវការចាំបាច់នានារបស់ប្រជាពលរដ្ឋឡើយ។ ទន្ទឹមនេះត្រូវបម្រើឲ្យអស់សមត្ថភាព និងលទ្ធផលភាព ដោយគ្មានលក្ខខណ្ឌដើម្បីជាកិច្ចតបស្នងចំពោះការជឿទុកចិត្ត និងគាំទ្រពីប្រជាពលរដ្ឋក្នុងមូលដ្ឋានមកលើគណបក្សប្រជាជនកម្ពុជា នាពេលបច្ចុប្បន្ន និងអនាគត៕