(ភ្នំពេញ)៖ លោក ហ្សង់ហ្វ្រង់ស័រ តាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងបញ្ជាក់ថា រយៈពេល៤ថ្ងៃ ដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី រួមទាំងគណៈប្រតិភូ អញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសកូរ៉េខាងត្បូង គឺមិនឃើញមានបាតុកម្មប្រឆាំងនឹងសម្តេចនោះទេ។

លោក ហ្សង់ ហ្វ្រង់ស័រ តាន់ បានបញ្ជាក់យ៉ាងដូចនេះ នាយប់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤នេះ ក្នុងសន្និសីទសារព័ត៌មាន នៅព្រលានយន្តអន្តរជាតិភ្នំពេញ ដើម្បីបង្ហាញអំពីលទ្ធផលសំខាន់ៗនៃដំណើរទស្សនកិច្ចផ្លូវការរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត រយៈពេល៤ថ្ងៃ នៅប្រទេសកូរ៉េខាងត្បូង។

លោក ហ្សង់ហ្វ្រង់ស័រ តាន់ បានបញ្ជាក់ថា ឥទ្ធិពលរបស់គណៈបក្សប្រឆាំង ពិសេសនៅក្រៅប្រទេសបានកំពុងបន្តថមថយហើយដូចជាអំបិលត្រូវទឹក នេះជាការពិតហើយយើងត្រូវហ៊ានទទួលស្គាល់ ទោះបីគេមិនទទួលស្គាល់ តែយើងត្រូវតែហ៊ានទទួលស្គាល់។

លោក ហ្សង់ហ្វ្រង់ស័រ តាន់ បានបញ្ជាក់ដូចនេះថា «តាមខ្ញុំដឹងពួកគាត់គ្រោងធ្វើបាតុកម្ម ប៉ុន្តែមកទល់ពេលនេះមិនទាន់ឃើញមានទេរូបរាងនៃបាតុកម្ម ខ្ញុំដឹងលឺថាពួកគាត់ចង់ធ្វើបាតុកម្មនៅថ្ងៃទី១៥ ខែឧសភា ពេលដែលសម្តេចធិបតី និងគណៈប្រតិភូដាក់ជើងជាន់លើដីសេអ៉ូល ប្រទេសកូរ៉េខាងត្បូង ប៉ុន្តែនៅទីបំផុតអត់មានទេ ព្រោះនៅថ្ងៃនោះភ្លៀង នៅថ្ងៃទី១៦ ថ្ងៃទី១៧ និងថ្ងៃទី១៨ ក៏មិនមានឃើញធ្វើបាតុកម្មដែរ»។

លោក ហ្សង់ហ្វ្រង់ស័រ តាន់ ក៏បានបញ្ជាក់ដែរថា ការដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងគណៈប្រតិភូត្រឡប់មកប្រទេសកម្ពុជាមុនពេលនេះដែរ ក៏មិនមែនខ្លាចពួកគេធ្វើបាតុកម្មនោះដែរ គឺដោយសារតែចប់អស់កម្មវិធី។ លោកអះអាងថាជារួម គណបក្សប្រឆាំងនៅក្រៅប្រទេសនៅពេលនេះ កំពុងតែថមថយឥទ្ធិពល ថមថយកម្លាំងអស់ហើយ៕