(ភ្នំពេញ)៖ លោក តាន់ ហ្សង់ហ្វ្រង់ ស័រ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី បានប្រាប់អ្នកសារព័ត៌មានកម្ពុជាមួយចំនួន កុំធ្វើតាមគំរូ សារព័ត៌មានបរទេសខ្លះ ដែលចេះតែផ្លុំត្រចៀកកម្ពុជា ក្នុងការប្រកាន់ជំហរគាំទ្រ ឬមិនគាំទ្រប្រទេសណាមួយ។ លោក តាន់ ហ្សង់ហ្វ្រង់ ស័រ លើកឡើងបែបនេះ ធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មាន នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ នាយប់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ ក្រោយសម្តេចធិបតី ហ៊ុន ម៉ាណែតបានបញ្ចប់ដំណើរទស្សកិច្ចនៅកូរ៉េខាងត្បូង។

ការលើកឡើងរបស់ លោក តាន់ ហ្សង់ហ្វ្រង់ ស័រ គឺឆ្លើយនឹងអ្នកសារព័ត៌មានម្នាក់ដែលបានចោទសួរជុំវិញទំនាក់ទំនងរវាងកម្ពុជា និងប្រទេសកូរ៉េខាងត្បូង និងជាមួយប្រទេសកូរ៉េខាងជើង។

លោកបានថ្លែងថា «អស់លោកជាអ្នកសារព័ត៌មាន ទាំងអស់គ្នាសុទ្ធតែជាខ្មែរ ខ្ញុំថាមិនគួរយកតម្រាប់តាមប្រព័ន្ធផ្សព្វផ្សាយបរទេសខ្លះ ចេះតែនាំគ្នាផ្លុំត្រចៀកបរទេសកម្ពុជា ប្រាប់អ៊ីចេះ អ្នកឯងត្រូវប្រឆាំងប្រទេសនេះ អ្នកឯងត្រូវគាំទ្រប្រទេសនោះ អ្នកឯងមិនត្រូវសេពគប់ប្រទេសនេះទេ អ្នកឯងត្រូវតែសេពគប់ជាមួយប្រទេសនេះបានហើយ»។

លោកបានគូសបញ្ជាក់ថា កម្ពុជាជាប្រទេសអធិបតេយ្យ ឯករាជ្យម្ចាស់ការ និងមានជំហច្បាស់លាស់នៅចំពោះមុខបញ្ហាតំបន់ និងបញ្ហាអន្តរជាតិធំៗ នីមួយៗ។ កម្ពុជាមានជំហររបស់ខ្លួន ហើយកម្ពុជាគោរពនូវជំហររបស់ខ្លួន ដើម្បីទទួលមកវិញនូវការគោរពជំហរបស់អ្នកដ៏ទៃ។

ជុំវិញទំនាក់ទំនងរវាងប្រទេសកូរ៉េទាំងពីរ លោកបានបញ្ជាក់ថា ជាកាពិតកម្ពុជាមានទំនាក់ទំនង និងប្រយោជន៍ច្រើន ជាពិសេសប្រយោជន៍សេដ្ឋកិច្ចជាមួយកូរ៉េខាងត្បូងនារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប៉ុន្តែមិនបានន័យថាកម្ពុជា ត្រូវតែប្រឆាំងនឹងកូរ៉េខាងជើងទេ ពោលគឺ កម្ពុជាមិត្តរបស់កូរ៉េខាងត្បូង ប៉ុន្តែកម្ពុជាមិនមែនសត្រូវរបស់កូរ៉េខាងជើងឡើយ៕