(ភ្នំពេញ)៖ ពេញ១រសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ អង្គមហាន្និបាត ពុទ្ធិកសមាគមកម្ពុជរដ្ឋ បានប្រជុំបោះឆ្នោតជ្រើសរើសគណៈកម្មាធិការនាយកថ្មី ចំនួន៣៣អង្គ/នាក់ សម្រាប់បន្តដឹកនាំ ពុទ្ធិកសមាគមកម្ពុជរដ្ឋ អាណត្តិទី៧ ហើយជាលទ្ធផល ព្រះសិរីកោសល សុំ សុខា ព្រះចៅអធិការវត្តភ្នៀសិម្ពលី បានជាប់ឆ្នោតជាប្រធានគណៈកម្មាធិការនាយក អាណត្តិទី៧ បន្តវេនពីសម្តេចព្រះមហាអរិយវង្សបណ្ឌិត យ៉ន សេងយៀត ។

ពុទ្ធិកសមាគមកម្ពុជរដ្ឋ គឺជាអង្គការមួយ ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងកិច្ចការងារមនុស្សធម៌នៅក្នុងសង្គមពុទ្ធសាសនិកកម្ពុជា។ សមាគមនេះគឺជាផ្នែកមួយដ៏សំខាន់របស់គណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជាតាំងពីដើមមក ជាពិសេសនោះគឺមាន ព្រះមហាក្សត្រ និងព្រះមហាក្សត្រីយ៍ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ ក៏ទ្រង់សព្វព្រះរាជហឫទ័យ យាងប្រថាប់ជាព្រះរាជាធិបតីកិត្តិយសនៃសមាគមនេះ ជាដរាបរៀងមក។

ក្នុងនោះក៏មានថ្នាក់ដឹកនាំ ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល មន្រ្តីរាជការ និងពុទ្ធសាសនិក ក្នុងប្រទេសជាច្រើនបានចូលរួមជួយឧបត្ថម្ភ គាំទ្រ លើកតម្កើង និងបានស្ម័គ្រចិត្តចូលជាសមាជិកផងដែរ។ ទាំងនេះសបញ្ជាក់ឱ្យឃើញថា ពុទ្ធិកសមាគមកម្ពុជរដ្ឋ គឺជាសមាគមមួយដ៏មានសក្តានុពលផ្នែកមនុស្សធម៌ នៅក្នុងសង្គមពុទ្ធសាសនាកម្ពុជា។  

ក្នុងសុន្ទរកថាស្វាគមន៍ថ្លែងដោយ សម្តេចព្រះមហាអរិយវង្ស បណ្ឌិត យ៉ន សេងយៀត អតីតព្រះប្រធាននៃពុទ្ធិកសមាគមកម្ពុជរដ្ឋ បានរំលឹកថា ពុទ្ធិកសមាគមកម្ពុជរដ្ឋ ជាស្នាព្រះហស្ថរបស់សម្តេចព្រះសង្ឃរាជ ជួន ណាត (ជោតញ្ញណោ) ដែលសម្តេចបានស្ថានាដំបូងបង្អស់នៅកម្ពុជា បន្ទាប់ពីព្រះអង្គបានចូលរួមមហាសន្និបាតពុទ្ធិកសមាគមកម្ពុជរដ្ឋសមាគមពិភពលោក នៅប្រទេសស្រីលង្ការួចមក ពេលនោះ កម្ពុជា ជាមជ្ឈមណ្ឌលមួយនៃពុទ្ធិកសមាគមពិភពលោកដែលមានឈ្មោះថា «ពុទ្ធិកសមាគមកម្ពុជរដ្ឋ»។  

សូមជម្រាបថា សម្តេចព្រះពុទ្ធមុនីបណ្ឌិត ឃឹម សន ព្រះរាជតំណាងគណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះមេគណរាជធានីភ្នំពេញ និង លោកស្រី ខៀវ សុីណា ជា ចាន់តូ បាននិមន្ត និងអញ្ជើញ ជាអធិបតី ក្នុងពិធីបិទមហាសន្និបាត ពុទ្ធិកសមាគមកម្ពុជ អាណត្តិទី៧ ខណៈ លោក ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា និងសម្តេចព្រះមង្គលមុនីរង្សី ហ៊ូ ឈីវនាថ ព្រះរាជតំណាងគណៈសង្ឃនាយក បាននិមន្ត និងអញ្ជើញ ជាអធិបតី ក្នុងពិធីបើកមហាសន្និបាត ។

អង្គមហាសន្និបាត បានព្រឹត្តទៅចប់សព្វគ្រប់ ក្នុងបរិយាកាសគួរជាទីជ្រះថ្លា និងបានប្រកាសគាំទ្រយ៉ាងពេញទំហឹង ការអនុវត្តគម្រោងព្រែកជីក ហ្វូណនតេជោ៕