(ភ្នំពេញ)៖ អ្នកជំនាញអារ្យធម៌ខ្មែរ លោក រ័ត្ន សណ្តាប់ បានថ្លែងថា នៅលើផែនដីតេជោសន្ដិភាព ថ្ងៃទី២០ឧសភា ជារៀងរាល់ឆ្នាំ ដែលជាទិវានៃការចងចាំនូវព្រឹត្ដិការណ៍ប្រវត្តិសាស្រ្ដដ៏សោកសៅបំផុតនៃរបបខ្មែរក្រហម ដែលបានកាន់កាប់​ប្រទេស​កម្ពុជាតែក្នុងរយ:ពេល៤៤ខែ​ប៉ុណ្ណោះ គឺពីខែមេសា ឆ្នាំ​១៩៧៥ ដល់ខែមករា ឆ្នាំ១៩៧៩ បានកាប់សម្លាប់ប្រជាជនកម្ពុជាជាង៣លាននាក់យ៉ាងរង្គាលនិងសាហាវយង់ឃ្នងបំផុត ដែលមិនធ្លាប់កើតមានក្នុងប្រវត្តិសាស្ត្រខ្មែរ ដូចដែលសាធារណជនជាតិនិងអន្ដរជាតិ បានឃើញនិងឆ្លងកាត់កន្លងមកនេះ។

បើពោលអំពីរបបដ៏ខ្មៅកខ្វក់នេះ គឺជារបបប្រល័យពូជសាសន៍ដោយស្វ័យប្រវត្ដិ ដោយហេតុថា បានប្រព្រឹត្តនូវការកាប់សម្លាប់ប្រជាជនកម្ពុជានៅទូទាំងប្រទេស។ ស្ថិតក្នុងន័យនេះចំពោះព្រឹត្ដិការណ៍នៃទិវាចងចាំនេះ គឺដើម្បីឲ្យខេមរជនពីមួយជំនាន់ ទៅមួយជំនាន់ ត្រូវរួបរួមគ្នាដើម្បីទប់ស្កាត់ហើយបិទបញ្ចប់ទាំងស្រុងនិងជាស្ថាពរនូវអំពើប្រល័យពូជសាសន៍ដើម្បីកុំឲ្យកើតមានសារជាថ្មីម្ដងទៀតនូវសោកនាដ្ឋកម្មដ៏រន្ធត់នេះ មកលើប្រជាជនកម្ពុជា ជាស្នួលសន្ដិសុខជាតិ និងបម្រើផលប្រយោជន៍ដល់ប្រជាជនកម្ពុជាដ៏ប្រពៃថ្លៃថ្លានៃយើង ។

លោក រ័ត្ន សណ្តាប់ បន្ដថា ស្ថិតក្នុងបរិបទនយោបាយកម្ពុជាក្នុងសម័យទំនើបនាសតវត្សទី២១នេះ បើពោលអំពីការទប់ស្កាត់និងបញ្ចប់ទាំងស្រុងនិងជាស្ថាពរនូវអំពើប្រល័យពូជសាសន៍ដើម្បីកុំឲ្យកើតមានសារជាថ្មី មកលើប្រជាជនកម្ពុជាយើងវិញ គឺប្រជាជាតិខ្មែរមានជំនឿជឿជាក់ ទុកចិត្ដនិងពេញចិត្តទាំងស្រុង ទៅលើការដឹកនាំប្រទេសរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា និងរាជរដ្ឋាភិបាលបន្ដវេន ស្ថិតក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្រោមគោលនយោបាយការបរទេសពហុភាគីនិយម ដើម្បីទប់ស្កាត់និងបញ្ចប់អំពើប្រល័យពូជសាសន៍គ្រប់ស្ថានភាពទាំងអស់នៅកម្ពុជា។

ព្រោះថា សព្វថ្ងៃស្រមោលនៃអំពើប្រល័យពូជសាសន៍នេះហាក់កំពុងរុករកល្បិចកលដើម្បីជ្រៀតរកជ្រកកោន ក្នុងការប៉ុនប៉ងដណ្ដើមអំណាចក្រោមទម្រង់ផ្សេងៗ ដូចជាបញ្ហាបដិវត្តន៍ពណ៌ និងការបំភ្លៃព័ត៌មាននៅលើបណ្ដ្ដោញសង្គម ពីក្រុមប្រឆាំងងប់ងុលជ្រុលនិយមមួយក្ដាប់តូច ដែលតែងតែបង្កបង្កាត់ភ្លើងសង្រ្គាមម្ដងហើយម្ដងទៀត មកលើជាតិនិងប្រជាជនកម្ពុជាដែលកំពុងរស់នៅក្រោមដំបូលសន្តិភាព និង អភិវឌ្ឍ។

បើពោលឲ្យចំ បច្ចេកវិទ្យាសម័យទំនើបកំពុងបង្ហាញជាដាវមុខពីរ ក្នុងនោះបើយើងនិយាយអំពីភាពអវិជ្ជមានវិញគឺ ទី១៖  អាចឲ្យក្រុមប្រឆាំងដែលងប់ងល់ជ្រុលនិយមងាយបំភ្លៃព័ត៌មានដែលនាំឲ្យមានភាពវឹកវរវីវក់ដល់សន្តិសុខជាតិយ៉ាងងាយនិងឆាប់រហ័ស ទី២ ៖ អាចធ្វើឲ្យប្រជាពលរដ្ឋសាមញ្ញងាយទទួលយកនូវការបញ្ជ្រាបផ្នត់គំនិតអវិជ្ជមានឃោរឃៅរបស់ពួកគេដែលជាហេតុងាយបង្កគ្រោះថ្នាក់ដល់ប្រជាជាតិទាំងមូល។
ហេតុនេះទន្ទឹមនឹងការវិវត្តនៃបច្ចេកវិទ្យាសម័យទំនើបនេះ ក៏មានការធ្វើឲ្យមានផលប៉ះពាល់ដល់កត្តាសេដ្ឋកិច្ច វប្បធម៌ និងប្រជាសាស្រ្តក្នុងការបង្កនូវអំពើប្រល័យពូជសាសន៍ផងដែរ។

ជាសរុបលោក រ័ត្ន សណ្តាប់ បញ្ជាក់ថា អំពើប្រល័យពូជសាសន៍ជាឧក្រិដ្ឋកម្ម ក្រោមច្បាប់អន្តរជាតិ អនុសញ្ញាស្តីពីការទប់ស្កាត់ និងការដាក់ទណ្ឌកម្មនៃឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ដែលជាកិច្ចព្រមព្រៀងឆ្នាំ១៩៤៨ គឺជាការប៉ុនប៉ងបំផ្លាញជាតិសាសន៍ ពូជសាសន៍ ឬសាសនា មួយផ្នែកឬមួយក្រុមឬទាំងមូល។ ពាក្យប្រល័យពូជសាសន៍ជាភាសាអង់គ្លេស Genocide ដោយរួមបញ្ចូលគ្នានូវពាក្យវប្បធម៌ក្រិក Genos (កុលសម្ព័ន្ធ ឬពូជសាសន៍) ជាមួយនិងពាក្យឡាតាំង Cide (ដើម្បីសម្លាប់) ជាវិសាលភាពនិងភាពឃោរឃៅនៃការសម្លាប់រង្គាល។

ហេតុនេះរបបកម្ពុជាប្រជាធិបតេយ្យរបស់ខ្មែរក្រហមគឺជា"របបប្រល័យពូជសាសន៍ដោយស្វ័យប្រវត្តិ" ព្រោះវាបានសម្លាប់ប្រជាជននៅទូទាំងប្រទេស ជំនួសឲ្យការផ្តោតលើផ្នែកឬការផ្តោតលើក្រុម។ ដូច្នេះទិវាចងចាំថ្ងៃទី២០ ឧសភា ជារៀងរាល់ឆ្នាំ គឺជាការបិទបញ្ចប់ទាំងស្រុងនិង ជាស្ថាពរនូវអំពើប្រល័យពូជសាសន៍ដើម្បីកុំឲ្យកើតមានសារជាថ្មីម្តងទៀត មកលើប្រជាជននិងមាតិភូមិកម្ពុជាដ៏ស្រស់បវរនៃយើងតរៀងទៅ៕